Thursday, May 2, 2013

សម្ភាសន៍​ លោក​​បណ្ឌិត ឈឹម ផលវរុណ​ ប្រធាន​វិទ្យា​ស្ថាន​ពលរដ្ឋ​​វិជ្ជា​ ស្តី​ពី​ ចរឹត​​ច្រណែន​ឈ្នា​នីស​ របស់​​គណ​បក្ស​​ប្រ​ឆាំង​​

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៣
លោក សត្យា រក្ស​
សំណួរ ៖  បច្ចុប្បន្ននេះ ​គណប​ក្សប្រឆាំងនៅកម្ពុជា កំពុងតែបង្ហាញនូវគំនិត​​ច្រណែន​ឈ្នានីស​។ ​ភាពច្រណែនឈ្នានីស​នាពេល​នេះ គឺ​ដោយសារតែទីមួយ គណបក្ស​ប្រឆាំង​គ្មាន​គុណ​សម្បត្តិ​ចំពោះ​ជាតិ​ គ្មានគុណសម្បត្តិចំពោះប្រជាពលរដ្ឋ​ ដូចដែល​យើង​ដឹង​​ហើយថា គិត​មក​ដល់​ម៉ោងនេះ​ នៅពេលដែល​កម្ពុជា​​យើងប្រឈមមុខជាមួយនឹង​បញ្ហាផ្សេងៗ ជាពិសេស​នៅ​អតីតកាល​ ​ពេល​ដែលខ្មែរប្រឈមជាមួយនឹងសោដនាកម្ម នៃការកាប់សម្លាប់ ក៏ដូចជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ទារុណកម្ម​គ្រប់បែបយ៉ាង ដែលខ្មែរក្រហម ប៉ុល ពត បានធ្វើ​ការកាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​។ ព្រឹត្តិការណ៍នៅពេលនោះ កុំថាឡើយ​​ដល់ទៅឃើញរូបរាងលោក កឹម សុខា ឬក៏រូបរាងលោក សម រង្ស៊ី សូម្បីតែស្រមោល កឹ​ម សុខា​ ស្រមោល សម រង្ស៊ី ក៏យើង​មិន​បានឃើញផងដែរ។ ប៉ុន្ដែឥឡូវនេះ គណបក្សប្រឆាំង បែរជាតាំងខ្លួនថា ខ្លួនជាឥសី ខ្លួនជា​ទេវតា ខ្លួនជា​អាទិទេព ដើម្បីមកប្រោស​ព្រហ្ម​ប្រជាពលរដ្ឋខ្មែរទៅវិញ​។ ​

​ចំណុច​មួយ​ដែល​គួរ​ឲ្យ​​កត់​​សម្គាល់​​ គឺ​នៅពេលដែលគណបក្សប្រឆាំង កាន់តែអួត ប្រជា​ប្រិយភាព​របស់​គណបក្សប្រឆាំង កាន់តែធ្លាក់ ហើយនៅ​ពេលដែល​ប្រជាពលរដ្ឋកាន់​តែ​​ដក​សេចក្ដី​ទុកចិត្ត​ពី​គណបក្ស​ប្រឆាំងនោះ ​គឺគណបក្សប្រឆាំង កាន់​តែ​បង្ហាញ​នូវ​ចរិត​ឃោរឃៅ​មួយ​ ដែល​គេអាច​​ប្រៀប​ធៀប​បាន​ថា​ សាហាវ​ដូច​ខ្លា​ត្រូវ​របួស​។​

ឥឡូវនេះ យើងឃើញថា មានបញ្ហាច្រើនណាស់ដែលគាត់លើកឡើង ដើម្បី​ប្រឆាំង​ទៅ​ដល់រាជរដ្ឋាភិបាល ជាមួយនឹងការប្រឌិតនូវរឿងជាច្រើនទៀត ដែលមិនគួរឲ្យជឿ។

សម្រាប់​ទិដ្ឋភាពថ្មីៗនេះ យើងឃើញថា គណបក្សប្រឆាំង គេបានរៀបចំបាតុកម្មមួយ ដែល​ឈ្មោះ​របស់គេ គេហៅថា មហា​បាតុកម្ម។ ក៏ប៉ុន្ដែ ការពិត ធាតុពិត នៅពេល​ដែល​យើង​ឃើញ​ បន្ទាប់​ពីបាតុកម្មនេះ​ ត្រូវបាន​រំសាយដោយគណបក្សប្រឆាំងហ្នឹង យើងឃើញថា អ្នក​ដែល​ចូលរួម​ គឺ​ក្រោម​មួយរយនាក់។ ប៉ុន្ដែ​បើភាសារបស់គណបក្សប្រឆាំង គឺគេនិយាយថា មិន​តិច​ជាង ១ម៉ឺននាក់ ទេ។ អញ្ចឹង​ចំនួន​ដ៏​តិចតួចនេះ បាន​​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​អំពី​ការ​ដក​សេចក្ដី​ទុក​ចិត្ត​ របស់អ្នកគាំទ្រពី​បក្សប្រឆាំងផងដែរ។

ប៉ុន្ដែ​យើងងាក​មកមើល​ចំណុច​ទាមទារ​របស់​ពួក​គេ​វិញ​គឺ​៖ ទីមួយ មហាបាតុកម្ម​របស់​គេ​ហ្នឹង ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ គ.ជ.ប និងទីពីរ គឺ​សុំ​ឲ្យ​ លោក សម រង្ស៊ី ​វិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​របស់​ខ្លួន​វិញ​។​ហើយកុំភ្លេចផងដែរថា មុននេះ លោក សម រង្ស៊ី ធា្លប់បដិសេធថា គាត់មិនអាច​មកចូលរួម​ក្នុង​ការ​បោះឆ្នោតបានទេ ដោយសារតែគាត់​មានចេតនាដាក់សម្ពាធ លើ​រាជរដ្ឋា​ភិបាល និង​ជា​​ពិសេស​​គឺ​​ចេតនា ក្នុងការបំផ្លាញចោលលទ្ធផលនៃការបោះឆ្នោត។

 ជុំវិញព្រឹត្តិការណ៍នៃបាតុកម្មដែលគណបក្សប្រឆាំងរៀបចំនេះ តើ​លោកបណ្ឌិត​យល់​ឃើញ​យ៉ាងម៉េច?​ ជាមួយនឹងទស្សនៈផ្ទាល់របស់លោកបណ្ឌិត ក៏ដូចជាទាក់ទងទៅនឹង​ល្បិច​កល​របស់បក្សប្រឆាំងហ្នឹង?

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​ ៖ ទិដ្ឋភាព​នៃការធ្វើបាតុកម្មជាក់ស្ដែងរបស់គណបក្សប្រឆាំង ដែលមាន កឹម សុខា និង​ក្រុម​មេដឹកនាំរបស់ក្រុម លោក សម រង្ស៊ី និងមេដឹកនាំរបស់ក្រុម លោក កឹម សុខា​​បាន​បង្កើតរួមគ្នានេះ គឺ​ទិដ្ឋភាពមានជាច្រើនចំណុចដែលយើងចាប់អារម្មណ៍។

ទីមួយ យើងធ្វើ​ការ​ប្រៀបធៀបទៅលើគម្រោង​​ដែលគេប៉ងធ្វើ។ គម្រោងដែលគេប៉ងធ្វើ គឺ​គេទន្ទឹង​ថា នឹងមាន​អ្នក​មក​ចូល​រួមពី​ ៤ ទៅ ៥ ពាន់នាក់ ហើយគេប្រើពាក្យមហាបាតុកម្ម។ ​ចំណុច​នេះ គម្រោងហើយ​និង​ការបញ្ចេញវោហារស័ព្ទនេះ យើងឃើញថា មេដឹកនាំ​គណបក្ស​ប្រឆាំង​ កឹម សុខា ក្ដី និង មេដឹកនាំ របស់គណបក្ស សម រង្ស៊ី ក្ដី គេចូលចិត្តតែប្រើពាក្យ​ឲ្យវា​ធំ​ហួស​ហេតុ​។

