Thursday, May 2, 2013

វេទិកា​​តំបន់​ស្តីពី​ការ​​អភិវឌ្ឍន៍​​វិស័យ​​ទូរគមនាគមន៍​ប្រារព្ធ​​ធ្វើ​នៅ​​រាជ​ធានី​ភ្នំពេញ​​​ក្រោម​​អធិ​បតី​ភាព​​ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន

ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគមនា​គមន៍​កម្ពុជា សហការ​ជាមួយ​អង្គការ​សហភាព​ទូរគម​នាគ​ម​ន៍អន្តរ​ជាតិ (ITU) បាន​រៀបចំ​នូវ​វេទិកា​អភិវឌ្ឍន៍​ថ្នាក់​តំបន់​រយៈ​៣ថ្ងៃ (២៩មេសា ដល់២ ឧសភា ឆ្នាំ២០១៣) នៅ​សណ្ឋាគារ​អាំងទែកង់ទីណង់តាល់ ស្តីពី​ការអភិវឌ្ឍន៍​វិស័យទូរ​គមនា​គម​ន៍ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​តែងតែ​ជួប​ប្រទះ ក្នុង​វិស័យ​បច្ចេកវិទ្យា។ វេទិកាថ្នាក់តំបន់នេះ ទទួល​បាន​ចូលរួម​ពីសមាជិក​របស់ ITU ដែល​មក​ពី​ប្រទេស​ផ្សេងៗ និង​ធុរកិច្ចជន​កម្ពុជា ព្រម​ទាំងមន្ត្រីថ្នាក់​ដឹកនាំ​នៃក្រសួង​ប្រៃសនីយ៍ និង​ទូរគម​នា​គមន៍កម្ពុជា ជា​ច្រើន​រូប​ទៀត។

នៅ​ក្នុង​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៣ ជាមួយ​នឹង​ការ​ស្វាគមន៍​ចំពោះ​វត្ត​មាន​អ្នក​ជំនាញ​ការ ICT និង​បណ្តា​សមាជិកនៃ​អង្គការ ITU ក៏ដូច​ជា​បាន​ថ្លែង​កោតសរសើ​ចំពោះ​ក្រសួង​ប្រៃស​ណីយ៍ ដែល​បាន​សហការ​ជាមួយ ITU ដែលបានរៀបចំ​វេទិកាដ៏មាន​សារសំ​ខាន់នេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន បាន​ចាត់​ទុក​ថា វេទិការ​ស្តីពី​ការអភិវឌ្ឍន៍​វិស័យទូរ​គមនា​គម​ន៍ ត្រូវ​បាន​រៀបចំ​ឡើង​ចំពេលវេលា។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា  ព្រឹត្តិការណ៍​នេះ គឺជា​ភស្តុតាង​ដែល​ឆ្លុះ​បញ្ចាំង​ភាព​សាមគ្គី និង​កិច្ចសហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និត​រវាង​សមាជិក និង​ប្រទេស​ដែល​ចូល​រួម ពិសេស​ក្នុង​វិស័យ​ព័​ត៌មាន ទំនាក់ទំនង និង​បច្ចេកវិទ្យា។ «យើង​មាន​កិត្តិយស​ដែល​បាន​រៀបចំ​នូវវេទិកា​នៅ​ថ្ងៃ​នេះ ដែលបាននាំមកនូវអ្នកជំនាញឯកទេស និងអ្នកពាក់ព័ន្ធ​ខាងវិស័យ IT មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបង្កើតកាលានុវឌ្ឍភាពមួយសម្រាប់​អ្នកចូល​រួម ដើម្បីផ្លាស់ប្តូរនូវទស្សនៈតាមរយៈការពិភាក្សា និងសន្ទនា រួមទាំងចែករំលែក​បទពិសោ​ធន៍ ដើម្បី​​ធ្វើយ៉ាងណាកសាងហេដ្ឋារចនា សម្ព័ន្ធ វិស័យ នេះក្នុងតំបន់ឲ្យ​មានការ​រីក​ចម្រើន»។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា និងក្រោម​ការ​សម្រប​សម្រួល​ដឹកនាំ​ពី​ឯក​ឧត្តម ក្នុង​នាម​ឧបនាយករដ្ឋមន្ត្រី កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងប្រៃសណីយ៍ និង​ទូរគម​នាគមន៍កម្ពុជា ក្រសួង​ព័ត៌មាន និង​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​អភិវឌ្ឍន៍វិស័យប​ច្ចេក​វិទ្យា គមនាគមន៍ និងព័ត៌មាន​វិទ្យា (NIDA) ធ្វើ​ឲ្យការ​អភិវឌ្ឍន៍ក្នុង​វិស័យ​ព័ត៌មាន និង​បច្ចេកវិទ្យា​សារគមនាគមន៍  ICT មានការ​រីក​ចម្រើនយ៉ាង​ឆាប់​រហ័ស​ ដោយបាន​ធ្វើ​ឲ្យ​ប្រជា​ជន​កម្ពុជា ៨៥% បានទទួល និង​ផ្តល់​ព័ត៌​មាន ការ​អប់រំ ភាព​សប្បាយ​រីក​រាយ​ពី​បណ្តាញទូរទស្សន៍ ​វិទ្យុ សារព័ត៌មាន​ និង​បណ្តាញ​ឃោ​ស​​នា​ដទៃ​ទៀត។​

