Thursday, May 2, 2013

ទស្សនៈវិភាគ៖ នយោបាយ​ទឹកឡើង​ត្រីស៊ី​ស្រមោច ទឹកហោច​ស្រមោច​ស៊ីត្រី របស់​គណបក្ស​សង្គ្រោះ​​ជាតិ នឹង​នាំមក​​នូវ​គ្រោះ​អាសន្ន​ដល់សង្គម​

          ពិធីបែបនយោបាយមួយ ត្រូវបានប្រារព្ធធ្វើ​នាឱកាសរំឭកខួប៣៨ឆ្នាំ នៅថ្ងៃ១៧មេសា​នៅ​មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង​ឯក ដែលសំដៅដល់ពួក​ខ្មែរក្រហមចូល​កាន់កាប់​ក្រុងភ្នំពេញ​ដោយ​ចាប់​ផ្តើមអនុវត្តរបប៣ឆ្នាំ៨ខែ២០ថ្ងៃគេឃើញលោកសមរង្ស៉ីមេបក្សប្រឆំាងដែលរស់នៅបែបនិរទេខ្លួនដោយ​​​​​​​​​ខ្លួនឯង បានថ្លែងបរិហារខ្លំាងក្លាតាម​ទំ​នើង​ចិត្តមកលើ​រាជ​រដ្ឋាភិបាល​​ តាមរបៀប​«នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ថា នៅពេលបក្សគេឈ្នះឆ្នោត​ខាងមុខ ពួកគេនឹង​មាន​ផែន​ការ”ប្រល័យចោល” នូវ​រដ្ឋាភិបាល​បច្ចុប្បន្ន ។ តើមហិច្ឆិតាបែបនេះ​ត្រូវសំអាងទៅលើ​ហេតុការណ៍​​បែបណាខ្លះ?​

          បើ​គ្រាន់​តែត្រឹម​ជាឧទាហរណ៍​ ក៏មហាជន​អាចស្រមៃបាន​ភ្លាម​ថា ប្រទេសជាតិនឹង​ត្រូវ​ជួប​នូវ​ភាព​ចលាចល និង​គ្រោះ​មហន្តរាយ​ បើ​សិន​ផែន​ការនោះ​ត្រូវ​បាន​អនុវត្តពិត​មែន​។

          ការណ៍នេះបឋម គឺនៅក្នុងសុន្ទរកថាដ៏វែងតាមឧគ្ឃោសនស័ព្ទ ​លោកសម រង្ស៉ីបានថ្លែងតាម​ទូរស័ព្ទពី​សហរដ្ឋអាមេរិកថា ”កង់យុត្តិធម៌”បានរំកិលទៅមុខយឺតណាស់ចាប់តំាង​ពីការដួល រលំ នៃរបបខ្មែរ​ក្រហមនៅ​ឆ្នាំ១៩៧៩ ហើយសមាជិករបស់រដ្ឋាភិបាល​​ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ​។

 នៅក្នុងជំនឿរបស់មេបក្ស​ប្រឆំាង​​​ដែល​លើកពី​ពាក្យ ”កង់យុត្តិធម៌”  មានន័យដូចគ្នាទៅនឹង​ការអួតក្អេងក្អាងរបស់ខ្មែរក្រហម​ដែល​ធ្លាប់ប្រើ​ក្រោមម្លប់ដ៏ត្រជាក់ គឺពាក្យថា ”កង់ប្រវត្តិសាស្រ្ត” វិលទៅមុខមហាលោតផ្លោះ​មិនឈប់ឈរ​មក​សំអាង​ដូចគ្នានេះ គឺពិតជាការគួរឲ្យ​អ្នកផង​ត្រឹះរិះមើលផងដែរ​ថា  តើពួកគេ ​ប៉ុនប៉ង​ និង​ប្រុងប្រៀបខ្លួនយ៉ាងណា​ខ្លះដើម្បីបំផ្លិចបំផ្លាចរដ្ឋាភិបាលបច្ចុប្បន្ននេះឲ្យវិនាសសាប​សូន្យ​​?​ តើហេតុអ្វី​បាន​ជា​បក្ស​ប្រឆាំង​ប្រកាសប្រយុទ្ធប្រឆំាង​នឹងស្នាដៃ​ដ៏ប្រពៃរបស់រដ្ឋាភិបាលសម័យ​តេជោ​  នេះទៅវិញ?  ក្រៅ​ពី​នេះ ក៏នៅមានបញ្ហាជាច្រើន​ទៀតដែល​ត្រូវតែ​លើក​យក​មកដាក់ចោទសួរ ព្រោះរឿងរ៉ាវ​ទាំងនេះអាចកើតមានរិតតែធ្ងន់ធ្ងរខ្លាំងបានជាពុំខាន ។

          តើ​បក្ស​ប្រឆាំង​មាន​ឥទ្ធិពល​កំ​រិត​ណា​ និង​ផ្អែក​លើទឡ្ហី​ករណ៍​អ្វី​ខ្លះ​ ដើម្បីចាប់​ផ្តើម​ធ្វើ​ការងារដែល​បំ​ពាន​ឆន្ទៈប្រជាពល​រដ្ឋ និង​បំ​ផ្លាញ​សន្តិសុខជាតិនោះ?

