Thursday, May 2, 2013

ថ្នាក់​​ដឹក​នាំ​​កំពូល​​អាស៊ាន​​អំពាវ​នាវ​​ឲ្យ​​ប្រកាន់​​យក​​វិធាន​ការ​​សន្តិភាព ចំពោះ​បញ្ហា​​វិបត្តិ​​នៅ​​ឧបទ្វីប​កូរ៉េ​​និង​​សមុទ្រ​​ចិន​​​ខាង​​កើត

 ឯកឧត្តម កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០១៣ ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យ​ប្រជុំ​ចង្អៀត នៅ​ទីក្រុង​បាន់ដាសេរី បេហ្កាវ៉ាន នៃ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ ដារូសាឡឹម ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​អំពាវ​នាវឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ឲ្យ​ប្រកាន់​យក​វិធានការ​សន្តិភា​ព​ចំពោះ​មុខ​វិបត្តិ​ទាំងឡាយ ដែល​បាន និង​កំពុង​តែ​កើត​មាន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​កើត​រវាង​ចិន និង​ជប៉ុន។

នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ការ​ធ្វើមាតុភូមិ​និវត្តន៍​ដោយសុវត្ថិ​ភាព​របស់​គណៈ​ប្រតិ​ភូជាន់​ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ពីកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២២ នៅ​ប្រទេស​ប៊្រុយណេ​ដារូសា​ឡឹម ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំង​អស់ បាន​សំដែងនូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​សភាព​ការ​ណ៍​នៃកា​រវិវត្តន៍​ចុង​ក្រោយ​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បាញ់មីស៊ីល។ ថ្នាក់​ដឹក​នាំទាំ​ង​អស់ បាន​ធ្វើ​ការអំពាវនាវ​ដល់​ភាគី​ពាក់ពន្ធ័​ទាំង​អស់​ឲ្យប្រកាន់​យក​ភាព​អត់ធ្មត់ និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​សេចក្តី​សំរេច​ចិត្ត​នានា​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហ​​​ប្រជា​ជាតិ និង​ការប្តេជ្ញា​ចិត្ត​របស់​ពូកគេ​នៅក្នុង​សេចក្តី​ប្រកាស​រួម​ស្តីពី​កិច្ចចរចា ៦ភាគី នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៥ និងបានពិភាគ្សា​ផង​ដែរ ​លើ​បញ្ហា​សមុទ្រ​ចិនខាងកើត ដោយ​បាន​សំដែង​នូវ​ក្តីព្រួយបារម្ភ​បាន​កើតឡើង​រវាង​ប្រទេសចិន និង​ជប៉ុន ដែល​អាច​ជះឥទ្ធពល​មក​ដល់​តំបន់​ជាពិសេស​បញ្ហាសន្តិភាព​ស្ថិរ​ភាព​នៅក្នុង​តំបន់ ដែល​អាចជះ​ឥទ្ធិពល​មក​ដល់​តំបន់​អាស៊ាន​ផង​ដែរ។

ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​បញ្ជាក់​ជាថ្មី​ពីការ​គាំទ្រ​យ៉ាង​ពេញ​លេញ​របស់​អាស៊ាន ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់ ដើម្បី​នាំ​មក​នូវ​ឧបទ្វីបកូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ព្រម​ទាំង​ការ​បន្ត​កិច្ច​ចរចា ៦ភាគី​ឲ្យបាន​ឆាប់។ ជា​មួយ​គ្នានេះ​បណ្តា​ថ្នាក់​ដឹកនាំ​អាស៊ាន ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​ទាក់ទិន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ដទៃទៀត ហើយ​ចំពោះ​ក្រុម​ប្រទេសមាន​ឧស្សាហកម្ម​លូតលាស់ ២០ (G20)​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់​ បានវាយ​តំលៃ​ខ្ពស់ស​ម្រាប់ការ​អញ្ជើញ​របស់​សហពន្ធ័រុស្ស៊ី​ចំពោះ​ប្រធាន​អាស៊ាន ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល G20 នៅ Petersburg នៅ​ខែកញ្ញា ឆ្នាំ២០១៣ និង​កិច្ចប្រជុំ​ពាក់ពន្ធ័​នានា​ក្នុង​ឆ្នាំ​២០១៣ នេះ។

លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​នេះដែរ ថ្នាក់​ដឹកនាំទាំ​ងអស់​បានគូស​បញ្ជាក់​ពីសារៈសំខាន់​នៃ​គោល​ការណ៍ ៦ចំណុច របស់​អាស៊ាន​ស្តីពី​សមុទ្រ​ចិន​ខាង​ត្បូង សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់ភាគី​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង (DOC) និង​សេចក្តី​ប្រកាស​រួម​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​ចិន​ស្តីពី​ខួប ១០ឆ្នាំ នៃសេចក្តី​ថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់ភាគី​នៅសមុទ្រ​ចិន​ខាង​ត្បូង​ផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ានសង្ឃឹមថា នឹងបន្តធ្វើការ​ជាមួយ​ប្រទេស​ចិន ក្នុង​ការអនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់ភាគី​នៅសមុទ្រចិន​ខាង​ត្បូង ក្នុង​នោះ​រួមមាន​សកម្ម​ភាព និង​គម្រោង​កិច្ចសហ​ប្រតិបត្តិការ​រួម និង​ការ​អនុម័ត​ឲ្យបា​នឆាប់​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ចំពោះ​បញ្ហា​តំបន់​នេះ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ពិភាក្សា និងបាន​ស្នើសុំឲ្យ​មានតួនាទី​ក្នុងវេទិកា​ក្របខ័ណ្ឌតំ​បន់អា​ស៊ាននេះ ដោយសារ​កូរ៉េខាង​ជើងក៏ជា​សមាជិក​នៃវេទិកាតំ​បន់អាស៊ាន​នេះ​ដែរ។

ក្នុង​ដំណើរ​ការកសាង​សហគមន៍​សង្គមវប្បធម៌​អាស៊ាន ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រ​សាស​ន៍​ថា ថ្នាក់ដឹកនាំ​អាស៊ានទាំង​អស់បាន​វាយតំលៃ​ខ្ពស់ ចំពោះប្រ​ទេសប្រ៊ុយណេ ដែល​បាន​ផ្តល់ការគាំទ្រ​ទាំងហិរញ្ញវ​ត្ថុចំពោះ​ការវិភា​គថ្នាក់តំបន់ លើការ​ពិនិត្យ​ឡើង​វិញ​ពាក់​កណ្តា​ល​អាណត្តិ​ក្នុងការ​អនុវត្ត​ផែនការ​លម្អិត​ស្តីពី​សហគមន៍​សង្គមវប្បធម៌​អាស៊ាន ដូចបាន​ប្រកាស​នៅ​ខែ​មីនា ឆ្នាំ២០១៣ ដោយ​បាន​សង្ឃឹម​ថា នឹង​ទទួល​របាយការណ៍​នៃ​ការពិនិត្យ​ឡើង​វិញ​ក្នុង​ឱកាស​នៃកិច្ចប្រជុំ​កំពូល​លើកទី​២៣។ នៅ​ក្នុងទំនាក់ទំនង​ខាង​ក្រៅថ្នាក់ដឹក​នាំទាំង​អស់​បាន​ស្វាគមន៍​ចំពោះការ​បន្ត​ទទួល​ស្គាល់នូ​វតួនាទី​ស្នូល​របស់​អាស៊ាន នៅ​ក្នុងនិម្មាបនកម្មតំ បន់ និង​បញ្ជាក់ជា​ថ្មី​ពីការប្តេជ្ញាចិត្ត​របស់​អាស៊ាន ដើម្បី​ធ្វើ​ការ​យ៉ាងជិ​តស្និទ្ធជា​មួយ​ដៃ គូទាំង​អស់​របស់​អាស៊ាន ក្នុង​ដំណើរការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ឆ្ពោះ​ទៅរក​ការសម្រេច​បាន​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ២០១៥។

ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់ បាន​បញ្ជាក់ជា​ថ្មីពី​ការប្តេជ្ញា​ចិត្ត​របស់​អាស៊ាន ដើម្បីធានា​បាន​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​មិន​ប្រើការគំរាមកំហែង ឬកម្លាំងយោ​ធាតាមរ​យៈ​ការ​ពិគ្រោះ​យោបល់​ដោយភាព​ស្និទ្ធស្នាល ដោយ​អនុលោម​ទៅតាមគោ​លការណ៍​ជាសកល នៃ​ច្បាប់​អន្តរជាតិ​ក្នុង​នោះ រួមមាន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ និង​បន្ត​ប្រកាន់​ភាពអត់ធ្មត់​អនុវត្ត​នូវ​សកម្មភាព​នានា។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាននៅ​ប្រទេស​ប្រ៊ុយណេ ឯកឧត្តម កៅ គឹមហួន មានប្រសាសន៍ឲ្យ​ដឹង​ថា សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​អំពីការឲ្យ​មានការវាយ​តម្លៃឡើង​វិញ​នូវផែន​ការមេ​នៃ​ក្រប​ខ័ណ្ឌ​សង្គមវប្បធម៌​អាស៊ាន ក៏ដូច​ជាឲ្យពិនិត្យមើល​ឡើង​វិញនូវផែនការមេទី២ និង​ស្នើឲ្យពិនិត្យ​មើល​អំពីលទ្ធភាព​ក្នុងការ​បង្កើត​ផែនការ​ទី៣ នៃគំនិត​ផ្តួចផ្តើម​សមាហរណ​កម្ម​អាស៊ាន​នេះ។

ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងកិច្ច​ប្រជុំ​អាស៊ាន​នោះ ប្រធាន​អាស៊ាន​បាន​ស្នើ​ចំនួន​បី​ចំណុច
ទី១- លើកលែង​ទិដ្ឋាការឆ្លង​ដែន រវាង​ប្រទេស​អាស៊ាន
ទី២- អាស៊ា​នទាំង ១០​ប្រទេស ត្រូវ​មាន​ច្រក​អន្តរជាតិ​មួយ​សម្រាប់​ប្រជាជន​អាស៊ាន
ទី៣- សម្រាប់ធុរៈ​កិច្ចអាស៊ាន គឺស្នើ​ឲ្យអ្នក​ដែល​មានប័ណ្ណ សម្រាប់​ធុរៈកិច្ច​អាស៊ាន​អាចឆ្លង​ទៅ​មកប្រទេស​អាស៊ាន​បាន​ដោយ​សេរី។ ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា  ប្រមុខ​មេដឹក​នាំ​អាស៊ាន​ទាំង​១០ ក៏​បានគាំទ្រទៅ​លើ​សំណើរ​នោះ​ដែរ។

ក្នុងការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ថ្នាក់ដឹកនាំ​ទាំងអស់​បានពេញ​ចិត្ត​ចំពោះ​វឌ្ឍន​ភាព​របស់សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ក្នុងនោះ​វិធានការ​ជាង​២០០ ឬ៧៧,៥៤% នៃ​ផែន​ការ​លម្អិត​របស់ស​ហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​អនុវត្ត។ ជាមួយ​គ្នានេះថ្នា​ក់ដឹក​នាំ​អាស៊ាន ក៏បា​នធ្វើការ​កត់សំគាល់​ថា ចាប់​តាំងពីការ​អនុម័ត​នៃផែន​ការ​លម្អិត​របស់​សហគមន៍​សេដ្ឋ​កិច្ចអាស៊ាន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០០៧ ចំណូល​ប្រជាជនម្នាក់ៗ​នៅក្នុង​តំបន់​បាន​កើន​ឡើង​ពី ២ ២៨៩ ដុល្លារអា​មេរិកដល់ ៣ ៧៥៩ ដុល្លារអាមេរិកក្នុងឆ្នាំ២០១២។ ថ្នាក់ដឹកនាំ ទាំង​អស់​បាន​កត់សំគា​ល់ថា ការចរចានៃ​ភាពជាដៃ​គូសេដ្ឋកិ​ច្ចគ្រប់ជ្រុ​ងជ្រោយក្នុ​ងតំ​បន់ នឹងចាប់ផ្តើម​នៅ​ខែឧសភាឆ្នាំ២០១៣ នៅទីក្រុងបាន់ដាសេរី បេហ្កាវ៉ាន។

ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថា មេដឹកនាំអាស៊ាន​ទាំងអស់​បានអនុម័ត​លើ​អនុសាសន៍​របស់រដ្ឋ​មន្រ្តីអាស៊ាន ស្តីពីបែបបទ​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​តំបន់ អាស៊ាន (ARMAC) និងជម្រុញ​ឲ្យបង្កើតមជ្ឈមណ្ឌល​នោះឲ្យបានក្នុងឆ្នាំ២០១៣។ ទន្ទឹមនេះ ថ្នាក់​ដឹកនាំអា​ស៊ានទាំង​អស់បា​នស្វាគមន៍ ចំពោះវិធានការ​របស់គណៈកម្មការ​អន្ត​រ​រដ្ឋាភិ​បាល​អាស៊ានស្តីពីសិទ្ធមនុស្ស (AICHR) ដើម្បី​អនុវត្តន៍​សេចក្តីថ្លែង​ការណ៍​អាស៊ាន​ស្តីពី​សិទ្ធិម​នុស្ស និង​បានលើក​ទឹក​ចិត្តឲ្យមាន​ការចូលរួម​ជាបន្ត​ទៀតរ​បស់ស្ថាប័ន​ជំនាញ និងភាគីពាក់​ពន្ធ័​ជាមួ​យ AICHR ដើម្បី​ឈាន​ឆ្ពោះទៅប​ង្កើត​បាន​ក្រ​បខណ្ឌមួយ​សម្រាប់កិច្ចសហ​ប្រតិបត្តិការ​សិទ្ធ​មនុស្ស​ក្នុងតំ​បន់។ ជាមួយ​គ្នានេះ​មេដឹកនាំអា​ស៊ានបាន​លើកឡើង​ពីប្រធាន​បទ​នៃ​តំបន់​ទីផ្សារ​សេរី​រវាងអាស៊ាន និងហុងកុង​ផង​ដែរ ដែល​ក្នុងនោះ​មេដឹកនាំ​អាស៊ាន​បានឯកភាព​គ្នាធ្វើ យ៉ាង​ណា​ឲ្យអាស៊ាន និងហុងកុង​មាន​តំបន់​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដើម្បីជ​ម្រុញកំ​ណើនសេ​ដ្ឋកិច្ច រប​ស់អាស៊ា​នឲ្យកាន់​តែខ្លាំងក្លា​ថែម​ទៀត។

ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុងពេល​សម្រាកពិសារ​កាហ្វេ នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ានចង្អៀត សម្តេចតេជោនាយករដ្ឋមន្ត្រី​ បាន​ជួប​ជាមួយ​លោក​ជំទាវ យ៉ីង​ឡាក់ ​នាយករដ្ឋមន្ត្រី​ថៃ។ ជំនួប​រយៈពេល​ខ្លី​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំងពីរ បាន​ផ្តោត​សំខាន់​លើ​ការជំរុញ​ការកសាង​មិត្តភាព និង​សន្តិភាព​នៅ​តាម​ព្រំដែន​ប្រទេស​​ទាំង​ពីរ ឲ្យ​រក្សា​បាន​ល្អ​។

ឯកឧត្តម​ កៅ គឹមហួន បានបញ្ជាក់ថា "សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ យ៉ីង​ឡាក់ មិន​មាន​លើក​ឡើង​ទេ ពី​បញ្ហា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​។ ប៉ុន្តែ​នៅ​ពេល​ឈប់សម្រាក ក្រៅ​កិច្ចប្រជុំ​អាស៊ាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការជួប​ខ្លី​មួយ ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ ពាក់ព័ន្ធ​នឹង​បញ្ហា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំប្រទល់ ឲ្យ​បន្ត​អ្វី​ដែល​សុខសាន្ត​នៅតាម​ព្រំប្រទល់ ហើយ​ធ្វើ​យ៉ាងណា​ជំរុញ​សេដ្ឋកិច្ច និង​ការរកស៊ី​ជាមួយគ្នា ជា​ប្រក្រតី ហើយ​ធ្វើ​យ៉ាងណា មិនឲ្យ​មាន​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ទេ​"។​

សូម​បញ្ជាក់​ថា នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា ព្រះវិហារ​វត្ត​សិរី​ឧ​ត្ត​ម ក្នុងស្រុក​ស្វាយ​អន្ទ​រខេត្ត​ព្រៃវែង នា​ថ្ងៃទី២២ ខែ​មេសា ​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា សម្តេច​បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយនឹង​លោកជំទាវ យ៉ីង​ឡាក់ ហើយក៏​បាន​ព្រម​ព្រៀង​គ្នា​រក្សា​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន បើទោះបីជា​តុលាការ​ឡាអេ ចេញ​សេចក្តី​សម្រេច​បែប​ណាក៏​ដោយ ជុំវិញ​សំណុំរឿង​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​នឹង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ក៏ដោយ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បា​ដា​សារី​បេ​ហ្គា​វ៉ាន់​ ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០១៣ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី២២ នៅ​ទីនោះ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​ចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម​ ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ល្ងាច​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៣។

ឯកឧត្តម​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹងថា ប្រធានបទ​សម្រាប់​កិច្ច​ប្រជុំ​នៅ​ឆ្នាំនេះ​គឺ «ប្រជាជន​របស់​យើង ដើម្បី​អនាគត​ទាំងអស់​គ្នា»។ ឯកឧត្តម ស្រ៊ី ថាមរុង្គ ​បាន​បន្ត​ថា កិច្ច​ប្រជុំ​​នេះ​​នឹង​ពិភាក្សា​ផ្តោត​ទៅ​លើ​បញ្ហា៤ ជា​សំខាន់ ដែល​របៀបវារៈ​ទី១ គឺ​ការ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ២០១៥ នឹង​ខិតខំ​ជំរុញ​ការ​ធ្វើ​សមាហរណ​កម្ម​ត​ភ្ជាប់ ជា​ពិសេស​ការ​កសាង​នូវ​សសរស្ដម្ភ​ទាំង៣ គឺ​នយោបាយ សេដ្ឋកិច្ច និងវប្បធម៌​សង្គម។ ទី២ គឺ​និយាយ​ពី​តួនាទី​ស្នូល​របស់​អាស៊ាន ទី៣ អនាគត​របស់​អាស៊ាន និង​ទី៤ ការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅលើ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​ដូចជា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ រួម​នឹង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជាដើម៕