Thursday, May 2, 2013

សម្តេច​​តេជោ​​ផ្តល់​​អនុសាសន៍​៩ចំណុច​​ដល់​​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​​នេសាទ និង​​ចំអក​​ដល់​អ្នក​នយោបាយ​​ប្រឆាំង

នៅ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ២០១២-២០១៣ និង​ទិសដៅ​ការងារ​ប្រចាំ​ឆ្នាំ ២០១៣​-២០១៤ របស់​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ និង​សម្ពោធ​អាគារ​សិក្សា​សកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម នា​ថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១៣ ដែល​ប្រារព្ធ​ធ្វើនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ផ្តល់​អនុសាសន៍សំខាន់ៗ​ចំនួន​ ៩ចំណុច ដល់​ក្រសួងកសិកម្ម​សំរាប់​អនុវត្តនា​ពេល​ខាងមុខ ក៏​ដូច​ជា បាន​ប្រតិកម្ម​ទៅ​នឹង​គណបក្ស​ប្រឆាំងដែល​បាន​និយាយ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ខ្វះ​ធនធាន​មនុស្ស​ ដោយ​បាន​ដាក់​បេក្ខជន​ជា​មនុស្ស​ដដែលៗ ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។

សម្តេច​តេ​ជោ​ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​សាកល​នីតិកាល​ទី៥ នៃ​រដ្ឋសភា​នៅ​ក្នុងខែ​កក្កដា​ ឆ្នាំ២០១៣ ខាងមុខ​ បានមានប្រសាសន៍​ថា ឥឡូវ​ខ្ញុំ​មិន​ហៅ​អា​ល្ងង់​ទេ ខ្ញុំ​ហៅ​លោក​ប្អូន ខ្ញុំ​ហៅ​លោក​ប្អូន​ជា​ការ​គួរសម​កុំ​ឲ្យ​គេ​ថា​អសុរ​ស ព្រោះថា​អាយុ​អាច​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្តែ​អ្វីដែល​សំខាន់​ គឺ​ដោយសារតែ​លោក​ប្អូន​ធ្លាប់​បាន​សុំ​យោបល់​ខ្ញុំ​ លើ​បញ្ហា​បង្កើត​បក្ស​ពីឆ្នាំ​២០០៦-២០០៧ ថា «ខ្ញុំ​គួរ​នៅ​អង្គការក្រៅរដ្ឋាភិបាល​ត​ទៅ​ទៀត ​ឬក៏​ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​បក្ស​ហើយ​មាន​ទាំង​ខ្សែអាត់ ថត​សម្លេង​ទៀត​ផង»។ សម្តេច​​តេ​ជោ​បានមាន​ប្រសាសន៍​ចំអក​ថា លោក​ប្អូន​កុំ​ល្ងង់​ពេក​ធ្វើ​នយោ​បាយ បើ​គង់តែ​គណបក្ស​ប្រជា​ជន​ដាក់​មនុស្ស​ធុន​អន់​ធ្វើ​បេក្ខជន​នាយករដ្ឋមន្ត្រី ​ដែរ គួរតែ​ឲ្យ​ដាក់​ទៅ ដើម្បី​លោក​ប្អូន​​ស្រួល​វាយ។ កុំ​ល្ងង់​ពេក កុំ​ឆោត​ពេក ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ប៉ុណ្ណឹង លោក​ប្អូន​អើយ​លោក​ប្អូន​បានជា​ធ្លាប់​ធ្វើ​កូនសិស្ស គ្រូ​បឋម​ទៅ​ហើយ។

សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​ថា ខ្ញុំ​ផ្តល់​អនុសាសន៍​ទេ អនុសាសន៍​ជូន​បក្ស​ប្រឆាំង​ថា បើ​ ហ៊ុន សែន អន់​ហើយ​ ទុក​ឲ្យ ហ៊ុន សែន ឈរ​ទៅ ​ព្រោះ​ខ្លួន​នឹង​ឈ្នះ។ ថ្ងៃនេះ​ខ្ញុំ​ចង់​ផ្តល់​នូវ​មតិ ព្រោះ​វា​ហួស​ហេតុ​ពេក​ហើយ លើក​មុនគេ​បាន​ប្រកាស​ថា ខ្ញុំ​ជា​គ្រូ​បឋម នៅមុន​ចូលឆ្នាំ​ខ្មែរ​នេះ​គេ​បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​ខ្វះ​ធនធាន​មនុស្ស​ធ្វើ​នាយករដ្ឋមន្ត្រី​ ដាក់​តែមួយ​ហ្នឹង។ សម្តេច​​តេ​ជោ​មានប្រសាសន៍ថា គាត់​ធ្លាប់​សុំ​យោបល់​ខ្ញុំ ឥឡូវ​ហ្នឹង​ខ្ញុំ​ក៏​បន្ត​ធ្វើជា​អ្នក​ផ្តល់​យោបល់​ឲ្យ​គាត់ បើ​ថា​គណបក្ស​ប្រជាជនដាក់​មនុស្ស​ដូច ហ៊ុន សែន វា​ធុន​អន់​ប្អូន​ឯង​គួរ​តែ​សប្បាយ​ទៅ ព្រោះ​អា​មនុស្ស​អន់​នេះ ​មុខតែ​គេ​មិន​បោះឆ្នោត​ឲ្យ​ហើយ ម្តេច​ក៏​ប្អូន​ឯង​ចាំ​ឡូឡា​ អី​ក៏​ល្ងង់​ម្ល៉េះ​ធ្វើ​នយោបាយ បើ​ល្ងង់​តែ​ធុន​ហ្នឹង​ថ្ងៃ​ណា​ទៅទើបបាន​ឈ្នះ ឬមួយ​សំដី​នេះ​គ្រាន់តែ​ជា​ការ​លួង​ចិត្ត ហើយ​បន្តុះបង្អាប់​ទេ។ ចាត់ទុក​ខ្ញុំ​ជា​គ្រូ​បឋម ហើយ​ខ្លួនឯង​ទើបនឹង​រៀន​ពី​គ្រូ​បឋម​ប៉ុន្មាន​ឆ្នាំ​មុននឹង ឥឡូវ​ភ្លេច​គ្រូ​ទៅទៀត។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ឥឡូវ​លោកគ្រូ​ផ្តល់​មតិ​វិញ​ថា លោក​ប្អូន​ទ្រាំ​ទៅ​ល្អ​ណាស់ ហ៊ុន សែន បន្ត​នឹង​ដូចជា​ឲ្យ​ពិន្ទុ​​ប្អូន​សម្រាប់​ឈ្នះ​អញ្ចឹង ព្រោះ ហ៊ុន សែន វា​អន់។ ចេះ​និយាយ​ទៅ​រួច​​មិន​ចេះ​​ខ្មាស់​សមាជិក​បក្ស​ខ្លួនឯង សមាជិក​​បក្ស​ខ្លួនឯង​និយាយ​ថា អា​ល្ងង់​បើ​គង់​ថា​គេ​អន់​អញ្ចឹង​ដែរ​ម៉េច​ក៏​ចាំបាច់​ផ្តល់​មតិ​ធ្វើ​អី។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​មាន​ប្រសាសន៍​រំលឹកពីបំណង​របស់​អ្នក​នយោបាយ​ប្រឆាំង​នា​ពេល​កន្លង​មក​លើ​មន្ត្រី​រដ្ឋាភិបាល ក៏​ដូច​ជា រាជរដ្ឋាភិបាលសម្តេ​ច​នា​ពេល​កន្លង​មក​​ថា “កុំ​ភ្លេច​គេ​ឲ្យ​សារ​ម្តង​ហើយ​ម្តង​ទៀត នៅ​ឆ្នាំ២០០៨ គេ​ថា​មេឃុំ ជាប់គុក​ទាំងអស់ ហើយ​ថ្ងៃ១៧ ខែមេសា ​កន្លងទៅ ​គេ​ថា​នឹង​កាត់ទោស​មេដឹកនាំ​រាជ​រដ្ឋា​ភិបាល​បច្ចុប្បន្នបើ​គេ​ឈ្នះ ហើយក៏​មិន​ត្រូវ​ភ្លេច​រឿង​មួយទៀត​គឺ​នៅ​ឆ្នាំ៩៨ ធ្លាប់​ហៅ​អា​មេ​រិក​បាញ់​មី​ស៊ី​ល​ចូល​ផ្ទះ​ខ្ញុំ ចុះ​ទម្រាំ​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ដៃ​របស់​ពួកគេ​តើ​គេ​ខ្លាំង​ជាង ​នេះ​យ៉ាង​ម្តេច​ទៅទៀត ហើយ​គេ​ធ្វើសកម្មភាព​យ៉ាងណា”។