ឥឡូវយើងមិនទាន់ថា អះអាងថាធំហួសទេ តែដល់​ព្រឹត្តិការណ៍​ជាក់ស្ដែង​ យើង​ឃើញ​ថា​ គណបក្សប្រឆាំង មិនមានសមត្ថភាព និងបញ្ចុះបញ្ចូលអ្នកគាំទ្រគណបក្សរបស់​ខ្លួន​ឲ្យ​មក​ចូលរួម​បាតុកម្ម​ចំនួន​ពី​ ៤ ទៅ ៥ ពាន់ តាមការរំពឹងទុកនោះទេ។ ជាក់ស្ដែងយើងឃើញ​ថា អ្នក​ដែល​ចូលរួម​ហ្នឹង ខ្ទង់​ជា​ ១ ពាន់នាក់ ប៉ុណ្ណឹងឯង។ ហើយចំនួន ១ ពាន់នាក់ នេះ ជាការ​បង្ហាញ​ថា ភាពអសមត្ថភាព​របស់មេដឹកនាំគណបក្សប្រឆាំង ក្នុងការពន្យល់ហេតុផល ដើម្បី​ឲ្យ​​អ្នកគាំទ្រ​របស់ខ្លួនមកចូលរួម។ នេះជាបញ្ហានយោបាយដែលបញ្ជាក់ថា គណបក្សប្រឆាំង​បាត់​បង់ការគាំទ្រពី​រង្វង់សមាជិក សមាជិកា និង អ្នកគាំទ្ររបស់ខ្លួនហើយ។

ទីពីរ កាល​មុន​គេ​ធ្វើ​បាតុកម្ម គេបានប្រើសម្លេងភាសា គេហៅថា អ៊ុង អ៊ាដ់ មិន​គោរព​ច្បាប់​។​ នៅពេលនោះ គេថា ទោះបីជាក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យគេដង្ហែរក្បួន ក៏គេ​នៅ​តែ​ដង្ហែរ​។ ​ប៉ុន្ដែ​យើងឃើញ​ថា ចរិត​ល្មើសច្បាប់​របស់​មេដឹក​នាំ គណបក្សប្រឆាំងនៅកម្ពុជានេះ បានត្រូវ​អំណាចស្របច្បាប់​​របស់​រាជរដ្ឋាភិបាលកម្រិតឲ្យមេដឹកនាំគណបក្សប្រឆាំង វិល​ត្រឡប់​មក​មាន​សតិសម្បជញ្ញៈ​​គោរព​​ច្បាប់វិញ​។ នេះចង់និយាយថា ការ​ប្រើ​សេរីភាព​បញ្ចេញ​មតិ​​ក្ដី ការប្រើសេរីភាព​ធ្វើបាតុកម្មក្ដី ត្រូវ​គោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ត្រង់​ចំណុច​នេះ​ ខ្ញុំចង់ជម្រាបថា​ រដ្ឋធម្មនុញ្ញបាន​សរសេរពីរឃ្លាច្បាស់ណាស់​ ដែលម្នាក់ៗ​មិនគួរ​អះអាង​តែ​មួយ​ឃ្លា ហើយ​កំបុត​កន្ទុយមួយឃ្លា​ចុង​ក្រោយ​ទេ។ ខ្ញុំអានយ៉ាងខ្លីគឺ​ ឃ្លាទីមួយ រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់អំពី​សេរីភាព​នៃការធ្វើបាតុកម្ម និង​កូតកម្ម​​ដោយ​សន្ដិវិធី។ ឯឃ្លាទីពីរ បាន​ចែងថា ការប្រើសេរីភាពធ្វើបាតុកម្មនោះ វាត្រូវតែគោរព​តាមលក្ខខណ្ឌ​នៃច្បាប់កំណត់។ ហើយ​ឃ្លាពីរ​នេះ វាមិន​ខុស​អំពីស្ដង់ដារ​សេរីភាព​នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​ទេ គឺ​ដូច​តែ​គ្នា​។​

លោក សត្យា រក្ស​
សំណួរ​ ៖ ឥឡូវងាក​មកចូលចំណុច​សំខាន់​នៃការទាមទារ​របស់​គណបក្ស​ប្រឆាំង​វិញ​ម្ដង​​។​ ទីមួយ យើង​​ឃើញ​ហើយថា​ ​រៀង​រាល់​អាណត្តិ មិនមែនតែអាណត្តិនេះ​ទេ ដែល​គណបក្ស​ប្រឆាំង​ហ្នឹង​ តែង​តែ​យកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ធ្វើជាសត្រូវ។ ដោយ​ចោទ​ប្រកាន់គណៈ​កម្មាធិការ​ជាតិថា អញ្ចេះមួយ អញ្ចេះពីរ អញ្ចេះបី -ល-។ ហើយ​ជាពិសេស​ការ​ទាមទារ​ចុងក្រោយនេះ​ គឺ​គេ​អះអាងថា ដោយគោរព​តាមអនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិអី​ជាដើម -ល-។ អញ្ចឹងត្រង់ចំណុចនេះ លោក​បណ្ឌិត​​មានអី​សម្រាប់​ធ្វើ​ការពន្យល់​ជូនជន​រួមជាតិ​?

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​ ៖ ​ត្រង់ចំណុចនេះ ខ្ញុំចង់ភ្ជាប់ជាមួយនឹងលទ្ធភាពនៃការប្រើសេរីភាព បាតុកម្ម ដើម្បី​​ទាញទៅ​រក​ការ​ប្រើសេរីភាពបាតុកម្មដើម្បីទាមទារឲ្យ គ.ជ.ប ធ្វើការកែ​ទម្រង់​តាមអ្វី​ដែល​គណបក្ស​ប្រឆាំង​​ចង់បាន​។ ការប្រើ​សេរីភាពបាតុកម្មនៅក្នុងសង្គមប្រជាធិបតេយ្យ វាមិន​ជា​ខុស​ទេ​ ប៉ុន្ដែសំខាន់​ថា​តើការប្រើសេរីភាពបាតុកម្មនៅក្នុងការទាមទារអ្វីមួយនោះ តើការ​ប្រើ​សេរីភាព​បាតុកម្ម​វា​​ជា​​ម​ធ្យោបាយ​ល្អ ដែរឬ​អត់? ហើយជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ដែរឬ​អត់​?​ ហើយ​ដើម្បីឆ្លុះ​បញ្ចាំងថា​តើការទាមទាររបស់គណបក្សប្រឆាំងវាសមស្របឬ​អត់? បើសិន​ជា​ការទាមទារ​របស់គណបក្ស​ប្រឆាំងឲ្យមានការកែទម្រង់ គ.ជ.ប តាម​អនុសាសន៍​របស់​​បរទេស​នោះ​វា​សមស្រប​ វា​គួរ​ណាស់​តែ​ កឹម សុខា និង សម រង្ស៊ី កៀងគរ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែលគាំទ្រខ្លួនមកបានច្រើននាក់​ហើយ ប៉ុន្ដែមេបក្សប្រឆាំងទាំងនោះ ខកចិត្ត។ ​ ខ្ញុំឃើញ​ទិដ្ឋភាព​​ខកចិត្ត​របស់​មេគណបក្ស​ប្រឆាំង ប៉ុន្ដែអ្នកគាំទ្រគេមិនខកចិត្តទេ ​គេ​ទទួល​យក​ការពិត​។​ ប៉ុន្ដែ កឹម សុខា និងមេបក្ស​ប្រឆាំង​ទាំងអស់នោះ ខកចិត្តនៅត្រង់ថា ខ្លួនបាន​អួត​ក្អេងក្អាង​មុន​ព្រឹត្តិការណ៍​ថា នឹង​​បា​ន​ ៤ ទៅ ៥ ពាន់​នាក់។ ដល់មកតែខ្ទង់ ១ ពាន់នាក់ ខ្លួន​ត្រូវ​រក​វិធី​លុបលាង​ ភាព​អាម៉ាស់។ ដូច្នេះ​ ដើម្បី​​​លុបលាងភាព​អាម៉ាស់របស់​ខ្លួន​ក៏​បែរទៅ​ជា​បង្វិល​ទិស​ទៅ​ចោទ​ប្រកាន់​ថា​ អាជ្ញាធររាជរដ្ឋាភិបាលទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋមកចូល​រួម​បាតុកម្ម​នៅ​ក្នុង​ការ​រៀបចំ​របស់​ខ្លួន។ ចរិតនេះ គឺ​ចង់បញ្ជាក់ថា ខ្លួនបំប៉ោងហួសមាឌ ហួស​សមត្ថភាព ហួស​ការទុក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​។ ដល់​ពេលជួបជាក់ស្ដែងនូវ​ភាពបរាជ័យ គឺ​ខ្លួន​ទៅ​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​។ នេះជាវប្បធម៌ដ៏អាក្រក់របស់គណបក្សប្រឆាំង។

