Thursday, May 2, 2013

បទអត្ថា​ធិប្បាយ​៖ បក្ស​ប្រឆាំង​​ខ្សោះ​ខ្យល់៖ បាតុកម្ម​ដែល​​គ្មានការ​គាំទ្រ​ពី​​មហា​ជន​

នៅ​ទីបំ​ផុត ការ​ប៉ុនប៉ង​បង្ហាញ​សាច់​ដុំ ​តាម​រយៈការកៀង​គរពលរដ្ឋឱ្យ​ចូល​​​រួម​ធ្វើ​មហា​បាតុ​កម្ម មិន​ត្រូវ​បាន​ប្រជាពលរដ្ឋចាប់​អារម្មណ៍ឡើយ។ ការប្រមូល​ផ្តុំគ្នាធ្វើ​បាតុកម្ម ក្នុង​រាជធានីភ្នំ​ពេញ​កាល​ពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ២០១៣ កន្លង​​ទៅ វាដូចជាស្គរប្រហោង​ក្នុង​ ឬក៏ដូចជា​សម្រែក​ក្អាត់​ក្នុង​ក្អមតែប៉ុណ្ណោះ។

ការបាត់​បង់​កម្លាំងគាំទ្រ​ពី​ប្រជាពល​រដ្ឋជាមួយ​នឹង​ការ​អំ​ពាវ​នាវរបស់​​បក្សប្រឆាំង​ បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា « វិធីតវ៉ាតាម​រយៈការដឹក​នាំធ្វើបាតុកម្ម គឺ​បាន​ថម​ថយឥទ្ធិពលធ្លាក់ចុះ​ដល់​កំ​រិត​ទាបបំ​ផុត​​ ហើយ​ក៏​មិនមែន​ជាអាវុធ​ដើម្បី​យកមក​ធ្វើ​ជា​មធ្យោ​បាយ​ដ៏ស័ក្តសិទ្ធិ សម្រាប់គំ​រាម​មកលើ​រាជ​រដ្ឋា​ភិបាល ឬក៏ស្ថាប័នឯករាជ្យគ.ជ.ប ​ឱ្យ​ធ្វើ​អ្វីៗស្រេចតែនឹង​ការចង់​បាន​របស់​ពួក​គេបាន​ឡើយ»។

ម៉្យាងវិញទៀត​ វារិតតែអាក្រក់​បំ​ផុតដែល​ពល​រដ្ឋម្ចាស់​ឆ្នោត​ស្អប់​ខ្ពើម និង​មិន​ចំ​ណាយ​ពេល​ឥតប្រយោជន៍ណាមួយ​ចូល​រួម​សហការនោះ​ទេ ដោយ​គិត​ថា « វាជាបាតុកម្ម​នយោបាយ ដែល​មិន​មែន​ជាបញ្ហាឆ្នាំង​បាយ​ ឬ​ជីវភាព​ប្រចាំថ្ងៃរបស់​ពួក​គាត់»។ មិន​ត្រឹម​តែប៉ុណ្ណោះ​ បាតុកម្ម​របស់​បក្សប្រឆាំងជាញឹក​ញាប់ប្រឈម​នឹង​​ហានិភ័យ​ខ្ពស់​អំពី​ភាព​ស្រប​ច្បាប់​ ដោយ​ពួកគេ​តែង​តែ​​មាន​បំ​ណង​ចង់​បង្ក​ភាព​ចលាចល នាំមកនូវ​ភាព​ជ្រួល​ច្របល់​ វក់​វីក្នុង​សង្គម​ តាម​រយៈការប៉ុនប៉ង​ដើរដង្ហែក្បួន​បែប​​​​អានាធិបតេយ្យនៅ​តាម​ដងផ្លូវ​ នាំឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខជាតិ សណ្តាប់​ធ្នាប់​សាធារណៈ ដែល​ជាទង្វើ​បំ​ពានច្បាប់​ ប្រថុយ​នឹងគ្រោះថ្នាក់​ និង​អំពី​សុវត្ថិភាព​ ​ ។

