Friday, August 17, 2012

យី​ង​ឡាក់​ចង់​អោយ​សភា​ពិភាក្សា​អំពី​ការ​ដកទ័ព​ចេញពី​តំបន់​ព្រះវិហារ​

​រដ្ឋាភិបាល​របស់​លោក​ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​នឹង​ស្នើ​សភា​អោយ​សំរេច​ថា​តើ​ថៃ​គួរ​អនុវត្តតាម​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​អោយ​​ថៃ​និង​កម្ពុជា​ដកទ័ព​ចេញពី​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ដែរ​ឬ​អត់​។​

​យោងតាម​ប្រភព​ព័ត៌មាន គោលបំណង​នៃ​ការដាក់អោ​សភា​សំរេច​នេះ​ដើម្បី​កុំអោយ​រដ្ឋាភិបាល​ធ្វើការ​សំរេចចិត្ត​បញ្ហា​រសើប​ដែល​អាច​ប៉ះពាល់​ដល់​​ទំនាក់ទំនង​រវាងរដ្ឋាភិបាល​និង​កងកម្លាំងប្រដាប់អាវុ​ធ​ថៃ​។​

​ប្រភព​បាន​និយាយ​ទៀត​ថា​បញ្ហា​នេះ​ត្រូវ​រំពឹងថា​នឹង​លើក​មក​ពិចារណា​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់ៗ​ហើយ​បើ​គំនិត​នេះ​នឹង​ត្រូវ​បាន​អនុម័ត​​គណៈរដ្ឋមន្ត្រី​នឹង​បញ្ជូន​បញ្ហា​ទោះ​អោយ​សភា​ធ្វើការ​ពិភាក្សា​និង​បោះឆ្នោត​សំរេច​។​

​កាលពី​ថ្ងៃ​១៨​កក្កដា​ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​អោយ​កម្ពុជា​និង​ថៃ​ដកទ័ព​ជាបន្ទាន់​ចេញពី​តំបន់​គ្មាន​កងទ័ព ជា​តំបន់​ដែល​គ្រប​​ដណ្តប់​លើ​ផ្ទៃដី​១៧,៣​គីឡូម៉ែត្រ​ការ៉េ​។​

​តែ​ទោះជា​យ៉ាងណា​ពួក​នាយទាហាន​និង​អ្នកការទូត​នៅ​ខ្វែងគំនិត​គ្នា​អំពី​ថា​តើ​ត្រូវ​ធ្វើ​តាម​បញ្ជា​នេះ​ដែរ​ឬ​អត់​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា​គោលជំហរ​របស់​យោធា​មិនបាន​ផ្លាស់ប្តូរ​ទេ តែ​ការទាក់ទង​និង​សម្របសម្រួល​ជាមួយ​ពួក​មេដឹកនាំ​នយោបាយ​បាន​​ល្អប្រសើរ​ឡើង​។​

​ពួក​មេៗ​ទ័ព​នឹងមិន​ដក​ទាហាន​ទេ​ដរាបណា​គ្រាប់មីន​នៅ​មិនទាន់​ដោះ​ចេញ​ទាំង​ស្រុង​នៅក្នុង​កិច្ចខិតខំ​រួមគ្នា​មួយ​ជាមួយ​ភាគី​កម្ពុជា នេះ​បើ​តាម​ការ​​អះអាង​របស់​ប្រភពព័ត៌មាន តែ​លក្ខខណ្ឌ​នេះ​ត្រូវបាន​គេ​យល់​ជាទូទៅ​ថា​មិន​ងាយ​សំរេច​បាន​ទេ​។​

​ជំហរ​របស់​យោធា​ថៃ​គឺ​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិនមាន​យុត្តាធិការ​នៅ​ថៃ​ទេ ដូច្នេះ​ការអនុវត្តន៍​តាម​បញ្ជា​ជា​ការ​មិន​ចាំបាច់​។​

​ការសំរេច​របស់​រដ្ឋាភិបាល​យីង​ឡាក់​ក្នុង​ការបញ្ជូន​បញ្ហា​នេះ​ទៅ​អោយ​សភា​សំរេច​ជា​ចំណាត់ការ​វៃឆ្លាត​មួយ ដោយ​មិន​ថា​លទ្ធផល​នៃ​ការពិភាក្សា​ក្នុង​​សភា​ចេញ​យ៉ាងណាទេ រដ្ឋាភិបាល​អាច​ដក​ខ្លួន​ចេញ​ពិ​បញ្ហា​ដ៏​រសើប​នេះ​យ៉ាង​ពិតប្រាកដ​៕