ម្យ៉ាងទៀត​ គាត់បំប៉ោងថា ខ្លួននឹងឈ្នះឆ្នោតនៅថ្ងៃ​ ២៨ កក្កដា ឆ្នាំ ២០១៣។ ដល់​បំប៉ោង​​ថា​ឈ្នះ ទាំង សម រង្ស៊ី បំប៉ោងថា ខ្លួននឹងមកចូលរួមបោះឆ្នោតនៅពេលឆាប់ៗ។ ដល់​ចុង​ក្រោយ​​ គឺ​អត់បានមកចូលរួម បែរទៅជាប្រែពាក្យវិញថា មិនមកចូលរួម គឺជាការល្អ ដើម្បី​ដាក់​​សម្ពាធ​​ទៅវិញ​។ របៀបល្បិចបង្វិលទិស ត្រឡប់ត្រឡិនតែខ្លួន​ឯង បាយបិណ្ឌ ជា​បាយបាត​។ ​​ចំណុចហ្នឹងហើយ ដែលយើងមើលឃើញថា នៅពេលដែលខ្លួនអួតថា ចង់ឈ្នះ ហើយ​ថា​នឹង​ឈ្នះ ចុះហេតុអ្វីបានទៅជាដាក់លក្ខខណ្ឌឲ្យ គ.ជ.ប គោរព​យកនូវ​ការទាមទារ​របស់​បរទេស​ទៅវិញ​?​​ ប្រទេសមួយជាប្រទេស​មាន​អធិបតេយ្យភាព​ ហើយ​មាន​ឯករាជ្យ ហេតុអី​បាន​ទៅស្ដាប់​អនុសាសន៍របស់បរទេស? រឿង​នេះ វាជាបញ្ហា។ ហើយ គ.ជ.ប ដូចខ្ញុំ​ឧស្សាហ៍​លើក​ណាស់​ គឺ​គ្រាន់តែជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ ក្នុងការ​រៀបចំ​ការបោះឆ្នោតទេ។ ប៉ុន្ដែ​នីតិវិធី​នៃ​ការ​បោះឆ្នោត ច្បាប់បោះឆ្នោតវាអាស្រ័យទៅនឹងរដ្ឋសភាជា​អ្នក​អនុម័ត។

លោក​ សត្យា រក្ស​
សំណួរ​ ៖ មួយវិញទៀត អ្វីដែលយើងកត់សម្គាល់ យើងឃើញថា លោក សម រង្ស៊ី គឺនិយាយនៅ​សើម​ៗ នៅឡើយទេ ដែលចេញពីមាត់គាត់ថា គាត់មិនមក​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ទេ​​ ពីព្រោះថា ទីមួយ​ ការ​មិនមកចូលរួមបោះឆ្នោតរបស់គាត់ហ្នឹង គឺធ្វើឲ្យ​គណបក្ស​គាត់​ចំណេញ​។ ទីពីរ ធ្វើ​ឲ្យ​រដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោត ឆ្នាំ ២០១៣ នេះ គឺជា​រដ្ឋាភិបាល​មិនស្របច្បាប់​។ ប៉ុន្ដែផ្ទុយទៅវិញ កូនចៅរបស់ សម រង្ស៊ី ក្រុម កឹម សុខា និង​បន​នយោបាយ​របស់គាត់ហ្នឹង បែរ​ជាធ្វើសកម្មភាពមួយ គឺទាមទារឲ្យ លោក សម រង្ស៊ី ចូល​ស្រុក​ទៅវិញ​។ អញ្ចឹងនេះ គឺជាចំណុច​មួយ​ដែលមានប្រទាំងប្រទើស​គ្នា រវាង លោក សម រង្ស៊ី ដែលជាមេបក្ស និងរវាងកូនចៅរបស់គាត់​នៅក្នុងស្រុក។ ​
ទាក់ទងទៅនឹងភាពប្រទាំងប្រទើស​គ្នា​ រវាងលោក សម រង្ស៊ី និងសមាជិកគាំទ្ររបស់​គាត់​​នៅក្នុងប្រទេស ដែលយើងឃើញថា សម រង្ស៊ី បានបដិសេធដាច់ខាត ពីរឿងបញ្ហាថា គាត់មិ​ន​ចូលរួមក្នុងការបោះឆ្នោតទេ​ នៅក្នុងចេតនាមួយ ដើម្បីដាក់​ទណ្ឌកម្មទៅលើរដ្ឋាភិបាល ដែល​​កើត​ឡើង​ក្រោយការបោះឆ្នោត​ ដើម្បីឲ្យរដ្ឋាភិបាលនោះ គឺមិនស្របច្បាប់​ តើ​លោក​បណ្ឌិត​មាន​យោបល់​យ៉ាងណា​ដែរ​?​

