Thursday, May 2, 2013

ឯកអគ្គ​​រដ្ឋ​ទូត​​ម៉ាឡេ​ស៊ី​​បញ្ចប់​​អាណត្តិ​​កោត​សរសើ​​រាជរដ្ឋាភិបាល​​កម្ពុជាដែល​​ធ្វើ​ឲ្យ​​បេសក​កម្ម​ការ​ទូត​រ​បស់​​លោក​​ទទួល​​បាន​ជោគជ័យ

ឯកឧត្តម ដា​តុ​មហាម៉ាត់ ​ហ៊ូ​សេន (DATUK​ MOHD HUSSEIN)​ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ នា​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០១៣ ក្នុង​ឱកាស​ចូល​ជួប​ជម្រាប​លា​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នៅ​វិមាន​សន្តិភាព បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី និង​មន្ត្រីរាជការ​កម្ពុជា​ទាំង​អស់​ដែល​បាន​ផ្តល់​នូវ​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ពេញទំហឹង​ក្នុង​ឱកាស ដែល​ឯកឧត្តម​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ទទួល​បាន​ជោគ​ជ័យ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីបាន​ឲ្យ​ដឹង​ថា ឯកឧត្តម ដាតុមហាម៉ាត់ ហ៊ូសេន បានមានប្រសាសន៍ថា អ្វីៗ​បាន​ដំណើរការ​យ៉ាង​ល្អជា​ទីបំផុត​ ជា​ពិសេស​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ​គឺ​សុទ្ធ​សឹង​ជា​ការ​ជួយ​អំពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ដែល​ធ្វើឲ្យ​ការងារ​របស់​លោក​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចប្រជុំ​ទាំងនេះ បាន​ទទួល​លទ្ធផល​យ៉ាង​ល្អប្រសើរ។ ឯកឧត្តមឯកអគ្គរាជទូត​​ក៏បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​លើកទឹកចិត្ត​របស់​រាជ ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មកកាន់​កម្ពុជា។

ឯកឧត្តម ដា​តុ​មហាម៉ាត់ ហ៊ូ​សេន មានប្រសាសន៍ថា អ្នក​វិនិយោគ​ម៉ាឡេស៊ី បាន​មក​កម្ពុជា​កាន់តែ​ច្រើន ជាពិសេស​ក្នុង​ឆ្នាំ​កន្លងទៅ ​ហើយ​ទំហំ​ពាណិជ្ជកម្ម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន​រួម​ទាំង​ការនាំចេញអង្ករ និង​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ ​ហើយ​មាន​ជំនឿ​ជឿជាក់​យ៉ាង​ខ្លាំង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​នឹង​កើនឡើង​ខ្លាំង​ថែមទៀត។

សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា អាណត្តិ​របស់​ឯកឧត្តម ដាតុមហាម៉ាត់ ហ៊ូសេន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អ្វីៗ​បាន​ដំណើរការ​យ៉ាង​ល្អ ជា​ពិសេស​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​បណ្តា​បក្សនយោបាយ​នៅ​អាស៊ី (ICAP) កិច្ច​ប្រជុំ​អាស៊ី​បូព៌ា រួម​នឹង​ដំណើរ​ទស្សនកិច្ច​ផ្សេងៗ​ទៀត ក៏ដូចជា​ការរៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ជា​មួយ​អ្នក​វិនិយោគ​ម៉ាឡេស៊ី និង​ការរៀបចំ​ឲ្យ​មាន​ជំនួប​រវាង​សម្តេច និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ។

សម្តេច​តេជោ​បានមាន​ប្រសាសន៍​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ដាតុមហាម៉ាត់ ហ៊ូ​សេន ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំង​កាយ​ចិត្ត ​ជំរុញ​លើកទឹកចិត្ត​អ្នក​វិនិយោគ ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ី។ សម្តេច​តេជោ​ក៏​បាន​ជូន​ពរ​ឯកឧត្តម ​ឯកអគ្គរាជទូត ​ឱ្យទៅ​បំពេញបេសកកម្ម​ការទូត​នៅ​កន្លែង​ផ្សេងៗ​ទៀត​សំរេច​បាន​ជោគជ័យ៕