សម្តេចតេ​ជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា សម្តេច​នៅចាំ​បាន​ថា កាលពី​ខែ​កុម្ភៈ​ ខែ​មីនា ឆ្នាំ១៩៧៥ ពេល​នោះ​គេហៅថា​ រណសិរ្ស​រួបរួម​ជាតិ​យើង​មិន​ដឹង​ថា ប៉ុល ពត ឬ​មិន ប៉ុល ពត នោះ​ទេ យើង​បាន​ឮ​គេ​ថា កាត់ទោស លន់ នល់, សិរិមតៈ, ចេង ហេង, អ៊ិន តាំ, សុស ស្តែ​ន (៥នាក់) រួចហើយ ​គេ​កាត់​មែន​បាន​ក្លាយ​ទៅ​ជា​របប​ប្រល័យ​ពូជ​សាសន៍​មួយ។ សម្តេច​តេជោ​ សែន​មាន​ប្រសាសន៍​ពន្យល់​ថា ក្មួយៗ​និស្សិត និង​បងប្អូន​ប្រជា​ពលរដ្ឋ​សូម​ចងចាំ​ឲ្យ​ច្បាស់​ទៅ មិន​ទាន់​បាន​កាន់អំណាច​ទេ​ហ៊ាន​ដល់​ថ្នាក់​ហៅ​អាមេរិក​បាញ់មី​ស៊ីល​បាញ់​ចូល​ស្រុក​ខ្មែរ មិន​ទាន់​បាន​កាន់អំណាច​ផង​ទាមទារ​រក​ចាប់​គេ​កំពុង​កាន់​អំណាច​កាត់​ទោស​ទៅ​ហើយ ចុះបើ​បាន​កាន់អំណាច​ពិត​យ៉ាង​ណា?។ វា​ខុសគ្នា​ឥឡូវ​បើសិនជា ហ៊ុន សែន បញ្ជា​ទៅ នេត សាវឿន ភ្លាម​ព័ទ្ធ​ផ្ទះ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំងអស់​ត្រូវតែ​ធ្វើ ប៉ុន្តែ​តើ ហ៊ុន សែន បាន​ធ្វើ​​រឿង​នេះ​ទេ? អត់ទេ។

សម្តេចតេជោ​សែនមាន​ប្រសាសន៍​ថា បង​សូម​ផ្តាំ​ហើយ​ផ្តាំ​ទៀត​បើ​គេ​ខ្សោយ​ហើយ ប្អូន​ចាំតែ​ឈ្នះ​ទៅ កុំ​ផ្តល់​មតិ​ឲ្យ​គេ​ថា​ដាក់​មនុស្ស​ខ្លាំង ព្រោះ​នៅ​ក្នុង​គណបក្ស​ប្រជាជន​អាច​មាន​មនុស្ស​ខ្លាំង​ជាង ហ៊ុន សែន​ ទៅទៀត ប៉ុន្តែ​គណបក្ស​ប្រជាជន​មិន​ល្ងង់​ដល់​ប៉ុណ្ណឹង​ពេក​ទេ ហើយ​សូម​ចាំ​ចំណុច​នេះ​ឲ្យ​ច្បាស់ ហ៊ុន សែន កំពុង​ឈរ​ទីនេះ អ្នកណា​ក៏​នៅ​ជាមួយ​បាន​ដែរ អ្នក​ជេរ អ្នក​សរសើរ​នៅ​ជាមួយ​បាន​ទាំងអស់។ សម្តេច​តេ​ជោមាន​ប្រសាសន៍​ថា សូម​ប្អូន​សប្បាយចិត្ត​ទៅ​មិន​ប្រកាស​ថា បង​ជា​អ្នក​ពូកែ​ទេ ​ទោះបីជា​បង​ធ្លាប់​ចូលរួម​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ដូចជា​វេទិកា​អង្គការសហ​ប្រជាជាតិ បង​ឈរនៅ​កន្លែង​មហាអំណាច​នានា ដែល​ជា​កន្លែង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋា​ភិបាល​ឈរ ក្នុង​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ត្បូង​ត្បូង និង​វេទិកា​ដទៃទៀត ប្រជុំ​កំពូល​អាស៊ាន ប្រជុំ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ជាដើម ដែល​បង មិន​ចាត់ទុកថា​បង​ជា​អ្នក​ពូកែ​ទេ។