ភាពជាក់​ស្តែង កម្លាំង​ចូល​រួម​ក្នុង​ ពាក្យមហាបាតុកម្ម​របស់​បក្ស​ប្រឆាំង មាន​អ្នក​ចូល​រួម​ដ៏តិចតួច​បំ​ផុត​ ផ្ទុយពីការប្រកូក​ប្រកាសយ៉ាង​កង​រំ​ពង​ ដែលដំ​បូង​ឡើយ​ ហាក់​ដូចជាបក្សប្រឆាំង​រំ​ពឹង​ថា «ខ្មែរទូទាំង​នគរ នឹង​ត្រូវ​បាន​ពួកគេក្រសោបជាប់​ក្នុង​សំ​ណាញ់ ដើម្បី​គាំទ្រ​នយោបាយ​របស់​ពួក​គេ» ប៉ុន្តែ ការ​អន្ទង​ដួង​ចិត្តប្រជាពល​រដ្ឋ ត្រូវ​ទទួល​បរាជ័យយ៉ាង​អាមាស់​។

វាពិត​ជា​គ្រោះ​ថ្នាក់ខ្លាំង​ណាស់​សម្រាប់​សង្គម​ជាតិ ​ដែលពល​រដ្ឋ​កំ​ពុងរស់​នៅ​យ៉ាងជាប់​​​​ស្អិតជាមួយ​នឹង​​ស្ថេរភាព​នយោ​បាយ​ រីក​រាយ​នឹង​សមិទ្ធផល​ដ៏ច្រើន​សន្ធឹក​សន្ធាប់ដែល​កើត​ចេញ​ពី​ស្នាដៃធំ​ៗ​របស់​​រាជរដ្ឋាភិបាល​ដឹក​នាំដោយ​គណបក្សប្រជាជន​កម្ពុជា ប្រសិន​បើត្រូវ​បានបំ​ផ្លាញ​​ដោយ​ក្រុមបក្ស​ប្រឆាំង​មែន​នោះ​។ ប្រជាពល​រដ្ឋខ្មែរទូទៅ​ បាន​ និង​កំ​ពុង​មាន​​​ឱ​កាសគ្រប់​គ្រាន់ក្នុង​ការ​ប្រកប​របរទទួល​ទាន​​ដោយ​សេរី ក្នុង​ជីវភាព​ដ៏ប្រសើរ​ ជាពិសេស ប្រជាពល​រដ្ឋបាន​បំ​ពេញ​កាតព្វ​កិច្ច​​របស់​ខ្លួន​ស្រប​តាម​​​ច្បាប់​រដ្ឋធម្មនុញ្ញ ក្នុង​ការផ្តល់​សេចក្តី​ទុកចិត្ត​​ជ្រើ​សរើ​សអ្នក​តំ​ណាង​រាស្ត្រតាម​រយៈការ​បោះ​​ឆ្នោត​អស់ពេល​​៤អាណត្តិ​កន្លងមក​ហើយ​ គឺ​​ពួក​គាត់​មិ​ន​បាន​ធ្វើ​តាម​បញ្ជា​របស់​បក្ស​ប្រឆាំង ឬគណបក្សនយោបាយ​ណា ឬក៏​ការ​ល្បួង​លួង​លោមដោយ​ឧបាយកល​ទុចរិត​ ណាមួយ​ដើម្បី​​ផ្លាស់​ប្តូរអំ​ណាច​នោះទេ។

មិន​ដូច​អ្វី​ដែល​ក្រុម​បក្សប្រឆាំង​បាន​ឃោសនានោះ​ឡើយ ។ ការពិតគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​និង​កំ​ពុង​អនុវត្តការងារ​របស់​ខ្លួន​ដោយ​ត្រឹម​ត្រូវ​តាមនិតិវិធី​​ច្បាប់​ ក្នុង​ការ​ចុះ​ឈ្មោះ​ប្រជាពល​រដ្ឋសម្រាប់​ការបោះ​ឆ្នោត​ឆ្នាំ២០១៣ខាងមុខ វាខុសពី​របាយការណ៍របស់​ ស៊ូយ៉ា ស៊ូប៊ែឌី អ្នក​រាយការណ៍​អំពី​បញ្ហាសិទ្ធិមនុស្ស​​នៅ​កម្ពុជារបស់​អង្គការសហប្រជាជាតិ NDI Comfrel និង​នីកហ្វិក ដែល​របាយការណ៍របស់​ពួកគេមាន​ភាពខុសគ្នារហូតដល់​ជាង១៥ភាគរយ​​ គឺរបាយការណ៍​ខ្លះថា ប្រជាពល​​រដ្ឋមិន​បាន​ចុះ​ឈ្មោះ​មាន​ចំ​នួន៩៧ភាគ​រយ និងខ្លះទៀត​ថា​មាន​ចំ​នួន​​៨២ភាគ​រយ​។