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​ ៖​ ចំណុចនេះហើយ ដែលចង់​បញ្ជាក់ថា គណបក្សប្រឆាំងនៅកម្ពុជា ពុំមាន​សមត្ថភាព​​រៀបចំ​​នូវ​​នយោបាយផ្ទៃក្នុងរបស់ខ្លួនមួយ ដើម្បីឲ្យ​វា​​ ស៊ី​សង្វាក់​តាម​បែប​ប្រជាធិប​តេយ្យ​ ផ្ទៃក្នុង​បក្សទេ​​។ តាមធម្មតាបើគណបក្សមួយ ដែលមាន​នយោបាយ​ប្រជា​ធិបតេយ្យ​ផ្ទៃក្នុង​បក្ស​ គឺ​រាល់​នយោបាយដែលមេដឹកនាំគណបក្សបន្លើឡើង គឺជាទស្សនៈ​នយោបាយ​តំណាង​ឲ្យ​​ផល​​ប្រយោជន៍ នយោបាយរួមរបស់គណបក្ស។ ប៉ុន្ដែគណបក្សសម រង្ស៊ី ក្ដី គណបក្ស កឹម សុខា ក្ដី តាំងពីដើមមកមិនដែលឯកភាពគ្នាទេ រវាងមេបក្ស និងសមាជិកបក្ស។ ហើយ​ឥឡូវនេះ​ រហូត​ដល់​ ពីរក្រុម មកផ្គុំគ្នាទៀត វារឹត​តែកល្ប​យុគ្គ​ដែល​មិនអាច​ឯកភាព​គ្នា​បាន​ទេ​ រវាងក្រុម កឹម សុខា និងក្រុម សម រង្ស៊ី នេះ​ ។ ដូច្នេះ យើងឃើញថា អសមត្ថភាព​នយោបាយ​ក្នុងការ​រៀបចំ​ក្រុម​មួយ ឲ្យ​មាននយោបាយរួមសម្រាប់ការសម្ដែងឆន្ទៈនយោបាយ ទៅ​ខាងក្រៅ គឺប្រទាំងប្រទើស​គ្នា​ រវាង​ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលគាំទ្រគណបក្ស។ ​ចំណុច​​នេះ​​ហើយ​ដែលបញ្ជាក់ថា សម រង្ស៊ី ក្ដី កឹម សុខា ក្ដី ពុំអាចត្រូវ​បាន​ប្រជាពលរដ្ឋ​អនុញ្ញាត​ឲ្យ​ទៅ​ដឹកនាំ​ប្រទេស​បានទេ​​ ពីព្រោះការដឹកនាំប្រទេស គឺត្រូវការ​អ្នកដឹកនាំ​ដែល​មាន​សមត្ថភាព​ មិនត្រឹមតែរៀបគណបក្ស​បានទេ គឺ​ត្រូវមានសមត្ថភាពរៀបចំរដ្ឋថែមទៀត​។ ចុះបើ​ខ្លួន​រៀបចំ​គណបក្សមិនបាន​ផង​នោះ​ តើ​នរណា​ទៅទុកចិត្ត​​ឲ្យ​​រៀបចំ​រដ្ឋ​?​ គឺ​ពិត​ជា​កើត​កល្បយុគ្គ​ហើយ។

ចំណុចហ្នឹងហើយ ដែលយើងពិនិត្យមើលឃើញថា សូម្បីតែរឿង​បោះឆ្នោត កឹម សុខា កាលពីមុនថា គាត់បានទាក់ទងបរទេសនឹង​ឲ្យមកអង្គេតការណ៍ច្រើន​នាក់​និងច្រើនថ្ងៃ ច្រើន​ខែ​ ដើម្បីឲ្យ​ស្គាល់​ឲ្យការ​បោះឆ្នោត។ ស្រាប​តែ​ដល់​មិនទាន់​បាន​អីផង​ សម រង្ស៊ី ចេញមួយ​ប្លូច​ផ្សេង​ខុស​ពី កឹម សុខា ថា គាត់ទាក់ទាញកុំឲ្យអន្ដរជាតិ មកអង្គេតការណ៍ បោះ​ឆ្នោត។ ​ដល់​ត​មក​ទៀត​ អ្នកដឹកនាំគណបក្សសម រង្ស៊ី និង កឹម សុខា នៅក្នុងស្រុកថា លោក សម រង្ស៊ី នឹង​មក​កម្ពុជា ។ ស្រាប់តែ​ រង្ស៊ី គាត់ដឹងការពិតថា គ្មានបរទេសណារវល់នឹង​ឲ្យ​គាត់​មក​ស្រុក​ខ្មែរ​ទេ​ គាត់ចេញមួយប្លូចទៀត គាត់ថា គាត់មិនបាច់មកល្អជាង សម្រាប់ការ​ឈ្នះ​របស់​គណបក្ស​ប្រឆាំង​ និង​ដើម្បីដាក់​សម្ពាធទៅគណបក្សប្រជាជនកម្ពុជា ដើម្បីបំផ្លាញការ​បោះឆ្នោត ដើម្បី​បំផ្លាញ​នូវ​លទ្ធផល​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ស្របច្បាប់នោះ។ អញ្ចឹងយើង​ឃើញ​ថា នយោបាយ​របស់​ពួកគាត់​ អត់កើតទេ ប្រទាញប្រទង់គ្នា​ដូចគោនៅក្នុងនឹម។ គោនៅក្នុងនឹម គឺ​គោ​មួយគូ ដែលមួយតំណាងឲ្យ លោក សម រង្ស៊ី មួយតំណាងឲ្យនយោបាយ កឹម សុខា ហើយ​​រទេះដែលអូសហ្នឹង គឺជាអ្នកដែលគាំទ្រ អញ្ចឹងវាកៀកនឹម ដល់កៀកនឹមហ្នឹង អ្នក​នៅ​ក្នុង​​រទេះ​​ក្រឡក​ហើយ អាចក្រឡាប់ចេញពីរទេះក៏មានដែរ។

-មតិ​លោក​ សត្យា រក្ស​
នៅ​មាន​ចំណុច​មួយ ដែលលោកបណ្ឌិតលើកឡើង ​អំពី​សមត្ថភាព​របស់​គណបក្ស​ប្រឆាំង​​ដែលយើងឃើញថា គ្មានសមត្ថភាពក្នុងការដឹកនាំសូម្បីតែកូនបក្សតូច​តាច​ហ្នឹង​ ក៏បក្សប្រឆាំង​​មិនមានសមត្ថភាពក្នុងការដឹកនាំផងដែរ។ យើងនិយាយបែបនេះ យើង​មាន​អំណះ​អំណាង​​​ហើយ​ប្រជាពលរដ្ឋក៏លោកមិនទាន់ភ្លេចដែរ។ យើងសួរថា តើសន្តាន​ ឬ​យើង​ហៅ​ថា​ ប្រវត្តិ​​របស់គណបក្សប្រឆាំងទាំងអស់ ទាំងលោក សម រង្ស៊ី ក្ដី ទាំងលោក កឹម សុខា ក្ដី ទាំង​អស់​លោក​ដទៃទៀតក្ដី ហ្នឹង សួរថា មានដើមកំណើតចេញមកពីគណបក្សណា?​ ហើយ​​ហេតុអី​បាន​ជា​អស់​លោកទាំងអស់ហ្នឹង ចាកចេញពី​គណបក្ស​ដើមរបស់ខ្លួន?​ ​គឺ​ដោយ​សារ​តែ​ការ​​ប្រកាប់​ប្រចាក់​ និង​ប្រេះ​ស្រាំនៅក្នុងផ្ទៃបក្សហ្នឹងឯង។ មួយទៀត គណបក្ស​លោកតា​ សឺន សាន ដែលរលាយ​រហូត​មក​ដល់ម៉ោងនេះ សួរថា ដោយសារស្នាដៃអ្នកណា? មិន​ដោយ​សារ​សា្នដៃ កឹម សុខា ។ អញ្ចឹង​នេះ គឺ​ជា​អ្វីមួយ ដែល​បង្ហាញ​ពី​ភាព​អសមត្ថភាព​របស់​គណបក្ស​ប្រឆាំង​ហ្នឹងឯង។

សំណួរ​ ៖ ឥឡូវនេះ ​គណបក្សប្រឆាំងគេបានលើកឡើងនូវ​វោហារស័ព្ទ​មួយ ដែល​គួរ​ឲ្យ​​ចង់​សើច​ ដែលយើងអាចនិយាយបានថា សម្ដីហ្នឹង បើក្មេងនិយាយវាហាក់បីដូចជាសមរម្យ​ជាង​អ្នក​នយោបាយ។ បើក្មេងនិយាយវាប្រសើរជាង កឹម សុខា និយាយ គឺត្រង់ថា បានលើក​ឡើងថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល អស់រយៈពេល ៤ អាណត្តិ​មក​ហើយនេះ ហើយប្រកបទៅដោយជោគជ័យ ប្រកបទៅដោយផ្លែផ្កា មានប្រជាពលរដ្ឋ​ ទាំង​ក្នុង​និងក្រៅប្រទេសគាំទ្រនេះ គាត់ថា គណបក្សប្រជាជនកម្ពុជាគ្មានធនធានមនុស្សទេ។ ហើយ​អ្វី​ដែល​ជា​អំណះអំណាង​របស់​គាត់​ នៅត្រង់ថា បើ​គណប​ក្ស​ប្រជាជនមានធនធានមនុស្ស ម្ល៉េះ​សមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជាហ្នឹង មិន​ចាំ​បាច់​គាំទ្របេក្ខជន សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ដើម្បីបន្ដតំណែងជាបេក្ខ​ជន​នាយក​រដ្ឋមន្ដ្រីទាំងអាណត្តិនេះ និង​អាណត្តិ​តទៅមុខទៀតទេ។ នេះគឺដោយសារតែការអត់មាន​ធនធាន​មនុស្ស។