នៅ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ២០១២-២០១៣ និង​ទិសដៅ​ការងារ​ប្រចាំ​ឆ្នាំ ២០១៣​-២០១៤ ​នោះ​ដែរ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តល់​នូវ​អនុសាស​ន៍​ចំនួន​ ៩ចំណុច ក្នុង​ទិស​ដៅ​លើកកម្ពស់ថែមទៀត ​នូវ​សមត្ថភាព​វិស័យ​កសិកម្ម​កម្ពុជា។ អនុ​សាស​ន៍​ទាំង ៩ចំណុច ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ដាក់​ចេញ​នោះ​រួមមាន៖

ទី១- ត្រូវ​បន្ដ​ជំរុញ​ការ​រីក​លូត​លាស់​​វិស័យ​កសិកម្ម​ក្នុង​កំណើន​មធ្យម​ប្រចាំ​ឆ្នាំ​ពី៣% ទៅ៤% ដោយត្រូវ​លើកកម្ពស់​ទាំង​ផលិតភាព ទាំង​ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ការនាំចេញ។ ក្នុង​ន័យ​នេះ យើង​ចាំបាច់​ត្រូវ​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ​គាំទ្រ​ការសិក្សា​ពិសោធន៍ ដើម្បី​អភិវឌ្ឍ និងផ្ទេរ​បច្ចេកវិទ្យា​ទំនើប ចំណេះដឹង​សមស្រប​លើ​គ្រប់​មុខជំនាញ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ផលិតកម្ម​ ដំណាំ​គ្រប់​ប្រភេទ ពិសេស​ដំណាំ​ស្រូវ​សំដៅ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ប្រជាកសិករ​ពី​ការ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង​ទៅជា​ការ​ធ្វើ​កសិ-ពាណិជ្ជកម្ម ឆ្លើយតប​ទៅ​នឹង​​កាលា​នុ​វត្ដ​ភាព​នៃ​កំណើន​សេចក្ដី​ត្រូវ​ការ​ស្បៀង​អាហារ​ក្នុង​ពិភពលោក ដែល​ចាត់ទុកថា​ជា «ឱកា​ស​មាស» មួយសម្រាប់​កម្ពុជា។ ទន្ទឹម​នឹង​នេះ ត្រូវ​អនុវត្ដ​ឱ្យ​បាន​សកម្ម​លើ​ការងារ​ធ្វើ​ជំរឿន​កសិកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​ចាប់ផ្ដើមអនុវត្ដ​នៅ​ដើម​ឆ្នាំ​នេះ ឱ្យ​បាន​សម្រេច​ជោគជ័យ ពីព្រោះ​ថា ការ​បង្កើត​បាន​នូវ​ប្រព័ន្ធ​ស្ថិតិ​កសិកម្ម គឺជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការរៀបចំ​គោល​នយោបាយ និង​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។ ចំពោះ​មុខ​នេះ ការងារ​ដែល​ត្រូវ​ខិតខំ​ជំរុញ គឺ​ការងារ​សិក្សា​អង្កេត ការ​វាយ​តម្លៃ និង​ការ​ធ្វើ​សារ​ពើភ័ណ្ឌ​លើ​ការប្រើប្រាស់​ដី​កសិកម្ម​ឱ្យ​បាន​​នៅ​ទូទាំង​ប្រទេស ដើម្បី​ទទួល​បាន​នូវ​ទិន្នន័យ​ជាក់លាក់​ដែល​ជា​ធាតុ​ចូល​បម្រើ​ឱ្យ​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ វិស័យ​កសិកម្ម និង​ការកំណត់​បាន​នូវ​តំបន់​ដាំ​ដុះ​មួយ​ច្បាស់លាស់ ដើម្បី​តម្រង់​ទិស​ដល់​ការ​ធ្វើ​ប្រពលវប្បកម្ម និង​ពិពិធ​ភា​វូប​នី​យកម្ម កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ និងធានា​ចីរភាព​នៃ​ការ​ប្រើប្រាស់​ដី​កសិកម្ម។