          ការថ្លែងដ៏គួរឲ្យសង្ស័យរបស់លោកសមរង្ស៉ីនៅ​ត្រង់ថា បើនិយាយពីថ្ងៃ១៧មេសា ​គឺចាំបាច់​ត្រូវ​ចាប់ផ្តើមនិយាយពីរដ្ឋប្រហារនៃរបបលន់នល់ទំលាក់សម្តេចព្រះនរោត្តមសីហនុ ដែលមាន​សហរដ្ឋ​អាមេរិក​នៅពីក្រោយខ្នង ដូចសេចក្តីចែងក្នុងលិខិតរបស់ព្រះអង្គម្ចាស់សិរីមតៈ ដែលសុខចិត្ត​ស្លាប់ គឺបដិសេធយ៉ាង​ដាច់ខាត​នូវការនិរទេស​ទៅសហរដ្ឋអាមេរិកបានផ្ញើរជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចំា​ក្រុងភ្នំពេញ​ថា  ”ខ្ញុំមានកំហុសតែមួយគត់ គឺជឿទៅលើប្រទេសឯកឧត្តម”  ។

 ត្រង់ចំណុចនេះ        លោកសម រង្ស៉ី  ដែលកំពុង​ស្នាក់នៅសហរដ្ឋអាមេរិក​ស្រាប់គួរ តែជ្រាប​ ​ហើយមាន​ចិត្តខ្លះក្នុងការស្នើទៅរដ្ឋាភិបាលអាមេរិកឲ្យ​ពិចារណា​នូវទង្វើ​របស់​ខ្លួន ដែលបានប្រព្រឹត្តមកលើ​ប្រជាជន​កម្ពុជា​នាពេលនោះ​ ដើម្បីជួយសម្រាលនូវការឈឺ​ចាប់​ខ្លះៗ​របស់ប្រជាជនកម្ពុជា។ជាពិសេស គឺបំណុលកម្ពុជា ដែលជំពាក់សហរដ្ឋអាមេរិក​ នាសម័យនោះ​ប្រមាណ​៤០០លាន​​​ដុល្លារ ដែលកម្ពុជាខ្ចីយកមកធ្វើសង្គ្រាម ហើយដែលអាមេរិក​ក៏ធ្លាប់បានទំលាក់​គ្រប់បែក​រាប់ម៉ឺន​តោន​នៅក្នុងទឹកដីកម្ពុជាផងដែរ ។

          ត្រង់ចំណុចនេះ យើងឃើញទៀតថា លោកសម រង្ស៉ី ហាក់ពុំបាននឹកនាលើករឿងរាវទាំងនេះ​បា្រប់ម្តងណាសោះទៅដល់​សហរដ្ឋ​អាមេរិក​ ដែលជាមេបុព្វហេតុនាំឲ្យកម្ពុជា​ត្រូវទទួលរងនៅការឈឺចាប់ខ្លាច​ផ្សានោះទេ ។ ប៉ុន្តែបែរជា​ឃើញ​លោក​សម រង្ស៉ី ​ងាកមកថ្កោលទោសរដ្ឋាភិបាល ដែលជា​អ្នករំដោះ​ប្រជាជន​កម្ពុជា​​ឲ្យរួចផុតពីអំពើប្រល័យពូជសាសន៍​នេះទៅវិញ ហើយដែលសព្វថ្ងៃនេះត្រូវបានពិភពលោក​ទទួលស្គាល់​ដោយបង្កើតឲ្យមានតុលាការអន្តរជាតិកំពុងដំណើរក្តីជាភស្តុតាងស្រាប់។
            ហេតុនេះ តើអ្វីទៅជាជំហរពិតនៃការ​ឈឺចាប់របស់លោកសម រង្ស៉ី​ នៅក្នុងរបបវាល​ពិឃាត? ប្រាកដណាស់ ​គឺលោកសម រង្ស៉ី គ្រាន់តែខ្ចីទីកន្លែង​នៃជនរងគ្រោះ ដើម្បី​បើកវេទិកាវាយប្រហារ​មកលើរាជរដ្ឋាភិបាល ក្នុងគោលបំណង​បំរើឲ្យមហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

