Thursday, May 2, 2013

សម្តេច​​តេជោ​៖ទិវា​ពលកម្ម​​អន្តរជាតិ​​១​ឧសភា​​ផ្តើម​​ចេញ​​ពី​ថ្ងៃ​​ ៧ ​​មករា ​១៩៧៩

នា​ព្រឹកថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ២០១៣ ក្នុងនាម​រាជរដ្ឋាភិបាល​ និង​ក្នុង​នាម​សម្តេចផ្ទាល់​ សម្តេច​តេ​ជោនាយករដ្ឋ​មន្ត្រី​បាន​ចូល​រួម​ និង​សំដែង​ការអប​អរ​ដោយស្មោះ​ស្ម័គ្រ​ជាទីបំផុត​ ជា​មួយ​កម្មករ និយោជិក និយោជក និង​ជន​រួមជាតិ​ទាំង​អស់​ ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី១២៧ ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា​ ឆ្នាំ​២០១៣ នៅ​សាល​សន្និសីទ​កោះពេជ្រ។

សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ទិវាពលកម្ម​អន្តរជាតិ​១ឧសភា​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ​៧ មករា ​១៩៧៩​ រហូត​មក ​ហើយ​លើស​ពីនេះ​ទៀត​រាជរដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​កំណត់​យក​ថ្ងៃ១ ឧសភា ​ជារៀងរាល់​ឆ្នាំ ​ជា​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ កម្មករ​ និយោជិក​ ទាំងអស់​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ជំនះ​ រាល់​ឧប​សគ្គ​ទាំង​ឡាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងការ​រក្សា​ឆ្នាំង​បាយ​របស់​កម្មករ ក្នុង​ខណៈ​ពេល​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​អាមេរិក និង​អឺរ៉ុប ដែល​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​បញ្ជាទិញ​ពី​កម្ពុជា ដែល​ធ្វើឲ្យ​ទីផ្សារ​របស់​យើង​តូច​ចង្អៀត​ធ្វើឲ្យ​រោង​ចក្រ​មួយ​ចំនួន​ត្រូវ​ផ្អាក និង​បិទទ្វារ​អស់​មួយចំនួន​ផង​ដែរ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ពេល​នោះ​រាជ​រដ្ឋា​ភិ​បាល និង​គណបក្ស​ប្រជាជន ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​រោងចក្រ​មួយចំនួន​បាន​ដំណើរការរក្សាបាន​នូវ​ការងារ ដែល​ជា​ឆ្នាំងបាយ​របស់​កម្មករ ហើយ​ការ​ខិតខំ​ទាំងនេះ​ គឺ​វា​ផ្ទុយ​ពី​គណបក្សប្រឆាំង​ ដែល​គ្រាន់តែ​សន្យា​ខ្យល់​ជាមួយ​កម្មករ។

សម្តេច​តេ​ជោ​ក៏បានធ្វើការ​ណែនាំ និង​អំពាវនាវ​ឲ្យ​មាន​ការយកចិត្តទុកដាក់​លើបញ្ហា​មួយចំនួន ដូចជា ​ការគោរព​អនុវត្ត​ច្បាប់​ការងារ ​លក្ខខណ្ឌ​ការងារ ​ដោះស្រាយ​វិវាទ​ការងារ ​និងបាន​យក​ឱកាស​នោះ ​អំពាវនាវ​ដល់​កម្មករ និយោជិត និយោជក រោងចក្រ សហ​គ្រាស​​នានា ត្រូវ​យក​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​១ ​ឧសភា​ រៀបចំ​ធ្វើ​សកម្មភាព វប្បធម៌ សិល្បៈ ការ​លំហែ​ ការ​កំសាន្ត​រីករាយ​តាម​លទ្ធភាព និង​លក្ខណៈ​សម្បត្តិ​រៀងៗ​ខ្លួន ហើយ​ចៀស​វាង​ឲ្យ​បាន​ដាច់ខាត​នូវ​ការធ្វើ​សកម្មភាព​នានា ដែល​នាំឲ្យ​រំខាន​ដល់​សណ្ដាប់ធ្នាប់​សា​ធារណៈ និង​បរិយាកាស​សប្បាយ​រីករាយ​របស់​សង្គមជាតិ។

ទាក់ទង​នឹង​វិស័យ​ការងារ​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​បញ្ជាក់​ថា ឥឡូវ​នេះ​នៅ​កម្ពុជា​យើង​ គឺ​កំពុង​ខ្វះ​កំលាំង​ពលកម្ម​យ៉ាងច្រើន ផ្តើម​ពី​បញ្ហា​នេះ​ ថៅកែ​រោងចក្រ​ គឺ​ត្រូវ​តែមាន​ការប្រឡងប្រណាំង​គ្នា​ទាក់ទង​នឹង​ការថែទាំ​សុខភាព​របស់​កម្មករ ​រួម​ទាំង​ការ​គិតគូរ​អំពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ផងដែរ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រាក់​ឈ្នួល នៅ​ប្រទេស​មួយចំនួន​ជិតខាង​យើង​នេះ​ រាប់ទាំងឥណ្ឌា​ដែល​ជា​ប្រទេស​រីកចម្រើន​មួយ ​គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​យើង​ទេ ហើយ​ប្រទេស​ខ្លះ​អាចទាប​ជាង​ប្រាក់​ឈ្នួល​នៅ​ប្រទេស​យើង​ទៅទៀត។ ទន្ទឹម​នេះ​ចំពោះ​មន្ត្រីរាជការ កងកំលាំង​ប្រដាប់​អាវុធ​ ក៏ត្រូវ​បាន​ដំឡើង​ក្នុង ១ឆ្នាំ ២០% ​ផង ដែរ ​ហើយ​អ្នក​ដែល​មាន​កាំ​ប្រាក់ (​ឃ​) ដែល​មាន​ទឹកប្រាក់​ជាង ២០ម៉ឺន​រៀល ​ជា​ចំនួន​តិច​ជាង​គេ​នោះ ក៏​នឹងត្រូវ​លុបចោល​មិន​ឲ្យ​មាន​តទៅ​ទៀត ហើយ​នៅពេល​ខាងមុខនេះ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ នឹងអាច​បង្កើន​ទៅតាម​ការវិវត្តន៍​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​វិញ​ម្តង។

