Thursday, May 2, 2013

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ​ សុខ អាន តំណាង​សមាជិក​​អចិន្ត្រៃយ៍​ (ICAPP) ពេល​ជួបអគ្គ​លេខា​ធិការ​​បក្ស​កុម្មុយនីស្ត​​វៀត​ណាម​

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​សមាជិកណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​បាន​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) តែងតាំង​ជា​តំណាង​ ក្នុង​ឱកាស​ចូល​សម្តែង​ការគួរ​សម​ជាមួយ​ ឯកឧត្តម ន្វៀង ភូចុង (Nguyen Phu Trong) នៅទីក្រុង​ហាណូយ​នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

នៅព្រឹកថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៣ ក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជាធ្វើ​មាតុភូមិនិវត្តន៍ពីការ​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី ដែល​រៀបចំ​ដោយ​គណបក្ស​កុម្មុយនីស្តវៀតណាម​នៅ​ទីក្រុង​ហាណូយ ចាប់​ពី​ថ្ងៃ​ទី២៤-២៦ ខែមេសា ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម​ត្រូវ​បាន​សមាជិកនៃ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ីធ្វើ​ជា​តំណាង ដើម្បី​សរុប​រាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំក្នុង​ឱកាសចូល​ជួប​សម្តែង​ការ​គួរ​សមជាមួយឯកឧត្តម ន្វៀង ភូចុង (Nguyen Phu Trong) អគ្គ​លេ​ខា​​ធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​នា​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៣។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី​១៩ នៃ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ​ទទួល​បានលទ្ធផល​ល្អ នៅ​ក្នុងការ​ធ្វើឲ្យ​អាយខាប់​ ដែល​មាន​គណបក្ស​នយោបាយ​ជាង​ ៣០០ ដែល​មាន​អាសនៈនៅ​ក្នុង​សភា មាន​តួនាទី​សំខាន់ និង​ក្លាយ​ជា​ស្ថាប័ន​សម្រប​សម្រួល​មួយ​​នៅ​ក្នុង​ពិភពលោក​។

យោង​តាម​របៀប​វារៈនៃ​ប្រជុំ​លើក​ទី​១៩ នៃសមាជិក​អចិន្ត្រៃយ៍​របស់​​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) បាន​សម្រេច​បញ្ចូលតំណាង​​គណបក្ស​នយោបាយមក​ពី​ប្រ​ទេស​ចំនួន​៤ ទៀត ជាសមា​ជិក​​អចិន្ត្រៃយ៍ ដែល​ធ្វើ​ឲ្យសមាជិក​អចិន្ត្រៃយ៍ ​នៃ​អង្គការ​សន្និ សីទ​អន្តរជាតិ​នៃ​គណ​បក្ស​នយោ​បាយ​អាស៊ីកើន​ដល់ ​២២ប្រទេស។ កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា​ពី​កម្ម​វិធី​នា​ពេល​ខាង​មុខ គឺ​ការ​ប្រជុំ​នៅ​ក្នុង​ប្រទេស​តួកគី ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការរវាង​អាយខាប់ និង អង្គការ COPPAL នៅអាមេរិក​ឡាទីន។

កិច្ច​ប្រជុំ​ក៏​បាន​ស្តាប់​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការប្រជុំ​លើក​ទី​១ នៃ​ចលនា​ស្ត្រី នៃ​អង្គការ ICAPP ដែល​ប្រព្រឹត្ត​កន្លងទៅ​នៅ​ទីក្រុង Baku ប្រទេស Azaibaijian ពីថ្ងៃ​ទី ៤ ទៅ ៦ ខែមេសា ឆ្នាំ​២០១៣ កន្លង​ទៅ។ ទាក់​ទង​នឹង​ការ​លើកកម្ពស់​​ស្ត្រី​នៅ​ក្នុង​អាយខាប់​នេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ឲ្យ​ដឹង​ថា អាយខាប់ នឹង​អញ្ជើញ​ស្ត្រី​ជា​មេដឹកនាំសំខាន់ៗ​ចំនួន​ ៣រូប រួម​មានៈ លោក​ជំទាវ ប៉ាក់ ហ្គិនហេ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក​ជំទាវ​យីងឡាក់ នាយករដ្ឋមន្ត្រី​ថៃ និង​លោកស្រី អ៊ួង សាន​ស៊ូជី មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា មក​ធ្វើជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ អាយខាប់។

ដោយ​ឡែក​ទាក់​ទង​នឹង​ចលនា​យុវជន​របស់​អាយខាប់ ដែល​មាន​ ឯកឧត្តម សុខ សុកាន ជា​អនុប្រធាន និង​ឯកឧត្តម សួស យ៉ារ៉ា ជា​អគ្គលេខាធិការ​ នឹង​ទៅ​ចូល​រួម​ប្រជុំ​នៅ​ ​ប្រទេស Azaibaijian នា​ពេល​ខាង​មុខ។

​ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នាទីក្រុង​ហាណូយ​​​នេះ ប្រតិភូ​ទាំង​អស់​បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទពិសោធន៍អំពី​បញ្ហា​ភិវឌ្ឍន៍​បៃតង ក្នុង​នោះ​គឺ​ស្វែងរក​នៅ​ចំណុច​ឯកភាព​មួយ នៅក្នុងការអភិវឌ្ឍន៍​ប្រ​ទេស​​ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ហា​ជីវភាព​សង្គម និង​បញ្ហា​បរិ​ស្ថាន​សង្គម និង​បេតិកភណ្ឌ។ទាក់​ទង​នឹង​សន្និសីទពិសេស អំពី​ការអភិវឌ្ឍបៃតងនេះដែរ ​ប្រទេស​ចិន​នឹងទទួល​រៀបចំការ​ប្រជុំ​បន្ត​ទៀត នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៣ នា​ទីក្រុង​ស៊ី​អាន ខេត្ត​សាន់​ស៊ី ខាងមុខ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន ក៏បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​អំពី​គម្រោង​នៃ​កិច្ច​ប្រជុំមួយ​នៅ​ទីក្រុងខាទុម នៃ​ប្រទេស​ស៊ូដង់ នា​ពេល​ខាង​មុខឆាប់ៗ​នេះ រវាង​​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី និងអង្គការ COPPAL ដែល​ជា​ចលនា​នយោបា​យ​មួយ​នៅ​ក្នុង​ប្រ​ទេស​​អាមេរិក​ឡាទីន និង​ចលនាខាបឌី នៅ​ប្រទេស​អាហ្វ្រិក។ គោល​បំណង​ គឺការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណបក្សនយោបាយ​រវាង​ទ្វីប​ទាំង​បី គឺ​អាស៊ី-អាហ្វ្រិក និង​អាមេ​រិក​ឡាទីន។​

សូម​បញ្ជាក់​ថា អង្គការ ICAPP ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០០។ នៅ​ចុង​ឆ្នាំ២០១០ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ​សន្និសីទ​លើក​ទី៦ នៃ​អង្គការ​សន្និ​សីទ​​​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP)៕