          ការពិតដែលត្រូវជជែកគ្នាបន្តទៀតនៅត្រង់ថា ​តើលោកសម រង្ស៉ី ពិតជាបានប្រុង​ប្រៀបខ្លួនច្បាស់​លាស់​ក្នុងការទទួលយល់ព្រមថា របបខ្មែរក្រហមពិតជាឃោរឃៅ ប្រល័យពូជសាសន៍ដូចអ្វីដែល​លោក​បានរៀបចំ​នៅ​ក្នុងពិធីនោះហើយឬនៅ? បើទទួលយល់ព្រមហើយ! ត្រង់ចំណុចនេះគឺប្រាកដណាស់​ថា ថ្ងៃ៧មករា គឺជា​ថ្ងៃរំដោះ​ប្រជាជនកម្ពុជាពិតប្រាកដមែន។  ដូច្នេះកាតព្វកិច្ចដែល​នូវសេសសល់ ដែល​លោកត្រូវ​បំពេញ​​​ក្នុងនាមអ្នក​នយោបាយ​​មានឈាមកតញ្ញូចំពោះជនរងគ្រោះ គឺត្រូវធ្វើការលាងសំអាត​ក្នុងអារម្មណ៍​ ជា​របៀប​សីលធម៌នូវ​កំហុសខុសឆ្គង​របស់ខ្លួន​ឯង  ដែលប្រព្រឹត្តកន្លងមក គឺការប្រឆំាងនឹងច្បាប់ដាក់ខ្មែរ​ក្រហម​ឲ្យនៅ​ក្រៅ​ច្បាប់កាលពីនីតិកាលទី១​នៃរដ្ឋសភា​ ដោយធ្វើការសុំទោសទៅ​ជនរងគ្រោះ ​ជាសាធារណៈឲ្យ​សមដូច​យើងឃើញ កាំង ហ្គិចហ្គោវ ហៅឌុច  ជាគំរូ​ភស្តុតាង​ស្រាប់ ។
ការណ៍ចុងក្រោយនេះ ប្រសិនបើលោកសម រង្ស៉ី មិនបំពេញ​ទេ មានន័យថា លោកពិតជា​មិនចូល​ចិត្ត​ទទួលរងនូវអំពើជំទាស់ឡើយ ហើយជាពិសេសគឺការរំខាន ដែលមិនឲ្យសំរេច​បាននូវបញ្ហា​ទំាងប៉ុន្មាន​ដែលលោក​សង្ឃឹម​​ថា ឆ្អិនល្មម​អាស្រ័យ​​បានមុន នោះផង ។ ហើយដែល​លទ្ធផលចុង​ក្រោយ​គឺប្រជាជនកម្ពុជា​ដែលជាអ្នករងទុក្ខដូចសេចក្តី​រំពឹង​ទុករបស់សម្តេចតេជោហ៊ុនសែន ដែលបានព្រមានថា បើបក្សប្រឆំាង​ឈ្នះឆ្នោតមុខតែបានរុញច្រាន​កម្ពុជា ឲ្យធ្លាក់​ក្នុង​ ”សង្គ្រាមផ្ទៃក្នុង  ជាក់ជាពុំខាន  បើដូច្នេះ​ នយោបាយ​ប្រល័យ​គ្នា​រវាងត្រី នឹង ស្រមោច ច្បាស់ជា រស់ ឡើង វិញ ម្តង ទៀត ប្រសិនបើបក្សប្រឆំាងឡើងកាន់អំណាច ។ តែបើ​ងាកមកនិយាយ ពីនយោបាយបែបនេះ ​គឺទើបតែត្រូវបាន បញ្ចប់ ទាំងស្រុងក្នុង សម័យតេជោ នេះ​តែប៉ុណ្ណោះ ព្រោះប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាជន ត្រូវបានរស់យ៉ាងសុខក្សេមក្សាន្ត ជា​មហា​គ្រួសារ​ខ្មែរតែមួយ គ្មានការបែងចែកបក្ខពួក ឬពណ៌សម្បុរអ្វីឡើយ ។ រីឯនៅក្នុងការនិយាយពីរ​ការ​ហាត់រៀន​កាន់របប​ប្រជាធិបតេយ្យ​នេះទៀត​សោត​ក៏ពុំមែនធ្វើទៅកើតក្នុងរយៈកាល​តែមួយថ្ងៃបានទេ គឺត្រូវ​ប្រព្រឹត្ត​នៅកិច្ចការបន្ត​បន្ទាប់ជាប់ជា​ហូរហែរឥត​ឈប់​ឈរ ​ដូចគ្នានឹងកិច្ចការកសាងជាតិយ៉ាងដូច្នោះដែរ 

ដោយ៖ រ័ត្ន សណ្តាប់