​ចំណុចនេះ ​សូម​លោកបណ្ឌិតវែកញែកបន្តិច​មើលពីរឿងធនធានមនុស្សរបស់​គណបក្ស​ប្រឆាំង​​ថា​តើវាដូចអ្វីដែលបក្ស​ប្រឆាំងថាទេ ហើយសម្រាប់អ្វីដែលជាការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ វាមានលក្ខណៈ​យ៉ាងម៉េច​ដែរ?

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ត្រង់​ចំណុច​នេះ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​យល់​ ខ្ញុំ​សូម​ធ្វើការ​ប្រៀបធៀប​អំពី​មនុស្ស​ម្នាក់​​ដែល​​ចូល​ទៅ​​រៀន​​សូត្រ​។ នៅពេល​ដែល​បុគ្គល​ម្នាក់​សិក្សា​បាន​ល្អ​ គឺ​អាច​បន្ត​ទៅ​យក​ ឌីប្លូម​ ហើយ​បើ​រៀន​បាន​ល្អ​ទៀត​គឺ​អាច​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ បន្ទាប់​មក​ទៀត​កាល​ណា​​​ការ​សិក្សា​​នោះ​ល្អ​​គឺ​គេអាច​បន្ត​រហូត​ដល់​ បរិញ្ញា​បត្រ​ អនុបណ្ឌិត​ រហូត​ដល់​បណ្ឌិត​ ហើយ​អាច​​​ក្លាយ​​ទៅ​ជា​សាស្ត្រាចារ្យ​​បង្រៀន​អ្នក​ជំនាន់​ក្រោយ​តៗ​ទៀត​​​។​  ដូច្នេះ​ ពាក្យ​ថា​បន្ត​គឺ​ពឹង​ផ្អែក​​​ទៅ​លើ​​សមត្ថភាព​​។ ចំពោះ​សមត្ថភាព​​របស់​ សម្តេច​តេជោ​ ហ៊ុន សែន​ ដែល​ជាបេក្ខភាព​នាយករដ្ឋ​មន្ត្រី​ របស់គណបក្ស​ប្រជាជនកម្ពុជា​ គឺយើង​អាច​ពិនិត្យ​មើល​សមត្ថភាព​របស់​ សម្តេច​​ ពីនីតិកាលមួយ ទៅ​នីតិកាល​មួយ​ តើ​សម្តេច​អាច​មាន​សមត្ថភាព​បន្ត​ឬទេ​?​ យើង​និយាយ​​​អំពី​​សមត្ថភាព​​របស់​​ សម្តេច​ ចាប់​ពីពេល​បោះឆ្នោត​ គឺ​ពី​​​ឆ្នាំ​ ១៩៩៣​-១៩៩៨ គឺ​ប្រទេស​ជាតិ​​យើង​ត្រូវបាន​បង្រួបបង្រួម​ និង​ផ្សះផ្សារជាតិ​ រហូត​ដល់​ចុង​ឆ្នាំ​១៩៩៨​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​​​​ការ​បញ្ចប់​​ទាំង​ស្រុង​​នូវ​ការ​បែក​បាក់​ជាតិ​ ​​។ ក្រោយ​មក​ចាប់​ពី ឆ្នាំ​១៩៩៨ ដោយ​សារ​សមត្ថភាព​​របស់​ សម្តេច​ ហ៊ុន សែន ទើប​គណបក្ស​ប្រជាជនកម្ពុជា​សម្រេច​ឲ្យ​បន្ត​ក្នុង​ការ​ប្រកួត​​ប្រជែង​នៅកម្រិត​មួយទៀត​​។ ពេលនោះ​ប្រជាពលរដ្ឋ​ទទួលស្គាល់​នូវ​សមត្ថភាព​របស់​ សម្តេច គឺ​ប្រជាពលរដ្ឋ​​មាន​ការ​​គាំទ្រ​ច្រើន​ឡើង​ៗ ។ ជាក់​ស្តែង​ពិន្ទុ​ដែលទទួលបាន​នៅឆ្នាំ​ ៩៣ គឺ​​​ត្រឹម​តែ​៥១​ ទេ ប៉ុន្តែ​នៅឆ្នាំ​ ៩៨ គឺ​ពិន្ទុ​ឡើង​ដល់​ ៦៤​ ។ ត្រង់​នេះ​គឺ​បញ្ជាក់​ថា​សមត្ថភាព​ គឺ​នៅ​អាច​​បន្ត​ទៅ​ទៀត​បាន​។ នៅ​ពេល​បញ្ចប់​នីតិកាល​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​មើល​ឃើញ​ថា​ បេក្ខ​ភាព​ និង​ឥស្ស​រៈភាព​របស់​ សម្តេច​តេជោ ហ៊ុន សែន​ គឺ​នៅតែ​មាន​ប្រជាប្រិយ​ភាព​សម្រាប់​ទៅ​ដឹកនាំ​នៅ​នីតិកាល​ទី​៣ ជាបន្ត​ទៅទៀត​។ រី​ឯ​ប្រជាពលរដ្ឋ​ ក៏​បាន​ផ្តល់​ពិន្ទុ​បន្ថែម​ទៀត​ពី​ ៦៤​ ឡើង​ដល់​ ៧៣​។ ដូច្នេះ​គឺ​អត់​មាន​ពិន្ទុ​ដែល​ធ្លាក់​ទេ​ តើ​ហេតុ​អ្វី​បាន​ជា​និយាយ​ថា​អត់​សមត្ថភាព​?  ដូច្នេះ​ហើយ​ សម្រាប់​នី​តិកាល​ទី​៤ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មើល​ឃើញ​ថា​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​ត្រូវ​តែ​បន្ត​ ហើយ​​ក៏​បាន​សម្រេច​តែង​តាំង​​បេក្ខ​ភាព​សម្រាប់​អាណត្តិ​ទី​៤​ ជាបន្ត​ទៅទៀត​។ ជាលទ្ធផល​ គឺ​មិន​មែន​តែ​គណបក្ស​ប្រជាជន​បានមើលឃើញ​អំពី​សមត្ថភាព​នេះ​ទេ​ សូម្បី​តែ​ប្រជាពលរដ្ឋ​ ក៏​បាន​មើល​ឃើញ​ និង​គាំ​ទ្រ​ដោយ​ផ្តល់​នូវ​និទ្ទេស​ល្អណាស់​ឲ្យ​ទៀត​គឺ​ពិន្ទុ​រហូត​ដល់​ ៩០ អសនៈ ។​ រហូត​មក​​ដល់​ឥឡូវ​នេះ​ទៀត​ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏នៅតែមើល​ឃើញ​ថា​ពុំ​​មាន​ពិន្ទុ​ណា​ដែល​ធ្លាក់​​ចុះ​សម្រាប់​ការ​វាយ​តម្លៃ​ទៅលើ​សមត្ថភាព​របស់​សម្តេច​ ហ៊ុន សែន នោះទេ​។​ សរុប​មក​ តើ​មានហេតុ​ផល​អ្វី​ដែល​ត្រូវ​ បញ្ឍប់​បេក្ខ​ភាព​របស់​សម្តេច​ ហ៊ុន សែន​ នោះ​ ?។ ដូច្នេះ​គណបក្ស​​ប្រជា​ជន​​កម្ពុជា​ មាន​​ភាព​ឈ្លាស​វៃ​ក្នុង​ការ​​គោរព​​ឆន្ទៈ​រាស្ត្រ​ ទើ​ប​បាន​សម្រេច​​តែង​តាំង​​​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​ជាបេក្ខភាព​នាយករដ្ឋ​មន្ត្រី​ សម្រាប់​នី​តិកាល​ទី​៥ នេះ ហើយ​ក៏​រំពឹង​បន្ត​​​សម្រាប់​​នីតិកាល​​បន្ត​បន្ទាប់​ទៀត​​។