សម្តេចតេជោ​បានធ្វើការ​អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ទាំងអស់ ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​កុំ​ជឿ​ការ​ញុះ​ញង់របស់​បក្ស​ប្រឆាំង ដែល​នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ការងារ ​ដែលជា​ឆ្នាំងបាយ​របស់ខ្លួន។ សម្តេចតេ​ជោ​មាន​ប្រសាសន៍​ថា ចំពោះ​ការបោះឆ្នោត​នេះ​ គឺជា​ការបោះឆ្នោត​ថ្នាក់​ជាតិ ​ហើយ​បើសិន​ធ្វើការសំរេចចិត្ត​ខុស ​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ ព្រោះថា​តួនាទី​នាយក​រដ្ឋ​មន្ត្រី​ការ​សំរេចចិត្តខ្លះ ​គឺ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ​អន្តរជាតិ។ សម្តេច​តេ​ជោ​បាន​សំណូមពរ​​ទោះជា​មានការ​ខឹង​ទៅលើ​មេភូមិ មេឃុំ ឬ​មន្ត្រី​នគរបាល​ខ្លះ ​លើ​ប្រការ​ផ្សេងៗ សូម​កុំ​ខឹង​គោ វាយ​រទេះ។ រីឯ​បញ្ហា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​ បើ​មាន​បញ្ហា​ខុស​ឆ្លង ​គឺ​គេ​អាច​ផ្លាស់​ប្តូរ​បានទេ។ ដូច្នេះ​បើ​ស្រឡាញ់​ បើ​អាណិត បើ​ពេញចិត្ត បើ​ជឿទុក​ចិត្ត ហ៊ុន សែន សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ចអតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រ​ធាន​គណៈកម្មការ​ដឹកនាំ​ការ​កសាង​គណបក្ស​ កសាង​អង្គការសហជីព និង​ចលនា​កម្មករ និយោ​ជិក ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន បាន​រាយការណ៍​អំពី​វឌ្ឍនភាពនៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការបង្កើត​សហជីព អង្គការ​វិជ្ជាជីវៈ និង​សិទ្ធិ​កូដកម្ម​ដែល​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​ប្រកបដោយ​ផ្លែផ្កា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ពិធី​សំណេះសំណាល​នៅ​ថ្ងៃ​នេះ គឺជា​ព្រឹត្តិការណ៍​ដែល​បាន​ផ្សារភ្ជាប់ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ដែល​ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​តាំងពី​ក្រោយ​ថ្ងៃ​៧ ​មករា ១៩៧៩​មក ដើម្បី​រំលឹក​ដល់​សមិទ្ធផល​នៃ​ការអភិ​វ​ឌ្ឍ​ន៍​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​បង្កើត​នូវ​បទដ្ឋាន​ការងារ​សម ស្រប​សម្រាប់​កម្មករ និយោ​ជិក ​និយោជក ដែល​ជា​កំលាំង​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

យោង​តាម​ការ​ធ្វើជំរឿន​សហគ្រាស​ឆ្នាំ២០១១ ឲ្យ​ដឹងថា ប្រទេស​កម្ពុ​ជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​សរុប​ចំនួន ៥០៥ ១៣៤ ដែល​ផ្តល់​ការងារ​សរុប ១ ៦៧៦ ២៦៣ នាក់ ក្នុងនោះ​ស្រី ១ ០២៦ ០៨៤ នាក់​ ដោយ​មិនទាន់​គិត​ឱកាស​ការងារ​ក្នុង​វិស័យ​កសិកម្ម ដែល​មាន​កំលាំង​ពលកម្ម​រាប់ លាន​នាក់។ ដោយឡែក​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង គិត​មកដល់​ចុងឆ្នាំ ២០១២ មាន​រោងចក្រ​ចំនួន ៧២៨ គឺ​កើនឡើង​ប្រមាណ ១៣៩ រោងចក្រ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១១ និង​មាន​កម្មករ​និយោជិក​ចំនួន ៥១០ ៦៨២ នាក់ ដោយ​បាន​ទទួល​ប្រាក់​ឈ្នួល​ប្រមាណ ៤០ លាន ដុល្លារ​អាមេរិក​ក្នុង ១ ខែៗ​ព្រមទាំង​បាន​បង្កើត​មុខរបរ​ប្រយោល​ថែមទៀត ដូចជា​ផ្ទះ​ឈ្នួល​លក់ដូរ ម្ហូបអាហារ ការ​ដឹកជញ្ជូន​ប្រមាណ​ ២ លាន​នាក់​ដែល​បាន​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យនេះ។ បន្ថែម​លើ​នេះ តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែក​ជើង​បាន​កើន​ឡើងជា រៀងរាល់ឆ្នាំ ដោយ​ឡែក​ឆ្នាំ ២០១២ បរិមាណ​នាំចេញ​មាន​ចំនួន ៤ ៣៥៩ លាន​ដុល្លារ​អាមេរិក៕