Thursday, May 2, 2013

ឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន៖ រាជ​រដ្ឋាភិបាល​​សម្តេច​​តេជោនៅ​តែ​​​បន្ត​​យុទ្ធ​នា​ការ​​វាស់​វែង​​ដីធ្លី​នេះ​​រហូត​​សម្រេច​​បាន​​តាម​ផែន​ការ​​កំណត់

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​អះអាង​នា​ព្រឹក​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០១៣ នៅ ខេត្ត​តាកែវថា ដរា​ប​ណា​រាជ​រដ្ឋាភិបាល​នៅតែ​ដឹក​នាំ​ដោយ​សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​ ដីធ្លី​ទាំង​អស់​របស់​ប្រជា​កសិករ​ដែល​ប្រើប្រាស់ជា​លក្ខណៈ​គ្រួសារ​ នឹង​មិន​ត្រូវ​បាន​យក​ពន្ធ​នោះ​ឡើយ។

ក្នុង​ពិធី​ចែក​ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ១៥៩១គ្រួសារ នៅ​ក្នុងឃុំ​ព្រះបាទ​ជាន់​ជុំ ឃុំ​គិរីចុងកោះ ឃុំ​ព្រៃ​អំពក ​ស្រុក​គីរីវង់ និងឃុំ​អូរសារាយ ឃុំ​ត្រពាំង​ធំ​ខាង​ជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ការចែកប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ​ ឆ្លុះ​បញ្ចាំងឱ្យឃើញ​អំពី​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ការ​ធានា​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ សំដៅ​លើក​កម្ពស់​ជីវភាព​ សុខុមាលភាព​ និង​ការកាត់បន្ថយ​ភាព​ក្រី​ក្រ ​ព្រម​ទាំង​រួម​ចំណែក​ដល់ការ​ពង្រឹង​យុត្តិធម៌​និង​ស្ថិរភាព​សង្គម។ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា រាជរដ្ឋា​ភិ​បាល​បាន​និងកំពុង​អនុវត្ត​គោល​នយោបាយ​និងយុទ្ធសាស្រ្ត​នានា ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រជា​កសិករ និងអភិវឌ្ឍ​វិស័យ​ក​សិកម្ម ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការកសាង​ប្រព័ន្ធ​ធារាសាស្រ្ត និងការផ្តល់​សេវា​គាំទ្រនានា ព្រមទាំង​គោល​នយោបាយ​អភិវឌ្ឍជនបទ សំដៅ​បង្កើត​ឱកាស​ឱ្យ​កាន់​តែ​ប្រសើរ ​ជូន​ប្រជាពលរដ្ឋ​ក្នុងការបង្កើន​ចំណូល​ប្រចាំគ្រួសារ​។ ដូច្នេះការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លីនេះ គឺ​ពិតជាបានរួមចំណែកជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជា​ពល​រដ្ឋខិតខំ​បង្កើន​ផលិតភាព ក៏​ដូចជា​ការវិនិយោគក្នុង​វិស័យ​កសិកម្មឱ្យកាន់តែ​ខ្លាំងឡើង​ថែម​ទៀត​។

នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មីលើ​វិស័យ​ដីធ្លី ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា  ចាប់តាំង​ពីពាក់​កណ្តាល​ឆ្នាំ២០១២​មក រាជរដ្ឋាភិ​បាល​បាន​បើក​យុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លីប្រមាណ​ជិតពីរលាន​ហិកតា បើ​គិត​ជាក្បាល​ដី​គឺប្រមាណ ៧០ ម៉ឺន​ក្បាល​ដី សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៤៧ម៉ឺនគ្រួសារ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីជំនាញ​បច្ចេកទេស​វាស់វែង​និងក្រុម​ក្មួយៗ​វីរៈ​យុវជន​ស្ម័គ្រ​ចិត្ត សរុប​ជាង ៣ពាន់​នាក់។ ដោយ​ឡែក នៅ​ក្នុងខេត្តតាកែវ ការ​វាស់​វែងផ្តល់​កម្ម​សិទ្ធិ​ដីធ្លីបាន​អនុវត្តន៍​លើ​ឃុំ​ចំនួន​១៥ ក្នុង​ស្រុកគីរីវង់ និង​ស្រុក​ត្រាំកក់ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តី​ជំនាញ​បច្ចេក​ទេសចំនួន ១១នាក់ និង​យុវជនស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ចំនួន ៣៦នាក់។ ជាលទ្ធផល បើ​គិត​មក​ត្រឹម​ថ្ងៃនេះ យើង​បាន​បំពេញ​សាលាកបត្រ​ព័ត៌មាន​ចំនួន ១២ ០៩៦ក្បាល​ដី និងបានបញ្ចូល​សម្រង់​បញ្ជីឈ្មោះ​ម្ចាស់​ដី​បានចំនួន​ ៩​ ៤១៣គ្រួសារ។ កន្លងមក យើងបានចែកប័ណ្ណកម្មសិទ្ធិ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋនៅ​ក្នុងខេត្តតាកែវយើងនេះ បានចំនួន ៥ ២០៣ប័ណ្ណ រួចមកហើយ។

ទាក់​ទង​នឹងការ​អនុវត្ត​ការអនុវត្ត​គោលនយោបាយ​ចាស់​សកម្ម​ភាពថ្មី ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យុទ្ធនាការវាស់វែង​ដីធ្លី​នេះ​រហូត​សម្រេច​បាន​តាមផែនការ​កំណត់។ ដូច្នេះ ចំពោះ​ប​ងប្អូន​ដែល​មាន​ដី​ពុំទាន់បាន​ទទួល​ការ​វាស់​វែងពី​ក្រុមការងារ សូមកុំមាន​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​ក្រុមការងារ​វាស់វែង​​ដីធ្លី​របស់​យើងកំពុង​អនុវត្ត​ការងារ​របស់ខ្លួន​ជាបន្តបន្ទាប់​ តាមផែនការ​ដែល​បាន​គ្រោងទុក ហើយ​នឹង​បន្តធ្វើរហូតដល់​ចប់ជា​ស្ថាពរ។

ឯកឧត្តម ស្រី បេន អភិបាល​ខេត្ត​តាកែវ បានឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី៥ ដែល​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចុះមក​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្តតាកែវ។

ក្នុង​ពិធី​ចែក​ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋនៅ​ស្រុក​គីរីវង់ និង​ស្រុក​ត្រាំកក់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែលជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន ចុះ​ជួយ​ខេត្ត​តាកែវ បាន​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​អំពីការ​ឃោសនា ទាក់​ទង​នឹង​ការ​តម្លើង​ប្រាក់​ខែជូនមន្ត្រី​រាជការ កម្មករ បង្ក​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ គឺ​ជាការ​ភូតកុហក់ បើពិនិត្យលើ​ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​សព្វ​ថ្ងៃ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសា​សន៍​ឲ្យ​ដឹង​ថា ដោយសារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព និង​មាន​ស្ថិរភាព​នយោបាយ ក៏​ដូច​ជា ការ​ដាក់​ចេញ​នយោបាយ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទុន​ជា​ច្រើន​មក​រក​ស៊ី​នៅកម្ពុជា ជា​ពិសេស​លើ​វិស័យឧស្សាហកម្ម​កាត់ដេរ ដែល​បង្កើ​ន​ការ​ងារ​ជូន​ពលករ​ខ្មែរ​ជាង ៥០ម៉ឺន​នាក់ ដោយ​មាន​បៀរវត្សរ៍សមរម្យ និង​ខ្ពស់​ជាង​ប្រទេស​ដទៃខ្លះ​ទៀត។

ទាក់​ទង​នឹង​ការ​តម្លើង​ប្រាក់​ខែ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រោងចក្រ គឺ​ជា​ក្រុមហ៊ុន​ឯកជន​ ដូច្នោះប្រាក់ខែ វា​ទាក់​ទង​នឹង​ផលិតភាព​នៃកា​រ​ងារ។ បើកម្មករ​កាន់​តែ​មាន​ជំនាញ ប្រាក់​ខែ​ក៏​ត្រូវ​ឡើង​ខ្ពស់​ទៅ​តាម​នោះ​ដែរ។ ទាក់​ទង​នឹង​បៀរ​វត្សរ៍​មន្ត្រី​រាជការ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា មាន​ជាមធ្យម ១២០ដុល្លារ​អាមេរិក ដែល​កាល​ពី​ឆ្នាំ១៩៩៣ មាន​ប្រមាណ​ ១៨ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​គោល​ការណ៍​កំណត់ការ​ផ្តល់​ប្រាក់​បៀរវត្សរ៍​ជូន​មន្ត្រី​រាជការ បុគ្គលិករដ្ឋ គឺមាន​ត្រឹម​តែ ៤% នៃ​ផល​ទុន​សរុប​របស់​ជាតិ​ ឬមិន​ឲ្យ​លើសពី ៤០% នៃការ​ចំណាយ​ចរន្ត​ក្នុង​ថវិកា​របស់​ជាតិតែ​ប៉ុណ្ណោះ។ ដូច្នោះ​បើ​យោង​តាម​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេស​កម្ពុជា ការ​ឃោសនា​របស់អ្នក​នយោបាយ​ប្រឆាំង​អំពី​ការ​តម្លើង​ប្រាក់​បៀរវត្សរ៍​គឺ​ជាការ​ភូតកុហក់ និង​ជាការ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ។

ទោះ​បី​យ៉ាង​ណា​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ខិត​ខំ​ដើម្បី​តម្លើង​បៀរវត្សរ៍ទៅ​តាម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ។ ​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​ថា សព្វថ្ងៃ​យើង​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍​រីក​ចម្រើន មានភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ទុន​បរទេស​មក​ច្រើន គឺ​ដោយ​សារ​រាជរដ្ឋាភិបាល​សព្វថ្ងៃ ការ​ប៉ុនប៉ងដូរ​ថ្មីគឺ​ជាការ​ដូរ​យក​អ្នក​ពូកែ​និយាយ​ភូតកុហក់​តែ​ប៉ុណ្ណោះ៕