ទាក់​ទង​នឹង​សមត្ថភាព​នេះ​ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ គេ​មិនដែល​ដក​អ្នក​នយោបាយ​​ណា​ ឬ​អ្នក​ដឹកនាំ​ណា​ ដែល​មាន​សមត្ថភាព និង​មាន​ប្រជាប្រិយភាព​ ​ពី​តំណែងទេ​ គឺ​​គេមាន​តែ​ដក​ពី​តំណែង​ ឬក៏​សាម៉ី​ខ្លួន​សុខចិត្ត​លាលែង​ពី​តំណែង ពីតួនាទី​ឈរ​ឈ្មោះ​ នៅ​ពេល​​ដែល​​គេ​​ធ្វើ​​មិន​បាន​​ជោគជ័យ​។ ឥឡូវ​ គឺ​បេក្ខ​ភាព​របស់​គណបក្ស​ប្រឆាំងទេ​ ទាំង សម រង្ស៊ី ទាំង កឹម សុខា ឈរ​ឈ្មោះ​ប៉ុន្មាន​ដង​មក​ហើយ ​គឺ​មិនដែល​បាន​សម្លេង​គាំទ្រ​អី ឲ្យ​អស្ចារ្យ​ទេ​​​ ។ ដូច្នេះ ​គឺ​ខ្លួន​ឯង​ទេ​ ដែល​ត្រូវ​ពិចារណា​អំពី​សមត្ថភាព​របស់​ខ្លួន​ដែល​អន់​នោះ ​ តើ​ត្រូវ​​លា​ឈប់​ ឬយ៉ាង​ណា​?​ ។ ត្រង់​ចំណុច​នេះ​ គណបក្ស​ប្រឆាំង​គួរតែ​ពិចារណា​ចំពោះ​សមត្ថភាព​​របស់​ កឹម សុខា និង​ សម រង្ស៊ី​ នោះ​ទើប​ជាការ​ល្អ​ ហើយ​ប្រជាពលរដ្ឋ​ក៏​ចង់​មើល​សមត្ថភាព​​របស់គូរ​ប្រកួត​ថ្មី​ ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ សម រង្ស៊ី និង កឹម សុខា ដែរ​។​

ម្យ៉ាងទៀត​ សម​រង្ស៊ី និង កឹម សុខា​​ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ដរាបណា​គណបក្ស​ប្រជាជន​​​កម្ពុជា ដាក់​បេក្ខ​ភាព​ សម្តេច​តេជោ ហ៊ុន សែន ​គឺ​ពួកគាត់​គ្មាន​សមត្ថភាព​នឹង​ប្រកួត​ប្រជែង​ទេ​ ។ ចំណុច​នេះ​គឺ​យើង​ឯកភាព ប្រសិន​បើ សម រង្ស៊ី និង កឹម សុខា ហ៊ាន​សារភាព​បែបនេះ​។ ប៉ុន្តែ​ នៅពេលដែល​ខ្លួន​គ្មាន​សមត្ថភាព​ប្រកួត​ប្រជែង​ បែរ​ទៅជា​និយាយថា​ គណបក្ស​​​​ប្រជាជន​​អត់​​សមត្ថភាព​ ឬ​ខ្វះ​​អ្នក​​មាន​​សមត្ថភាព​​ជំនួស​​ប្រមុខ​រាជរដ្ឋា​ភិ​បាល​​នោះ​ គឺ​ខុស​​​ហើយ​​។ ទន្ទឹម​​នឹង​​ វីរៈភាព​ និង សមត្ថភាព​ដ៏ឈ្លាស​វៃ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ក៏​ថ្នាក់​ដឹក​​នាំ​​គណបក្ស​ប្រជាជន​​កម្ពុជា កំពុង​គិត​គូរ​អំពី​នយោបាយ​យុវជន​ និង​នយោបាយ​បន្ត​វេន​ផង​​ដែរ​​។​​​​​

-មតិ​លោក​ សត្យា រក្ស
ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ ខ្ញុំ​ចង់​ជម្រាប​ជូន​ដល់​បងប្អូន​ដែល​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ថា​ បង​ប្អូន​ប្រហែល​ជានៅចាំ​ហើយ​ថា​ លោក​ កឹម សុខា ពីមុន​ធ្លាប់​បាន​វាយ​ប្រហារ​លោក សម រង្ស៊ី​ យ៉ាង​ចាស់​ដៃ​ ដូច​ជា​លើក​ថា​ សម រង្ស៊ី ជា​មនុស្ស​អសមត្ថភាព​ ពីព្រោះ​ធ្លាប់​បាន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ចមនួន ៣ អាណត្តិ​មក​ហើយ​ ហើយ​ត្រូវបាន​គណបក្ស​ប្រជាជនកម្ពុជា​ ផ្តួល​ឲ្យ​បរាជ័យ​ចមនួន​​ ៣ ដង​រួច​មក​ហើយ​ ។ ចំណុច​ទី​២ លោក កឹម សុខា ធ្លាប់​លើក​ថា លោក សម រង្ស៊ី បាន​ដឹកនាំ​បក្ស​របស់​គាត់​ គឺ​ដឹក​នាំ​ទាំង​ងងឹត​ងងល់​ គឺ​គ្មាន​ចេះ​ គ្មាន​ដឹង​អ្វី​ទាំងអស់​។ ចំណែក​ លោក កឹម សុខា ខ្លួន​ឯង​ បែរ​​ជាខំអួត​ថា​ខ្លួន​មុន​នឹង​មក​ដឹក​នាំ​បក្ស​នេះ​ គឺ​គាត់​បាន​ជួលគ្រូ​​បរទេស​មក​បង្រៀន​គាត់​អស់​១ អាទិត្យ​​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​នេះ​ គាត់​ថា​គាត់​រៀន​បាន​តែ​ ៣ ថ្ងៃ​ទេ​។ ដូច្នេះ​ សូម​សកម្មជន​គណបក្ស​ប្រឆាំង​​កុំ​ជឿ​គណបក្ស​ប្រឆាំង​ ងប់​ងល់​ពេក​ ពីព្រោះ​​​វា​នឹង​​​ធ្វើ​​ឲ្យ​បង​ប្អូន​​ខក​ចិត្ត​ នឹង​ខាតបង់​លុយ​កាក់ ទ្រព្យ​សម្បត្តិ​ ដោយ​សារ​ការ​លក់​គោ​ ក្របី ដើម្បីប្តូរ​យក​​​តំណែង​ខ្យល់​ តាម​ការ​ស្រែក​ឃោសនា​ របស់ លោក កឹម សុខា ថា​នឹង​ឈ្នះ​ ឬអាច​ប្តូរ​ៗ​ នោះ​បាន​ទេ​។​ ចរឹត​មាយាទ របស់ សម រង្ស៊ី ក្តី​ ឬ កឹម សុខា ក្តី​ គឺ​មិនអាច​យក​ជ័យ​ជំនះ​បានទេ​ ពីពញរោះ​រឿង​ឈ្នះ​ ឬមិនឈ្នះ​ គឺ​ថិត​នៅលើ​ការគាំទ្រ​ពីប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។ បើ​ កឹម សុខា និង​ សម រង្ស៊ី ដើរ​តែញុះញង់​ ដើរ​តែ​អួត​ បែបនេះ​ តើ​នរណា​ដែល​នៅ​តែ​ជឿ​លើ​ សម រង្ស៊ី​ និង​ កឹម សុខា ទៀត​? ពីព្រោះ​បទពិសោធន៍​នៃ​ការ​​ចាញ់​ឆ្នោត​កន្លង​មក​ គឺ​ជា​ការ​ចាញ់​​យ៉ាង​​អាម៉ាស់​ ដែល​នរណា​ក៏គេ​ដឹង​ថា​ សម រង្ស៊ី​ និង កឹម សុខា គឺ​អសមត្ថភាព​​ ហើយ​បាន​តែ​ការ​និយាយ​អួត​ប៉ុណ្ណោះ ។

