Thursday, May 2, 2013

សម្តេច​​តេជោ​៖​គ្មាន​​អ្វី​​ខ្លាំង​​ជាង​​កម្លាំង​​យុវជន​​ទេ​

លោក ស សុខា មាន​វ័យ​៣៣​ឆ្នាំ ជា​កូនប្រុស​របស់​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បានសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ប្រកាស​ជាថ្មី​ម្ត​ងទៀត​នាព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០១៣ ក្នុង​ពិធីបញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​ពោធិ៍​ មង្គល​ស្ថិតក្នុង​ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែងថា ជាបេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​នាថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាង​មុខ​នេះ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ផ្ញើ​ក្មួយ​របស់ខ្ញុំ​ជា​មួយ​អ្នក​ព្រៃ​វែង​ផង ដើម្បី​ថែរក្សា​សមិទ្ធផល​ទាំងឡាយ​ដែល​លោក​ឪពុក ឪពុកធំ ជាពិសេស​សមិទ្ធផល​របស់​គណបក្ស​ប្រជា​ជន​បាន​កសាង​ឡើង ហើយ​នេះ​មិន​មែន​ជា​បញ្ហា​គ្រួសារ​និយម បក្សពួកនិយម​ទេ ប៉ុន្តែ​ជា​ការ​បន្ត វេន​ព្រោះថា ពួកយើងខ្ញុំ​ចាស់ៗ​អស់ហើយ​ អ្វី​ក៏បាន​ចាប់​ផ្តើម​ពី​គ្រូ​បឋមសិក្សា​ដែរ ហើយ​អ្វី​ក៏​ចាប់​ផ្តើម​ពី​យុវជន​ដែរ។ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ថា គណបក្ស​ប្រជាជន​មាន​ត្រឹមតែ ១២០ អាសនៈ​ទេ ​បូក​នឹង​អ្នក​ត្រៀម​បម្រុង​ជាង ២០០នាក់ ហើយ​យុវជន​យើង​មាន​រាប់​លាន​នាក់ ដូច្នេះ​យើង​ត្រូវ​មាន​ការ​ជ្រើសរើសយុវជន ដែល​ក្នុងនោះកូនប្រុស​ឯកឧត្តម ជាម យៀប ក៏​ឈរ​ជា​តំណាងរាស្ត្រ នៅ​បាត់ដំបងដែរ​។​

រំលឹក​ទៅ​ដល់​ការវាយតម្លៃ​ណាមួយ​ចំពោះ​យុវជន​ជា​ បេក្ខភាព​តំណាងរាស្ត្រគណបក្ស​ប្រជា​ជន​កម្ពុជា ដោយ​មាន​ដាក់​រូប​យុវជន​ទាំង​នោះ​ដូចជា​តុក្កតា​នៅក្នុង ​Facebook ជា​ដើម​ សម្ដេច​តេជោបាន​មាន​ប្រសាសន៍​ថា «​បើសិន​គេ​ហ៊ាន​មើលងាយ​យុវជន​បាន​សេចក្ដី​ថា​នយោបាយ​របស់​គេ​ចប់​, ដូច្នេះ​ទុក​ឱ្យ​គេ​មើលងាយ​យុវជន​ចុះ​»​។ សម្ដេច​តេជោនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អ្វី​ក៏​បាន​ចាប់ផ្ដើម​ពី​គ្រូ​បឋម​ដែរ ហើយ​អ្វី​ក៏​ចាប់ផ្ដើម​ពី​យុវជន​ដែរ​។ «​គ្មាន​អ្វី​ខ្លាំង​ជាង​កម្លាំង​យុវជន​ទេ»។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏រំលឹក​ឱ្យ​ឃើញ​ផង​ដែរ ​អំពី​ការចាប់ផ្ដើម​ធ្វើ​ការងារ​ដំបូង​របស់​សម្ដេច និង​ថ្នាក់ដឹកនាំ​ដទៃទៀត​របស់​គណបក្ស​ប្រជាជន​ដែល​មាន​អាយុ​ជាង​៣០​ឆ្នាំ​ ដូច​យុវ​ជន​​បន្តវេន​ដែល​ឈរ​ឈ្មោះ​នេះ​ដែរ ​តែ​ម្យ៉ាង​ទៀត​ពួក​យុវជន​បន្តវេន​ក្រោយនេះ ម្នាក់ៗ​សុទ្ធតែ​បាន​មាន​ចំណេះដឹង​ខ្ពស់​បាន​ឆ្លងកាត់​ការរៀនសូត្រ​ពីរ​បី​ប្រទេស​។ ​សម្ដេចតេជោបាន​អរគុណ និង​កោតសរសើរ​ ​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ក៏ដូចជា​យុវជន​កាកបាទក្រហម​កម្ពុជា​ដែល​បានធ្វើ​សកម្មភាព​ជាច្រើន​ក្នុង​រយៈពេល​កន្លងមក​នេះ​។​

