Thursday, May 2, 2013

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន អញ្ជើញ​​ជា​​អធិ​បតី​​ក្នុង​​ពិធី​​ប្រារព្ធ​​ខួប​១៥ឆ្នាំ សមាគម​​អាណិកជន​ និង​ធុរ​កិច្ច​​ចិន ហុងកុង និង​​ម៉ាកាវ នៅ​​កម្ពុជា

នា​រាត្រី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០១៣ ឯក​ឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធីជួបជុំអបអរ​ខួប​លើក​ទី​១៥ឆ្នាំ នៃ​ការបង្កើត “​សមាគម​អាណិកជន និងធុរកិច្ច​ចិន ហុងកុង និងម៉ា​កាវ នៅ​កម្ពុជា​” ដែល​បាន​ប្រារព្ធ​ធ្វើ​នៅសណ្ឋាគារឡឺ​រ៉ូយ៉ាល់ ដោយ​មាន​វត្ត​មាន ឯកឧត្តម ផាង គ័ង​ស៊ារ (Pan Guangxue) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធុរកិច្ច​ជនចិន ហុងកុង និង​ម៉ាកាវ ជា​ច្រើន​រូបចូល​រួម។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​សម្តែង​នូវ​ការកោត​សរសើរ និង​ថ្លែង​អំណរគុណ​ចំពោះ​សមាគម ដែល​ក្នុង​រយៈពេល ១៥ឆ្នាំ កន្លងមក​បាន​ខិតខំ​ជួយ​ផ្សព្វផ្សាយ​ដល់​សហគ​មន៍​ធុរកិច្ច​ក្នុង​ទីក្រុង​ហុង កុង និង ម៉ា​កាវ ឲ្យបាន​យល់ដឹង​ជ្រួតជ្រាប​អំពី​កាលានុវត្តភាព និងសក្តា​នុពល​ភាព​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រមទាំង​ជួយសម្របសម្រួល​ដល់​ការធ្វើ​ធុរកិច្ច ក៏ដូចជា​សកម្មភាព​ពាណិជ្ជ​កម្ម​នៅក្នុង​ប្រទេស​កម្ពុជា របស់វិនិយោគិន​មកពី​ទីក្រុង​ហុងកុង និងទីក្រុង​ម៉ា​កាវ​។​

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា នៅក្នុង​រយៈពេល ១៥ឆ្នាំ​មកនេះ​ជាមួយនឹង​សមាជិក​របស់ខ្លួន​ជាង ៧០ក្រុមហ៊ុន ​ដែល​ភាគច្រើន​មកពី​វិស័យ​ផ្សេងៗ​ដូចជា វាយ​ន​ភណ្ឌ ឪ​សថ ដឹកជញ្ជូន ផលិតផល​ក្រដាស គីមី ប្លា​ស្ទិ​ក គ្រឿងចក្រ សមាគម​អាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ា​កាវ​នៅ​កម្ពុជា ពិតជា​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍវិស័យ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​វិស័យនេះ បានរួម​ចំណែកដ៏​ធំ​ធេងដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ចាត់​ទុក​ការខិតខំ​ជួយ​ការពារ​សិទ្ធិ ​និង​ផល​ប្រយោ​ជន៍​ស្របច្បាប់​របស់​សមាជិក​សមាគម​ការផ្តល់ព័ត៌មាន​អំពី​ច្បាប់បទ​ប្បញ្ញត្តិ គោលនយោ​បាយ បរិយាកាស​វិនិយោគ និង​លក្ខខណ្ឌ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដល់​វិនិយោគិន​មកពី​ហុងកុង និង​ម៉ា​កាវ​ព្រមទាំង​ការជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗរបស់​សមាជិក គឺជា​បេសកកម្ម​ដ៏​ចម្បង​ដែល​គាំទ្រ​ដល់​ការធ្វើ​ធុរកិច្ចរបស់​សមាជិកសមាគម​នៅក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ ការចូល​រួម​ចំណែក​ដ៏​ថ្លៃថ្លា​របស់​សមាគម​ក្នុងការ​ថែរក្សា​ និង​លើកកម្ពស់​មិត្ត​ភាពជា​ប្រពៃណី​រវាងព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​ប្រជាមានិត​ចិន ឆ្លុះបញ្ចាំង​ឱ្យឃើញថា​សមាគម​បាន និងកំពុង​ចូល រួមយ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ ​ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ។

នៅក្នុង​ពិធី​នោះ​ លោក​ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​អាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ា​កាវនៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​សមាគមន៍​ បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​១៦ហើយ។

ក្នុង​រយៈ​ពេល​១៥ឆ្នាំ កន្លង​មក​នេះ សមាជិក​នៃ​សមាគមន៍បាន​បមពេញ​ភារកិច្ច​ជា​ច្រើន​ដែល​រួម​មាន ដូច​ជា វិស័យ​សប្បុរសធម៌ អប់រំ និង​វប្បធម៌ ពាណិជ្ជកម្ម​ ជូន​ដល់​ប្រជា​ជន​ចិន​ ក៏​ដូច​ជា​ប្រជា​ជន​ក្នុង​ស្រុក ហើយ​បាន​ដើរ​តួនាទី​ជាស្ពាន​ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុង​នាម​សមាគម​អាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ា​កាវនៅ​កម្ពុជា លោក​ឧកញ៉ា Yum Sui Sang បាន​ថ្លែង​អំណរគុណចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាន់​យក​គោល​ជំហរ​ចិន​តែមួយ៕