សំណួរ​ ៖ ថ្មីៗនេះ​ គណបក្ស​ប្រឆាំង​បាន​ប្រតិកម្មទៅ​នឹង​ប្រសាសន៍​របស់ សម្តេច​អគ្គមហា​សេនា​បតី​​តេជោ​​ ហ៊ុន សែន​ នៅពេល​ដែល​សម្តេច​ បានពន្យល់​ប្រជាពលរដ្ឋ​នៅក្នុង​វេទិកា​មួយ​ អំពី​ចរឹត​របស់គណបក្ស​ប្រឆាំង​នេះ​។ ប្រសាសន៍​ របស់​សម្តេច​ គឺ​គ្រាន់​តែ​ជាការ​ពន្យល់​​ដល់​​ប្រជាពលរដ្ឋ​ ដើម្បី​ប្រជាពលរដ្ឋ​​លោក​​ពិចារណា​​តែ​ប៉ុណ្ណោះ​ គឺ​ថា​ប្រសិន​បើ​គណបក្ស​​ប្រឆាំង​ បាន​​គ្រប់​គ្រង​​អំណាច​​ នៅពេល​ដែល​ចរឹត​របស់​ពួកគេ​មាន​ដូច​សព្វ​ថ្ងៃ​នេះ នោះ​កម្ពុជា​ អាច​នឹង​កើត​មាន​អស្ថេរភាព​សង្គម​ជាមិនខាន​ ហើយ​អាច​នឹងឈាន​ដល់​កើត​មាន​សង្គ្រាម​ជាមួយប្រទេសក្បែរខាង​ ដោយ​សារ​នយោបាយ​បញ្ឆេះកំហឹង​ វណ្ណៈ និង​នយោបាយ​រើស​អើង​ជាតិ​សាសន៍​​ របស់ពួកគេ​។

ត្រង់​ចំណុច​នេះ​ តើលោក​បណ្ឌិត យល់​ឃើញ​យ៉ាង​ម៉េចដែរ​ សូម​ជួយពន្យល់​?

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ចំណុច​នេះ​ប្រជាពលរដ្ឋ​ គួរ​ធ្វើ​ការ​ពិចារណា​ ដើម្បី​បាន​យល់​អំពីគំនិត​របស់គណបក្ស​ប្រឆាំង និង​អំពី​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ។

លោក កឹម សុខា និង​លោក សម រង្ស៊ី មិនមែន​ធ្វើនយោបាយ​តាម​បែប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ ទេ​។ ដូច្នេះ​ទាំង កឹម សុខា និង សម រង្ស៊ី ដរាប​ណា​​​អ្នក​ទាំងពីរ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺអ្នក​ទាំងពីរនេះ​មិនអាចរៀបចំ​គណបក្ស​ប្រឆាំង​ បាន​រីក​ចម្រើន​ទេ​ ។ មូលហេតុ​ គឺ​ដោយ​សារ​អ្នក​ទាំងពីរនេះ​កំពុង​ធ្វើនយោបាយបន្ត​វេន​​ដោយ​ប្រើ​មនោគមវិជ្ជា​របស់ ប៉ុល ពត​ ។ ឧទាហរណ៍​ គឺ​ កឹម សុខា និង សម រង្ស៊ី កំពុងតែ ធ្វើនយោបាយ​ បញ្ឆេះ​កំហឹង​​​វណ្ណៈ​​សង្គម រវាង​អ្នក​មាន​ និង អ្នក​ក្រ​ ហើយ​កំពុង​តែ​ធ្វើ​នយោបាយ​ប្រឆាំង​និង​វិស័យ​ឯកជន​​ ។ នេះ​ហើយ​ជា​មនោគមន៍​វិជ្ជា​របស់​ ប៉ុល ពត ដែល​កំពុង​បញ្ឆេះ​កំហឹង​វណ្ណៈទាប ឲ្យ​យក​វណ្ណៈខ្ពស់ជាសត្រូវ​។

ចំណុច​មួយទៀត​ គឺការ​ប្រឆាំង​នឹង​របបសេដ្ឋ​កិច្ច​ទី​ផ្សារ​សេរី​ ឧទាហរណ៍​ កឹម សុខា បាន​សន្យា​​រឿង​នយោបា​យ​ រដ្ឋ​ចិញ្ចឹម​រាស្ត្រ​​។ នយោបាយ​រដ្ឋ​ចិញ្ចឹមរាស្ត្រ មិនមែន​ជា​នយោបាយ​​​សេដ្ឋ​កិច្ច​​ទី​​ផ្សារ​​សេរី​ទេ​ វាជា​នយោបាយ​តាម​បែប​មនោគមន៍​វិជា្ជ ប៉ុល​ ពត​ សុទ្ធសាធ​​។ បង​ប្អូន​ត្រូវ​យល់​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​បារីស​ មិនមែន​ត្រឹមតែ​ចង់​ឲ្យ​បង​ប្អូន​​ទទួលបាន​នូវ​សុខ​សន្តិភាព​ទេ​ គឺ​ថែម​ទាំង​ចង់​ឲ្យ​​កម្ពុជា​មក​រួមរស់​នៅក្រោម​ដំបូល​ជា​មួយ​គ្នា​ និង​​​ទទួលបាន​នូវ​សេដ្ឋ​កិច្ច​ទីផ្សារ​សេរី​ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​​ កំណត់​នូវ​ជីវភាព​ និង​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ខ្លួន​។ ប៉ុន្តែ​ឥឡូវ​នេះ​ កឹម សុខា ចង់​ទាញ​កម្ពុជា​ឲ្យ​ទៅជា​របប​​ ប៉ុល ពត​ ម្តង​ទៀត​ហើយ គឺ​ស៊ី​រួម ហូបរួម​ តាម​របៀប​រដ្ឋ​ចិញ្ចឹមរាស្ត្រ​។

