Tuesday, August 28, 2012

រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ឱ្យ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​

ដោយ​ ៖ មរតក
​ខេត្ដសៀមរាប​ ៖​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤​ នៅ​ខេត្ដសៀមរាប​នៃ​ប្រទេស​កម្ពុជា​ រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​នឹង​ពិភាក្សា​គ្នា​អំពី​សមាហរណកម្ម​ សេដ្ឋកិច្ច​អាស៊ាន​ ជា​ពិសេស​ក្នុង​ការ​អនុវត្ដ​វិធាន​ការ​នៃ​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដើម្បី​បង្កើត​សហគមន៍​សេដ្ឋ​ កិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ និង​ពិភាក្សា​ជា​មួយ​ប្រទេស​ដៃគូ​ទាំងអស់​ ដើម្បី​ឱ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កាន់តែ​មាន​ ភាព​រីក​ចម្រើន​ស៊ីជម្រៅ​ ។​
​លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋ​ មន្ដ្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ ប្រធាន​ដឹកនាំ​អង្គប្រជុំ​ បាន​ថ្លែង​ថា​ ក្នុង​ អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ លើក​ទី​៤៤​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ពី​ ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០១២​ រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​នឹង​ពិភាក្សា​អំពី​ សមាហរណកម្ម​សេដ្ឋកិច្ច​ ជា​ពិសេស​ ការ​អនុវត្ដ​វិធានការ​នៃ​ផែនការ​សហ​ គម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ ដើម្បី​បង្កើត​ សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ ។
​លោក​បន្ដ​ថា​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ ខាងលើ​នេះ​ កិច្ចប្រជុំ​នឹង​ជំរុញ​ឱ្យ​រដ្ឋមន្ដ្រី​ សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពិភាក្សា​របស់​ អាស៊ាន​ ដូច​ជា​មក​ពី​ប្រទេស​អូស្ដ្រាលី​,​ កា​ណា​ដា​,​ ចិន​,​ ឥណ្ឌា​,​ ជប៉ុន​,​ កូរ៉េ​ខាង​ ត្បូង​,​ ណូ​វែ​ល​ហ្សេ​ឡង់​,​ រុ​ស្ស៊ី​ និង​សហរដ្ឋ​ អា​មេ​រិ​ក​ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​សេដ្ឋ​ កិច្ច​និង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ដៃគូ​ ពិភាក្សា​រីក​ចម្រើន​និង​កាន់តែ​ស៊ីជម្រៅ​។​
​លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​ អាស៊ាន​ និង​រដ្ឋមន្ដ្រី​មក​ពី​ប្រទេស​ដៃគូ​ ពិភាក្សា​ក៏​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ តំណាង​ធុរកិច្ច​ប្រកបដោយ​ឥទ្ធិពល​មួយ​ ចំនួន​មក​ពី​ក្រុមប្រឹក្សា​យោបល់​ធុរកិច្ច​ អាស៊ាន​,​ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​ សហរដ្ឋអាមេរិក​,​ ក្រុមប្រឹក្សា​ធុរកិច្ច​ អាស៊ី​បូព៌ា​,​ សហព័ន្ធ​សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជប៉ុន​-​អាស៊ាន​,​ ក្រុម​ ប្រឹក្សា​ធុរកិច្ច​អាស៊ាន​កា​ណា​ដា​,​សហព័ន្ធ​ ឧស្សាហកម្ម​កាត់ដេរ​អាស៊ាន​ ព្រមទាំង​ វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​ អាស៊ាន​ និង​អាស៊ី​បូព៌ា​ ដើម្បី​សម្រួល​ និង​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​ អាស៊ាន​ អាស៊ី​បូព៌ា​ ព្រមទាំង​នៅ​តំបន់​ ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​ ។​
​គួរ​បញ្ជាក់​ថា​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤​ បាន​រៀបចំ​ ធ្វើ​នៅ​សណ្ឋាគារ​អង្គរ​អប្សរា​ក្នុង​ខេត្ដ​ សៀមរាប​នៃ​ប្រទេស​កម្ពុជា​ ដែន​មាន​ រយៈពេល​ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​៣១​ខែ​ សីហា​ឆ្នាំ​២០១២​ ខណៈ​នៅ​ថ្ងៃ​ទី​២៧​ខែសីហា​ ឆ្នាំ​២០១២​ សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ក្នុង​នាម​ប្រធាន​អាស៊ាន​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ បំផុត​បើក​កិច្ចប្រជុំ​នេះ​ និង​បាន​ស្នើ​ឱ្យ​រដ្ឋ​ មន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​ផ្ដោត​ ទៅ​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​ ៕