ទី២- ត្រូវ​បន្ដ​កិច្ច​ខិតខំ​ជំរុញ​ការ​ចងក្រង និង​ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម​នៅ​ទូទាំង ប្រ​ទេសដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អភិវឌ្ឍ​កសិកម្ម​មាន​លក្ខណៈ​ប្រមូលផ្ដុំ​ ក្នុង​ភាពជា​ដៃគូ​ជា​មួយវិស័យ​ឯកជន ក្នុង​ក្របខ័ណ្ឌ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ការ​អនុវត្ដ​កសិកម្ម​ល្អ ដែល​នឹង​ជួយឱ្យ​កសិករ​ទទួល​បាន​ទាំង​បច្ចេកវិទ្យា​ថ្មី ឥណទាន​គ្រប់គ្រាន់ និង​ធានា​បាន​ស្ថិរ​ភាព​​នៃ​ការ​ផ្គត់ផ្គង់ កសិផល​ទៅកាន់​ទីផ្សារ ទាំង​បរិមាណ និង​គុណភាព។

ទី៣- ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ ក្រសួង​ឧស្សាហកម្មរ៉ែ និង​ថាមពល ក្រសួង ផែនការ ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ត្រូវ​រួមគ្នា​សិក្សា ដើម្បី​ដោះស្រាយ​បញ្ហា​កសិឧស្សា​ហកម្ម ពោលគឺ​ឧស្សាហកម្ម​ប្រើប្រាស់​វត្ថុធាតុដើម​ជា​កសិផល ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ ព្រមទាំង​ពន្លឿន​វិស័យ​ឧស្សាហកម្ម​កសិផល ដើម្បី​បង្កើត​តម្លៃ​បន្ថែម សម្រាប់​កសិផល និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ។

ទី៤- ខ្ញុំ​សូម​លើក​ទឹក​ចិ​ត្ដ​ខ្ពស់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង និង​គំនិត​ផ្ដួចផ្ដើម​នានា​ក្នុង​ការ​ជំរុញ​ការ​ធ្វើយន្ដូ​ប​នីយកម្ម​កសិកម្ម​ក្នុង​ដំណើរការ​ផលិតកម្ម និង​កែច្នៃ​កសិផល​ជំនួស​ឱ្យ​ការ​ប្រើ​កម្លាំង​ពលកម្ម​ជនបទ ដែល​ត្រូវ​បាន​ស្រូប​យក​ដោយ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និងទីផ្សារ​ការងារ​នៅ​បរទេស។ ករណី​នេះ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចាំបាច់​ត្រូវ​ពិនិត្យមើល និង​ជំរុញ​ឡើងវិញ​នូវកម្មវិធី​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​គ្រប់​កម្រិត​ ទាក់ទង​នឹង​ផ្នែក​គ្រឿង​យន្ដ​កសិកម្ម​នេះ និងលើក​ទឹក​ចិ​ត្ដ​ឱ្យ​មានការ​បង្កើត​ជា​សិប្បកម្ម ឬរោងចក្រ​ផលិត ដំឡើង​ទាំង​មូល ឬផ្នែក​ខ្លះ នៃ​គ្រឿង​យន្ដ​កសិកម្មនៅ​ក្នុង​ស្រុក ដើម្បី​បញ្ចៀស​បាន​ខ្លះ​ពី​ការ​នាំចូល​ទាំង​ស្រុង​ពី​បរទេស។

ទី៥- ត្រូវ​បន្ដ​ខិតខំ​ជំរុញ និង​លើកកម្ពស់​ការ​ចិញ្ចឹម​សត្វ​តាម​គ្រប់​រូបភាព​ទៅតាម​បទដ្ឋាន កសិក​ម្ម​មួយ​ច្បាស់លាស់ ទាំង​ពូជ​សត្វ និងចំណី​សត្វ ទាំង​ក្នុង​ជួរ​កសិករ​ទាំង​កសិដ្ឋាន​ខ្នាត​មធ្យម និងខ្នាត​ធំ។ ទន្ទឹម​នេះ ត្រូវ​ជំរុញ​ការ​វិនិយោគ​លើ​ការ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ការផលិត​ចំណី លាយ​ផ្សំ​បសុ​ឱសថ ការ​បង្កើត​ស​ត្ដ​ឃាត​ដ្ឋាន​មាន​បទដ្ឋាន​បច្ចេកទេស​ខ្ពស់ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់សាច់​សត្វ និង​ផលិតផល​សត្វ​ដែល​មានអនាម័យ គុណភាព និង​សុវត្ថិ​ភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ និង​បង្កើន​ចំណូល​ដល់​អ្នក​ចិញ្ចឹមសត្វ និង សេដ្ឋ​កិច្ច​ជាតិ។ ជាមួយ​គ្នា​នេះ ត្រូវ​រៀបចំផែនការ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​មួយ សម្រាប់​អភិវឌ្ឍ ផលិតកម្ម​សត្វ​ទៅតាម​ការវិវឌ្ឍ​នៃ​សកល​ភាវូប​នីយ​កម្ម។
ទី៦- អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ នគរបាល កងរាជអាវុធហត្ថ កងកម្លាំង​ប្រដាប់ អាវុធ មន្ទីរ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​បន្ដ​ចូលរួម​សហការ​យ៉ាង​ផុលផុស ជាមួយ​ក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ផ្ដាសាយ​បក្សី (H5N1) ដែល​ជំងឺនេះ នៅតែ​គំរាម​នៅ​កម្ពុជា​ក៏ដូចជា​ប្រទេស​ក្នុង​តំបន់ ហើយក៏​មិន​ត្រូវ​មើល​រំលង​ផង​ដែរ​អំពី​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ថ្មី H7N9 ពិត ​មែន​តែ​ពុំ​ទាន់​កើត​មាននៅ​កម្ពុជា​ក៏ដោយ។ ទន្ទឹម​នេះ អាជ្ញាធរ​ថ្នាក់ក្រោមជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ដ​ចូលរួម​ទប់ស្កាត់​ឱ្យ​បាន​សកម្ម​ថែមទៀត​នូវ​ចលនា​សត្វដោយ​ខុសច្បាប់​នៅ​តាម​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន។