ដោយ​បាន​រំលឹក​ឡើងវិញ​នូវ​សម្តី​របស់​គណបក្សប្រឆាំង​ដែល​លើក​ឡើង​ថា គណបក្ស​ប្រជា​ជន​ខ្វះ​ធនធានមនុស្ស​ព្រោះ​ដាក់​តែ «ហ៊ុន សែន» ហ្នឹង មិន​ដាក់​អ្នក​ផ្សេង​នោះ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «ធន​ធាន​មនុស្ស​សម្រាប់​ធ្វើជា​នាយ​ក​រដ្ឋមន្ត្រី​ឧទាហរណ៍ ឬ​រដ្ឋមន្ត្រី​ឧទាហរណ៍​មិន​លំបាក​ទេ រើស​ប៉ុន្មាន​ក៏បាន​ដែរ ប៉ុន្តែ​ធ្វើ​នាយករដ្ឋមន្ត្រី​ពិតប្រាកដ​ទើប​ជា​ការ​លំបាក។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ពន្យល់ថា ការចាំបាច់​របស់​យើង​នៅ​ទី​នេះ​ គឺ​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​នូវ​អ្នក ដឹកនាំ​ផ្នែក​អាណាចក្រ​ថា តើ​គេ​អាច​ដឹកនាំ​ប្រទេស​ត្រឹមត្រូវ​ទេ ជាពិសេស​គណបក្ស​កាន់​អំណាច គណ​បក្ស​ដែល​ខ្លួន​ត្រូវការ​ជ្រើសរើស។ តើ​បោះ​ដើម្បី​ផ្ទេរ​ពី​សន្តិភាព​ទៅកាន់​សង្គ្រាម ផ្ទេរ​ពី​សន្តិភាព​ទៅកាន់អស្ថិរភាព? ​ឬ​បោះ​ដើម្បី​រក្សា​សន្តិភាព រក្សា​នូវ​ការ​អភិវឌ្ឍ រក្សា​នូវ​អ្វីៗ​ដែល​មាន​ក្នុង​ដៃ​រួច​មក​ហើយ? ឬក៏​បោះ​ទៅតាម​ការសន្យា​ខ្យល់? ហើយ និង​កំពុងតែ​គម្រាម​កំហែង​មកកាន់​អស្ថិរភាព​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​អាច​នឹង​មាន​ជម្លោះផ្ទៃក្នុង​កើត​ឡើង​បន្ថែម​ទៅ​ដោយ​ជម្លោះ​ជាមួយ​ ប្រទេស​ជិត​ខាង។

ឯកឧត្តម ហាស់ សារ៉េត អភិបាលខេត្ត​ព្រៃវែង​បានឱ្យដឹងថា វត្ត​ពោធិ៍​មង្គល ​ដើមឡើយ​មានឈ្មោះ​ថា វត្ត​ចំបក់​ដែល​បាន​កសាងឡើង​តាំងពី​ឆ្នាំ​១៧៤៣​។​ ​នៅក្នុង​របប ប៉ុល ពត វត្ត​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​គ្មាន​សល់ លុះ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ជីវិត​ព្រះពុទ្ធ​សាសនា​បាន​រស់​ឡើង​វិញ​ វត្ត​ពោធិ៍​មង្គល ​ក៏​ត្រូវបាន​ចាប់ផ្តើម​កសាង​ឡើង​វិញ​ផង​ដែរ​។ 

រហូតមកដល់​បច្ចុប្បន្ន​វត្ត​នេះ​បាន​ទទួល​សមិទ្ធផល​ជាច្រើន​ដូចជា​ ព្រះវិហារ​ដែល​ត្រូវ​បញ្ចុះ​ខណ្ឌ​សីមា​នៅថ្ងៃនេះ​រួម​ទាំង​កុដិ​ឧបដ្ឋានសាលា សាល​ពុទ្ធិកសិក្សា ខ្លោងទ្វារ របង​វត្ត អណ្តូង​ទឹក​។​ល​។

​ចំពោះ​ព្រះវិហារ​ដែល​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ត្រូវបាន​ ចាប់ផ្ដើម​កសាង​ជា​បណ្ដើរៗ​តាំងពី​ឆ្នាំ​២០០៧​មក​ដោយ​មាន​ការរួម​ចំណែក​ ថវិកា​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​មន្ត្រី​នានា​របស់​គណបក្ស​ប្រជាជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដោយ​ចំណាយ​លើ​ការសាងសង់ ១២៥.៤០៨​ដុល្លារ​ប៉ុន្តែ​ដោយ​ការសាងសង់​នៅ​ខ្វះ​ថ្លៃ​ជាង​ចំនួន​១១.១៩៧​ ដុល្លារ​នោះ​សម្ដេច​តេជោបាន​ប្រគេន​បច្ច័យ ១១.២០០​ដុល្លារ​ដើម្បី​ទូទាត់​ថ្លៃ​សាងសង់​ឱ្យ​ដាច់​ស្រេច​។​

