Thursday, May 2, 2013

សមាជិក​​រដ្ឋ​សភា​នៃ​​សាធារណ​រដ្ឋ​​អាស៊ែបៃស​ង់​​វាយ​​តម្លៃ​​ខ្ពស់​ចំពោះ​​ការ​​អភិវឌ្ឍន៍​​ក្នុង​​ព្រះ​រាជា​​ណា​​ចក្រ​​កម្ពុជា

ឯកឧត្តម Asaf Hajiyev សមាជិករដ្ឋសភា នៃ​សា​ធារណរដ្ឋ​អាស៊ែបៃសង់ បាន​ជំរាប​ជូន​សម្តេច​អគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ថា លោក​បាន​សង្កេត​ឃើញ​ថា ព្រះរាជាណា​ចក្រ​កម្ពុជា​ ជាពិសេស​រាជ​ធានី​ភ្នំ​ពេញ​មានសោភ័ណ​ភាព​ល្អ​ជា​ទី​បំផុត ជាមួយ​គ្នានេះ​លោក​បានសិក្សា​ និងស្វែង​យល់​ឃើញថា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី កម្ពុជា​មា​នការ​អភិវឌ្ឍ និង​កាន់​តែ​ល្អប្រសើរ​ឡើង​ជា​លំដាប់ដែល​លោក​សូម​វាយ​តម្លៃ​ខ្ពស់។ ឯកឧត្តម Asaf Hajiyev បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​​សមជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២២១៣ នៅ​វិមាន​សន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យដឹង​ថា ឯកឧត្តម Asaf Hajiyev បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​នៃការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​អាស៊ែ​បៃ​សង់​ថ្មី ​ក្នុងអំឡុង​ពេល​កិច្ច​ប្រជុំ​គណៈកម្មការ (ICAPP) លើកទី១៨ នោះ​គឺជា​សញ្ញា​ដ៏វិជ្ជមាន​មួយ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា​ និង​អាស៊ែបៃសង់ ហើយអាស៊ែបៃ​សង់​មាន​បំណ​ង​យ៉ាង​ខ្លាំង​ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការរ​វាង​ប្រទេស​ទាំងពីរ។ ជាមួយ​គ្នានេះ ឯកឧត្តម Asaf Hajiyev ក៏បាន​គោរព​អញ្ជើញ​សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី ទៅ​ធ្វើទស្សនកិច្ច​នៅអាស៊ែបៃសង់​ផង​ដែរ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ក៏បានឯកភាព​ជាមួយឯកឧត្តម Asaf Hajiyev ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំងពីរ ដោយសម្តេចតេជោមានប្រសាសន៍ថា អាយ​កាប់ និង​អនុ​ស្សរ​ណៈ​ដែល​បានចុះហត្ថលេខា​ជាមួយគ្នា​រួចមក​នោះ គឺជាមូលដ្ឋាន​សម្រាប់កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សអាស៊ែបៃសង់ថ្មី ហើយវា​ជាមូល​ដ្ឋាន​​នៃកិច្ច​សហ​ប្រតិបត្តិការ​រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ។

ពាក់ព័ន្ធទៅនឹងឯកឧត្តម Asaf Hajiyev អញ្ជើញសម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​ទៅធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋអាស៊ែបៃសង់ សម្តេចតេជោ​សូម​ទទួល​យកនូវការអញ្ជើញនេះ នៅពេល​វេលា​​ដ៏សមស្របណាមួយ៕