ទី៧- ត្រូវ​យក​ចិត្ដ​ទុកដាក់​ជំរុញ​ការ​ចងក្រង​សហគមន៍​កៅស៊ូ​គ្រួសារ​ឱ្យ​បាន​សកម្ម ដោយ​បង្កើនការ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស ជាពិសេស​ការ​ជ្រើសរើស​ពូជ ការថែទាំ​ ការ​ព្យាបាល​ជំងឺ ការ​ប្រមូល​ផល និង​ការកែច្នៃ និង​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​កៅស៊ូ​កសិឧស្សាហកម្ម​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ឱ្យ​វិនិយោគិន​ក្នុងស្រុក និង​បរទេស សម្រាប់​ការ​អភិ​វឌ្ឍ​ក្នុង​ទ្រង់ទ្រាយ​ធំ និងម្យ៉ាង សម្រាប់​ធ្វើជា​ស្នូល​នៃ​ការអភិវឌ្ឍ​កៅស៊ូ​គ្រួសារ​នៅ​ក្នុង​តំបន់​សំដៅ​បង្កើន​ខ្សែ​ចង្វាក់​តម្លៃ​ឱ្យ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដោយ​រាប់​ចាប់​តាំង​ពី​ការ​កែ​លម្អ​គុណ​ភាព ការកែច្នៃ ការ​វេច​ខ្ចប់ និង​ការ​ធ្វើពាណិជ្ជកម្ម​ផលិតផល​ជ័រកៅស៊ូ​ឱ្យ​ស្រប​តាម​បទដ្ឋាន​អន្ដរ​ជាតិ។ ចំណុច​នេះ វិទ្យាស្ថាន​ស្រាវជ្រាវកៅស៊ូ​កម្ពុជា​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ការ​នាំ​ចូលពូជ​កៅស៊ូ​ដែល​មាន​ទិន្នផល​ខ្ពស់ ហើយ​ក៏​ហ៊ាន​ទាត់ចោល​នូវ​ពូជដែល​មាន​ទិន្នផល​ទាប។ ទន្ទឹម​នេះ ត្រូវ​ពង្រីក​ទីតាំង​មន្ទីរ​ពិសោ​ធ​ន៍ និង​ពង្រឹង​បច្ចេកទេស​បច្ចេកវិទ្យា​កៅស៊ូ និងបង្កើន​សមត្ថភាព​គ្រប់គ្រង ច្បារ​ពូជ សម្រាំង​ពូជ បង្កាត់​ពូជ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​សមស្រប​ទាំង​បរិមាណ និងគុណភាព។ ចំណុច​នេះ ខ្ញុំ​សូម​លើកឡើង​អំពី​ផល​ដែល​យើង​ទទួល​បាន និង​ត្រូវ​ទទួល​បាន​នៅ​ថ្ងៃ​អនាគត​ពី​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ​នេះ​បន្ដិច។ រហូតមកដល់​ឆ្នាំ២០១២ កន្លង​ទៅ​នេះ រាជ​រដ្ឋា​ភិបាល​បាន​ផ្ដល់​ដី សម្ប​ទានសេដ្ឋកិច្ច​មាន​ចំនួន​សរុប ១,៥លាន​ហិកតា។ ក្នុង​នោះ វិស័យ​ដំណាំ​កៅស៊ូ​គ្រប​ដណ្ដប់៨០% ឬ ១,២លានហិកតា។ នាពេល​បច្ចុប្បន្ន ដី​ដែល​ដាំ​ហើយ​មាន​ចំនួន ៣០ម៉ឺន​ហិកតា និងប្រើប្រាស់​កម្មករ​ចំនួន ១០ម៉ឺននាក់។ ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​ខាងមុខនេះ ចំការ​កៅស៊ូ ៧០%នឹង​ត្រូវ​បាន​ដាំ​ដុះ និង​ប្រមូល​ផល​លើ​ផ្ទៃដី ៨៤ម៉ឺន​ហិកតា ដោយ​ប្រើ​កម្មករ​ចំនួន ១,៣ លាន​នាក់។ ជា​រួម​ដំណាំកៅស៊ូ​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ចំនួន ១,៣លាន​នាក់ គឺជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​​កែ​លម្អជីវភាព​របស់​ប្រជាជន និង​បង្កើន​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង។ ដូច្នេះ ការ​អភិវឌ្ឍ​ដំណាំកៅស៊ូ ​គឺជា​កិច្ច​ចាំបាច់ និង​បន្ទាន់​មួយ​របស់​យើង។ ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​បាន​ប្រើ​គម្រប​ព្រៃឈើ​ចំនួន ១,៥លាន​ហិកតា សម្រាប់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​កម្ពុជា​នៅសល់គម្រប​ព្រៃឈើ​ចំនួន ៩,២លាន​ហិកតា។ ប្រការ​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ថ្លឹងថ្លែង រក្សា​តុល្យភាពគ្នា​រវាង​ម្ខាង​ភាព​ចាំ​បាច់​​ក្នុង​ការ​បង្កើត​ការងារ​ជូន​ប្រជាជន ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និងកាត់បន្ថយ​ចំណាក​ស្រុក និង​ម្ខាង​ទៀត គឺជា​ការចាំបាច់​ក្នុង​ការ​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ ម្យ៉ាង​ទៀត រាជរដ្ឋាភិបាល​យល់ថា កៅស៊ូ​ក៏​ជា​ព្រៃ​ឈើ​​ដែរ ​ដូច្នេះ​ដំណាំ​កៅស៊ូ​ចំនួន ១,២ លាន​ហិកតា និងការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ចំនួន ១,៣លាន​នាក់​នេះ គឺជា​ការចូលរួម ចំណែករក្សា​បាន​នូវ​គម្រប​ព្រៃឈើ​ផង និងការ​កែ​លម្អ​ជីវភាព​របស់​​ប្រជាជន​ផង។