សម្តេច​តេជោនាយករដ្ឋមន្ត្រីបាន​កោតសរសើរ​ចំពោះ​ការខិតខំ និង​ការចូលរួម​ទាំងឡាយ​ជា​ពិសេស ការចូលរួម​នៃ​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ដែល​ធ្វើឱ្យ​សម្រេច​បាន​សមិទ្ធផល​នានា នៅក្នុង​ស្រុក​មេសាង​ក៏ដូចជា​នៅ​ទូទាំង​ខេត្ត​ព្រៃវែង​ក្នុង​នោះ​ រួមទាំង​សមិទ្ធ​ផល​នៅ​វត្ត​សិរី​មង្គល​នេះ​ផង​។ បន្ថែម​លើ​នេះ​សម្ដេច​តេ​ជោបាន​រម្លឹក​អំពី​ទំនាក់ទំនង​ដែល​មិន​អាច​ផ្ដាច់​ ពី​គ្នា​បាន​រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​នៅក្នុង​សង្គម​កម្ពុជា ហើយ​សម្ដេច​បង្ហាញ​នូវ​មោទនភាព​ជា​ថ្មី​ម្ដងទៀត​ថា​នយោបាយ​នៃ​ការធ្វើឱ្យ​ មាន​ការរីកចម្រើន ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​ការកសាង​វត្ត​អារាម​នេះ​គឺជា​ផ្នែក​មួយ​ នៃ​គោលនយោបាយ​សម្រាប់​មនុស្សចាស់ និង​សម្រាប់​យុវជន​និង​កុមារ​។

សម្តេច​តេជោ​សែនក៏​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរថា សម័យ​ក្រោម​ការដឹកនាំ​របស់​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន ក្រោម​ការដឹកនាំ​របស់​ខ្ញុំ​ដែល​រួម​ជា​មួយ​គ្នា​ គឺ​បាន​ផ្តល់​ឱកាស​សម្រាប់​ការ​ជឿ​របស់​ប្រជា​ជន មិន​ថា ព្រះពុទ្ធសាសនា​ ឬ​សាសនា​ដទៃ​ទៀត ដែល​មាន​ទាំង​ឥស្លាម​សាសនា គ្រឹះ​សាសនា…បាន​រស់នៅ​ជាមួយគ្នា​ដោយ​គ្មាន​ជម្លោះសាសនា​នោះទេ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​ជា​បេក្ខភាពនាយករដ្ឋមន្ត្រីរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ប្រកាសឲ្យ​ដឹង​ផង​ដែរ​ថា សម្ដេច​នឹង​នៅ​តែ​ផ្ទះ​នៅ​ក្នុង​រយៈពេល​មួយ​ខែ ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខនេះ វា​ដូចជា​អ្វី​ដែល​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា នៅ​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មក​ដល់​ក្នុង​រយៈ​ពេល​មួយ​ខែ គឺ​ខ្ញុំ​ត្រូវ​សម្រាក​នៅផ្ទះ ដែល​ជា​ទម្លាប់​ខ្ញុំ​មិន​ចេញ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ខ្លួនឯង​ទេ ដោយ​ទុក​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត។ សម្តេច​តេ​ជោ​ថ្លែង​ថា ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ​ដល់​ថ្ងៃទី២៨ ខែ​កក្កដា ដែល​ជា​ថ្ងៃ​បោះឆ្នោត ខ្ញុំ​អត់​មាន​និយាយ​អ្វី​ទេ​ បាន​សេចក្តី​ថា កម្មវិធី​ទាំងឡាយ​ត្រូវ​ធ្វើ​ឲ្យ​រួចរាល់​មុន​ថ្ងៃ​ឃោសនាបោះឆ្នោត​មកដល់ ដែល​នេះ​ជា​ទម្លាប់​របស់ខ្ញុំ ចាប់​តាំងពី​ឆ្នាំ១៩៩៨ មក​ម្ល៉េះ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍ឲ្យ​ដឹង​ផង​ដែរ​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សម្តេច​មាន​ភាព​មមាញឹក​ក្នុង​កម្មវិធី​សម្ពោធសមិទ្ធ​ផ​ល​សង្គម ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ បន្ទាប់ពី​បាន​ផ្អាក​កម្មវិធី​ទាំង​ឡាយ​ចាប់ពីចុង​ឆ្នាំ២០១២ នៅ​ពេល​ដែល​ប្រទេសជាតិ​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​សម្ដេច​ផ្ទាល់​បាន​ធ្វើ​ជាប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន រួម​ជាមួយ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​សព ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជបិតា ឯក​រាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «ព្រះ​បរម​រតន​កោដ្ឋ» រហូតមក​ដល់​ដើមខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៣ ដែល​ធ្វើ​ឲ្យ​សម្តេច​មិន​អាច​បើក​ការសម្ពោធ​អ្វីៗ​បានឡើយ​៕