បើ​យោង​តាម​របាយការណ៍មិន​មាន​លក្ខណៈសុក្រិត​ទាំង​នេះ គឺប្រជាជន​កម្ពុជាប្រមាណ​ជាង១លាន​នាក់​មិន​មានឈ្មោះក្នុង​បញ្ជីបោះ​ឆ្នោត​ នេះ​បើ​គិត​ចន្លោះពី​៨២ទៅ៩៧ភាគរយ​តែប៉ុណ្ណោះ។ ដូច្នេះ ប្រសិន​បើ​ពួក​គេធ្វើ​របាយការណ៍​ក្នុង​បញ្ហា​តែមួយ មាន​ភាព​មិន​ច្បាស់​លាស់​ ដោយ​​តួលេខផ្សេង​គ្នា​បែប​នេះ តើ​ពល​រដ្ឋខ្មែរជាម្ចាស់​ឆ្នោត​សុខចិត្តមក​ចូល​រួម​ធ្វើ​បាតុកម្ម​តាម​ការ​ ញុះញង់​របស់​បក្ស​ប្រឆាំងបាន​​ដូចម្តេច​កើត​?។ នេះ​ ជាចំ​នុចខ្សោយ​បំ​ផុត​របស់​បក្ស​ប្រឆាំង​ដែល​បាន​​បើក​យុទ្ធនាការ​គាំទ្ររបាយការណ៍ភូត​កុហកពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​ជន​បរទេស​ខ្លះ​​​ដែល​ងុប​ជ្រប់​នឹង​វប្បធម៌ប្រឆាំង​ជាមួ​យរាជ​រដ្ឋាភិបាល​ ដោយ​ខ្វះភាព​តក្កៈវិទ្យា និង​មានការកេង​បន្លំ​តួលេខ ក្នុងចេតនាបំ​ភ័ន្តម្ចាស់​ឆ្នោត។

ការដំ​ឡើង​សាច់​ដុំ​របស់​បក្សប្រឆាំង​ត្រូវ​បាន​ដាំក្បាលចុះ។ កម្លាំង​របស់​ពួក​គេត្រូវ​បាន​បង្ហាញប្រាប់​ដល់​ក្រសែភ្នែក​ម្ចាស់​ឆ្នោត​បាន​ថា មិន​អាច​មាន​ឱកាសដឹក​នាំប្រទេសបាន​ឡើយ។ ប៉ុន្តែ ពួកគេនៅព្យាយាម​បន្ត​ស្រែកបំ​ពុល​បរិយាកាសសង្គម​ ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​ ទាំង​មិន​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់ និង​​សច្ចៈធម៌។​​

ការ​ប្រកាសដឹក​នាំធ្វើ​មហាបាតុកម្ម​នាពេល​ខាង​មុខទៀត​សោត  បន្ទាប់​ពីបរាជ័យ​ គឺវា​គ្រា​ន់​​ជា​សម្រែក​​របស់​អ្នក​ចាញ់​ ហើយ​វាក៏ជាចេតនាបង្ករការរាំង​ស្ទះ​ដល់​​ដំ​ណើរការ​បោះ​ឆ្នោត​ នៅ​កម្ពុជាយ៉ាង​ជាក់​ច្បាស់​ ​​ពេល​​ដែល​ពួក​គេដឹង​ខ្លួន​ជាមុន​ថា​ មិន​អាច​កសាង​គុណ​សម្បត្តិ​ណាមួយ​ប្រជែង​ជាមួយ​គណបក្សកាន់​អំ​ណាចបាន ទើប​ជ្រើសរើសយក​របៀប « ចាញ់គំ​រាម​​ធ្វើ​បាតុកម្ម​ » ដើម្បី​បន្តអាជីព​នយោបាយ និង​ក៏ដើម្បី​ការពារ​មុខមាត់​របស់​ខ្លួន​តាម​រយៈការស្វែក​រក​កំ​ហុសអ្នក​ដ៏ទៃ ទាំង​ខ្លួន​​ឯង​អសមត្ថភាព​ពេញ​បន្ទុក៕

អត្ថបទដោយ៖ ពូន សំ​រេច​​