ទី៨- ការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​ជលផល​ដែល​ខ្ញុំ​បាន​ដឹកនាំ​ក្នុង​ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន និងកំពុង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការកាត់បន្ថយ​កម្រិត​អតិផរណា​នៅ​កម្ពុជា​ តាំងពី​ឆ្នាំ២០១១ មក។ ក្នុង​ន័យ​នេះ ខ្ញុំ​សូម​ណែនាំ​ដល់​រដ្ឋបាល​ជលផល​ត្រូវ​បន្ដ​អនុវត្ដ​អនុសាសន៍​ទាំង ៧ចំណុច ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ដោយ​ត្រូវ​បង្កើន​សកម្មភាព​ចុះ​បង្ក្រាប​ បទ​ល្មើស​នេសាទ ការពារ​កន្លែង​អភិរក្ស​ជលផល បង្កើន​កិច្ចសហការ​ជាមួយ​គណៈបញ្ជា​ការ​ឯក​ភាព​ខេត្ដ ក្រុង ស្រុក កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់ថ្នាក់។ ចុះ​ធ្វើ​សកម្មភាព​ជាក់ស្ដែង ក្នុង​ការ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​ជលផល ដើម្បី​ទប់ស្កាត់​បទល្មើស​ជលផល និង​រក្សា​ធនធាន​ជលផល​ឱ្យ​បាន​គង់វង្ស។ បន្ថែម​លើ​នេះ​ទៀត ត្រូវ​ខិត​ខំ​ពង្រឹង​សមត្ថភាព​របស់​សហគមន៍​នេសាទ ដែល​បាន​បង្កើត​ឡើង​រួចហើយ​ឱ្យ​បាន​រឹងមាំ ដើម្បី​ក្លាយ​ជា​សហគមន៍​នេសាទ​គ្មាន​បទល្មើស​ជលផល ព្រមទាំង​ត្រូវ​ជំរុញការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ បែរ និងក្នុង​ស្រែ និងខិតខំ​បង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍​ឱ្យ​បាន​គ្រប់​ឃុំ​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​នេះ ត្រូវ​បង្កើន​ការសិក្សា​ស្រាវ​ជ្រាវ​ផល​ស្ដុក​ធម្មជាតិ​ទាំង​ទឹកសាប និងសមុទ្រ និង​ត្រូវ​រៀបចំ​យុទ្ធសាស្ដ្រ បន្សាំ​ការ​ប្រែ​ប្រួល​អាកាសធាតុ​លើ​វិស័យ​ជលផល ដើម្បី​ត្រៀម​កាត់បន្ថយ​ផល​ប៉ះពាល់​ជាយថាហេតុ សំដៅ​លើកកម្ពស់​ផលិតភាព ផលិតផល​ជលផល បម្រើ​ឱ្យ​សេចក្ដី​ត្រូវ​ការ​នា​ពេល​បច្ចុប្បន្ន និង​អនាគត។

ទី៩- ត្រូវ​បញ្ឈប់​ដាច់ខាត​ការ​កាប់​រាន ដុត ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ព្រៃឈើ​ធ្វើជា​កម្មសិទ្ធិ ក្រោ​យ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ បើ​មាន​អ្នក​បំពាន​ត្រូវ​ចាត់​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ។ ចំពោះ​មុខ​នេះ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ដាំ​ដើ​ម​ឈើ​នៅគ្រប់​ទីកន្លែង ពិសេស​ដាំ​ដុះ​ឈើ​ដំណាំ លើដី​ដែល​មាន​កម្មសិទ្ធិ​ដែល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ​ចុះ​វាស់វែងជូន​កន្លងមក ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និងការ​កើន​ឡើង​កំដៅ​លើ​ភព​ផែន​ដី​របស់​យើង និង​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ទាំងអស់​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ដ បន្ដ​ចុះ​អនុវត្ដ​គោល​នយោ​បាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នៅ​គ្រប់​ខេត្ដ រាជ​ធានី​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត។ ទន្ទឹម​នេះ ត្រូវ​បន្ដ​អនុវត្ដឱ្យ​មាន​ប្រសិទ្ធភាព​នូវ​បទបញ្ជា ដែល​ខ្ញុំ​បាន​ដាក់​ចេញ​នា​ពេល​ថ្មីៗ​នេះ អំពី​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ពិសេស​ឈើ​គ្រញូង​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ។ ក្រៅ​ពី​នេះ​អង្គភាព​ជំនាញ​នីមួយៗ ដែល​ពាក់​ព័ន្ធ​ត្រូវ​បន្ដ​ចុះ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជាប្រចាំ​នូវ​សកម្មភាព​ វិនិយោគ​របស់​ក្រុមហ៊ុន ដែល​ទទួល​ដី​សម្បទាន ហើយ​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ធានា​ដល់​កិច្ច​ដំណើរ​ការ​នៃ​សកម្មភាព វិ​និយោគ​ផង និង​ការទប់ស្កាត់​នូវ​ភាព​អសកម្ម​ផ្សេងៗ ដែល​អាច​កើតមាន​ទាក់ទង​នឹង​ដី​សម្បទាន​ផង៕