Thursday, May 2, 2013

បទ​អត្ថា​ធិប្បាយ៖ មុខរ​បរ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​គ្មាន​តំលៃ​ធ្វើ​អោយ​ចាប់​អារម្មណ៍

ការធ្វើបាតុកម្មតាមការគ្រោងទុករបស់បក្សប្រឆាំង ដើម្បីទាមទារអោយមានការកែទម្រង់ គណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត នាព្រឹក​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ មានការចាប់អារមណ្ម៍តិចតួចណាស់ពីមហាជនអ្នកបោះឆ្នោតក្នុងស្រុក។​ នៅមុន​ថ្ងៃ​ធ្វើ​បាតុកម្ម មេដឹកនាំបក្សប្រឆាំងបានលើកឡើងថា នឹងមានអ្នកចូលរួមការធ្វើបាតុកម្មចំនួនបួនពាន់នាក់​។ វា ច្បាស់ណាស់ដែលថា ការ​ធ្វើ​បាតុ​កម្មជាសិទ្ធិសេរីភាព ដែលត្រូវបានផ្តល់​​ជូនដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ហើយពលរដ្ឋម្នាក់មានសិទ្ធិចូលរួមដោយសេរី ដើម្បី​សម្តែង​អំពី គោលបំណង​របស់ ពួកគាត់។​ ប៉ុន្តែ ការធ្វើបាតុកម្មរបស់បក្សប្រឆាំងកាលពីសប្តាហ៍មុនមានការចាប់អារម្មណ៍តិចតួច ណាស់​ពី​មហាជន​អ្នកបោះឆ្នោតទូទៅ។

មានកត្តាជាច្រើនដែលបានធ្វើអោយមហាជនអ្នកបោះឆ្នោតមិនចាប់អារមណ្ម៍នឹងការធ្វើបាតុកម្មរបស់បក្សប្រឆាំង៖

ទីមួយ មហាជនអ្នកបោះឆ្នោតបានពេញចិត្តនឹងសន្តិភាព ស្ថេរភាពនយោបាយ និង សន្តិសុខសណ្តាប់សង្គម ដែលត្រូវបានធានា និងរក្សា​ការពារ​បានយ៉ាងរឹងមាំដោយរាជរដ្ឋាភិ បាលគ្រប់គ្រងអំណាច ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ព្រោះមហាជនអ្នកបោះ ឆ្នោត​កំពុងមានឱកាសប្រកបរបបរទទួលទាន ហើយអ្នកវិនិយោគិនបរទេសបាន និងកំពុងមាន ជំនឿលើរាជរដ្ឋាភិបាលអំពីសន្តិភាព និង​ស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ផ្គួបផ្សំ ជាមួយនឹងលំនឹងម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព ដែល​ជាកត្តា​ទាក់ទាញ​ដល់ការ​វិនិយោគ​ទុ​នពី បរទេស។

ទីពីរ រាជរដ្ឋាភិបាលបាន និងកំពុងប្រកាន់យកការកែទម្រង់គ្រប់វិស័យ។ ការកែទម្រង់ បានធ្វើអោយស្ថាប័នជាតិមានសមត្ថភាពរឹងមាំ វិស័យ​ច្បាប់ ធនធានមនុស្ស និងការរីកចំរើនស្ទើរ គ្រប់វិស័យ។ ភាព​ក្រី​ក្រ​របស់​ប្រជាជន​ត្រូវបាន​កាត់​បន្ថយ​មក​ដល់​ប្រហែល​១៩​ភាគ​រយ​ក្នុង ឆ្នាំ២០១៣។​ ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់មានប្រហែល១០០០ដុល្លារ។​ រាជរដ្ឋាភិបាល រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រហែល​​៧ភាគរយក្នុងឆ្នាំ២០១៣។ លទ្ធផលដ៍ល្អទាំងនេះ បាន ធ្វើអោយប្រជាជនទូទៅបានពេញចិត្តនឹងការរីកចំរើនទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ផ្ទាល់ខ្លួន។

ទីបី ប្រជាជនទូទៅបានយល់ដឹងច្បាស់អំពីស្ថានភាពពិតប្រាកដក្នុងប្រទេស ដែលទាក់ ទងនឹងសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែល​បាននិងកំពុងចាក់គ្រឹះយ៉ាងរឹងមាំ។ ប្រជាជន គ្រប់រូបយល់ដឹងថា ពួកគាត់កំពុងមានសិទ្ធិ សេរីភាព​ ហើយ​ទទួល​បាន​នួវ​សិទ្ធិ​ជា​ពលរដ្ឋ សិទ្ធិ នយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។

ទីបួន មហាជនអ្នកបោះឆ្នោតបានយល់ដឹងអំពីការបោះឆ្នោតនៅកម្ពុជា។ ព្រោះកម្ពុជា បានរៀបចំការបោះឆ្នោតជាតិចំនួន ៥ លើក​ចាប់​តាំង​ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៨ ក្នុងនោះការ បោះឆ្នោតជាតិចំនួន៣លើក ត្រូវបានរៀបចំដោយគណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះ  ឆ្នោត។ ​ការបោះឆ្នោតព្រឹទ្ធសភាចំនួន៣លើក ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ចំនួន៣លើក។ ហើយ​ការ​បោះ​ឆ្នោត​មួយលើកៗ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា បានប្រព្រឹត្តិទៅដោយយុត្តិធម៌ សេរី និងត្រឹមត្រូវ។

សរុបសេចក្តីមក ការធ្វើបាតុកម្មរបស់បក្សប្រឆាំងគ្មានតំលៃធ្វើអោយមហាជនអ្នកបោះ ឆ្នោតចាប់អារម្មណ៍ឡើយ។ ការទាម​ទារ​អោយ​កែ​ទម្រង់​គណៈ​​កម្មាធិការ​ជាតិរៀបចំការ​បោះ ឆ្នោតរបស់បក្សប្រឆាំង គឺមិនមែនជាសមត្ថកិច្ចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទេ។ ហើយអ្វី​ដែ​លបក្សប្រឆាំងទាមទារត្រូវបានគណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត បាននឹង កំពុងអនុវត្តរួចហើយដែរ។ ការ​រៀប​ចំការ​បោះ​ឆ្នោតត្រូវអនុវត្តតាមច្បាប់ដែលរដ្ឋសភាកម្ពុជា បានអនុម័ត។  
           
ដោយ ឡុង សុគុណ