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ ICT បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ទី១ មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃច្រើន​ជាង​គេមាន​ចំនួន ១៣៩.៤១% ក្នុង​ចំណោម​ប្រជា​ជន​ជាង​ ១៤​លាន​នាក់​។ កម្ពុជា​មាន​ប្រតិបត្តិករលើ​វិស័យ ICT ចំនួន​៨ ដែល​ទទួ​ល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ទីផ្សារ ICT មានការ​ប្រកួត​ប្រជែង ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិករ​ខ្លះ​បង្ខំ​ចិត្ត​ត្រូវ​រួម​បញ្ចូល​គ្នា។ សមត្ថភាពសារគមនាគមន៍ និង​ជំនាញ​របស់​ប្រជា​ជន​កម្ពុជា ពិសេស​យុវជន​ជំនាន់​​ក្រោយលើ​វិស័យ  ICT នឹង​ក្លាយ​ជាកត្តា​ដ៏​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើនលើ​វិស័យសេដ្ឋកិច្ច​សង្គម វប្បធម៌ និង​សមត្ថភាព​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ដ៏​ជោគ​ជ័យ​នៅ​ក្នុង​តំបន់​នា​ពេល​អនាគត។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ចាត់ទុកកិច្ច​ពិភាក្សា​នៅ​ក្នុង​វេទិកា​ថ្នាក់​​តំបន់ស្តីពីការអភិវឌ្ឍន៍វិស័យទូរ​គមនា​គម​ន៍ថា នឹងរួម​វិភាគ​ទាន​ និង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ផែនការ​អភិវឌ្ឍន៍​ជាតិ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ ទៅ​តាមរបៀបវាៈ នៃគោល​ដៅ​អភិវឌ្ឍន៍​សហសវត្សរ៍ ក៏​ដូច​ជារបៀប​វារៈ នៃការ​អភិវឌ្ឍន៍​ប្រៃសណីយ៍ប្រកប​ដោយ​​ចីរភាពឆ្នាំ២០១៥។

ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាលកម្ពុជា បានធ្វើការយកចិត្តទុកដាក់ និងដោះស្រាយនូវបញ្ហាមួយចំនួន ធ្វើ​យ៉ាង​​ណា​អភិវឌ្ឍន៍វិស័យគមនាគមន៍ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់​ទាញ​អ្នក​វិនិ​យោគទាំងក្នុង និងក្រៅប្រទេស។ «យើងរៀបចំឧបករណ៍ឌីជីថល ដើម្បីអាចដោះ​ស្រាយនូវហានិភ័យផ្សេង។ ក្នុង​វិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវបញ្ញត្តិកម្ម ដើម្បី​កសាងទំនុកចិត្តជូនដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស»។

លោក Hamadoun Toure អគ្គលេខាធិការ ITU បានថ្លៃងនូវការសន្យានឹង​ជួយដល់ប្រទេស​កម្ពុជា ក្នុងការកសាងបទបញ្ញត្តិនានា សម្រាប់ជួយដល់វិស័យទូរគមនាគមន៍នៅកម្ពុជា។ ជាង​នេះ លោកក៏បានបង្ហាញ​ពី​បំណង​ក្នុង​ការ​ជួយ ការពារសុវត្ថិភាព​ផ្នែកប្រព័ន្ធអ៊ីន​ធើណេតដល់​កម្ពុជា​​ផងដែរ។ «យើងប្រហែលជាត្រូវធ្វើការជាមួយគ្នាក្នុងការបង្កើត​គោលនយោបាយជាអន្តរ​ជាតិ​មួយ ដើម្បី​ដោះស្រាយនៅការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណេតនេះ»៕