ចំណុច​មួយ​ទៀត​គឺ​​នយោបាយ​​ការបរទេស​ របស់ សម រង្ស៊ី និង កឹម សុខា គឺ​ជា​នយោបាយ​ជាតិ​និយម​ជ្រុល​ហួស​ហេតុ​ដែលអន្តរជាតិ​គេ​ស្អប់ខ្ពើម​ខ្លាំងណាស់​។ គឺ​ជា​នយោបាយ​​​រើស​អើង​​ពូជសាសន៍ ជា​នយោបាយ​​គ្មាន​កិច្ច​​សហប្រតិបត្តិការ​​អន្តរជាតិ​​។ ជា​ពិសេស​​កិច្ច​​សហ​ប្រតិបត្តិការ​​ជាមួយប្រទេស​ជិតខាង​ និង​ក្នុង​តំបន់​។ នៅក្នុង​របប ប៉ុល​ ពត​ ដោយ​​សារ​​តែ​បញ្ហា​នៅក្នុង​ស្រុក​ផង​ និង​ដោយសារ​បញ្ហា​ ប៉ុល ពត ​ទៅធ្វើ​សត្រូវ​ជា​មួយ​ប្រទេស​​ជិត​ខាង​​ផង​​ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​រាប់លាននាក់​ពីការ​ចោទ​ប្រកាន់គ្នា​ទៅវិញ​ទៅមក​​ថា​ ក្បាល​យួន​ ខ្លួន​ខ្មែរ​ ។ ត្រង់​ចំណុច​នេះ​ប្រជាពលរដ្ឋ​ត្រូវ​ពិចារណា​ ហើយ​ចាំ​ប្រៀប​ធៀប​ជាមួយនឹង​ប្រសាសន៍​របស់​ប្រ​មុខ​រាជរដ្ឋា​ភិបាល​ ។ បើសិនជា សម រង្ស៊ី និង កឹម សុខា កាន់អំណាច​ នោះ​មនោគមន៍វិជ្ជា​ ប៉ុល ពត នឹង​ត្រឡប់​មក​វិញ​ហើយ​។ ជាក់ស្តែង​ កាលពីថ្ងៃ​ ១៧ មេសា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗនេះ​ លោក សម រង្ស៊ី បាននិយាយ​ហើយ​ថា បើ​សិន​គាត់​បាន​អំណាច គាត់​នឹង​កាត់​រាជរដ្ឋា​ភិបាល​​ទាំងអស់ ​។ ចំណែក​រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា គឺ​មិនបានទៅកាត់ទោស​ខ្មែរ​ក្រហមទាំងអស់ទេ​ ផ្ទុយទៅវិញ​ គណបក្ស​ប្រជាជនកម្ពុជា ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ចាត់​វិធានការ​ណ៍​ នយោបាយ​ដ៏​ប្រពៃ​មួយគឺ​សមាហរណកម្ម​បង​ប្អូន​អតីតខ្មែរក្រហម​ឲ្យ​មក​​រស់​នៅក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែមួយ​ ដោយ​ការ​ពារ​សិទ្ធិ​រស់​នៅ​បន្ត​ទៀត​ជាមួយនិង​ប្រជាពលរដ្ឋ​កម្ពុជា​ដ៏ទៃ​ទៀត​ ដោយ​យើង​កាត់​ទោស​តែ​មេដឹកនាំ​កំពូល​របស់​​ ប៉ុល ពត ​ទេ​ ។ ចំណែកឯ កឹម សុខា និង សម រង្ស៊ី ​គឺ​ចាប់​ផ្តើម​ឡើង​ គឺ​កំទេច​ចោល​ទាំងអស់​តែម្តង​។ ចំណុចនេះ​ហើយ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនចង់​បានទៀត​ឡើយ​។ ឆ្នាំ​១៩៩៨ នៅពេល​ដែល​យើង​ទទួល​បាន​សន្តិភាព​ទូទាំង​ប្រទេស​ គឺ​ជាភាពថ្លៃថ្លាណាស់​។​ មាន​សន្តិភាពនេះ​​ហើយ​ ទើប​យើង​អាចអភិវឌ្ឍ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ តើ កឹម សុខា និង សម រង្ស៊ី ជា ប៉ុល ពត​ ឬទេ​? បើ​អ្នក​ទាំង​ពីរ​នេះ​មិន​ទទួល​សមិទ្ធផល​ជាតិ​ ដូចជាស្ពាន​ថ្នល់ និង​អ្វី​ៗ​ផ្សេងទៀត​ទេ​ គេ​ថា​យើង​មិនរីកចម្រើន​។ តើ​យើង​មាន​ការ​ភ័យ​ព្រួយ​អំពី​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប ប៉ុល ពត​ ដែល​ដឹក​នាំ​ដោយ​ កឹម សុខា និង សម រង្ស៊ី ឬទេ? របប ប៉ុល ពត ត្រឡប់​មក​វិញ មិនចាំបាច់ តួអង្គ​ ប៉ុល ពត​ ទេ។ សម្រាប់មេដឹក​នាំ​ដែលមាន​ខួរ​ក្បាល ដើរ​តាម​លំនាំ​ ប៉ុល ពត របៀប​ កឹម សុខា និង សម រង្ស៊ី នេះ​គឺ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​អស្ថេរភាព​នយោបាយ​ជាមិនខាន​។ ខ្ញុំហ៊ាន​និយាយថា បើ​សិន ជាគណបក្ស កឹម សុខា និង សម រង្ស៊ី មាន​សម្លេង​ច្រើន គឺមិនចាំ​បាច់​ដល់​ដឹកនាំ​រដ្ឋា​ភិ​បាល​​​ទេ​​នោះ​ពួកគេ​នឹង​នាំ​កម្ពុជាទៅកាន់​កល្បយុគ្គកាន់​តែ​ខ្លាំង​ជាមិនខាន​។ សព្វ​ថ្ងៃនេះ ពួក​គេ​​មាន​​តែ​២៩ ទេ​ គឺ​ពួកគេ​រំខាន​ប្រជាធិបតេយ្យ​នៅកម្ពុជា និង​រំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​របស់​​រដ្ឋាភិបាល​រួចទៅហើយ​ ។​

ដូច្នេះ​នេះ​ជាចំណុច​សំខាន់​ដែល​ជនរួមជាតិ​ត្រូវ​តែ​ពិចារណា​ ជាពិសេស​ចំពោះ​សេច​ក្តី​ពន្យល់​របស់ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ដែល​លោក​តែង​តែ​មាន​ប្រសាសន៍​ពន្យល់​​ដោយ​​ក្តី​គោរព​ និង​ដោយ​ចិត្ត​ស្មោះ​ត្រង់​បំផុត​ចំពោះជាតិ​ ចំពោះ​ប្រជាពលរដ្ឋ​ ទាក់ទង​ទៅនឹង​មាយាទ​របស់​គណបក្ស​ប្រឆាំង​ ក៏ដូចជា​អ្នក​នយោបាយ​ដែលមាននិន្នាការ​ប្រឆាំង​ដ៏ទៃទៀត​ដើម្បី​បងប្អូន​បាន​ពិចារណា​ អំពី​ខ្លឹមសារ​ដ៏មាន​សារៈសំខាន់​នេះ​។ សម្តេច​ លោក​បាន​​ស្នើ​​សុំ​​ឲ្យ​​មាន​​ការ​​បញ្ចប់​នូវ​ទស្សនៈ « ទឹកឡើងត្រីស៊ីស្រមោច​​ ទឹកហោចស្រមោចស៊ីត្រី​ » នេះ​ ដែលជាទស្សនៈនៃការ​សងសឹក​គ្នា​ទៅវិញ​ទៅមក​ ដែល​បន្ត​នូវការ​បង្ហូរឈាមគ្នា​មិនចេះ​ចប់​។ ចំណែក កឹម សុខា និង សម រង្ស៊ី កំពុង​តែ​ប្រើប្រាស់​នូវ​មធ្យោបាយ​សង​សឹក​នេះ​បន្ត​វេន​ពី​​របប ប៉ុល ពត​ ។ ដូច្នេះ​សូម​បងប្អូន​ពិចារ​ណាឲ្យ​មែនទែន​ ​មុន​នឹង​សម្រេច​ចិត្ត​គាំ​ទ្រ​គណបក្ស​​ប្រឆាំង​​នេះ​ ៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី