Tuesday, August 28, 2012

ក្រសួង​ការពារ​ជាតិ​បើក​វគ្គ​ផែន​ការ​យុទ្ធសាស្ត្រ​ដល់ ​មន្ត្រី​យោធា​របស់​ខ្លួន​

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បានរៀប​ចំ​បើក​វគ្គបណ្តុះបណ្តាល​មួយ​ដ៏មាន​សារៈសំខាន់​ក្រោម​ការ​ឧបត្ថម្ភ​ ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ តាម​រយៈនៃកម្មវិធី​មួយដែលហៅថា ​គំនិត​ផ្តួចផ្តើម​កំណែទម្រង​នៃ​ស្ថាប័នយោធា​(DIRI)​ដែលផ្តល់ ​ដោយ​ក្រសួងការពារ​ជាតិ​សហរដ្ឋអាមេរិក​ ដើម្បី​ជំនួយដល់​កម្ពុជា​​ឲ្យមាន​លទ្ធភាព​គ្រប់​គ្រាន់​ លើក​ស្ទួយ សុវត្តិភាពប្រជាជន​ និង ឈានទៅ​ដល់​ការរៀបចំផែនការ​ និង ចង​ក្រងឯកសារ​យុទ្ធសាស្រ្ត​ផ្សេងៗទៀត​ផងដែរ​តទៅថ្ងៃ អនាគត​។
វគ្គបណ្តុះបណ្តាល ​នេះ​ បាន​រៀប​ចំ​ឡើង​នៅក្រុង​សៀម​រាប​ ចាប់​ពីថ្ងៃ​ទី​២៧​ ដល់​ថ្ងៃ​ទី ៣០​ខែសីហា​ ឆ្នាំ​២០១២។ សិក្ខា កាម ​ដែល​បានចូលរៀនសូត្រ ​នៅក្នុង​វគ្គសិក្សា​នេះ​គឺជា​មន្ត្រី​ជាន់​ខ្ពស់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ចេញពី​បណ្តា​ស្ថាប័ន​សំខាន់​ៗ​មួយ​ចំនួ​ន​របស់​ក្រសួងការពារជាតិ​ដូចជា ​អគ្គបញ្ជាការដ្ឋាន ​នៃ​កងយោធពលខេមរភូមិន្ទ​ តំណាង​មក​ពី​ស្ថាប័នពាក់​ព័ន្ធ​ដូចជា​ ផ្នែក​សន្តិសុខ​លំហសមុទ្រ ​ផ្នែកប្រឆាំង​ភាវរកម្ម​ ផ្នែក​ប្រ​តិបត្តិការ​សន្តិភាព​ ផ្នែក​សង្រ្គោះ​គ្រោះ​មហន្តរាយ​ និង មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​របស់​កង​រាជ​អាវុធ​ហត្ថ​ជា​ដើម​។ល។ ចំនួន​៣១​នាក់​ ព្រមជាមួយ​គ្នា​នេះ​ក៏មាន​វត្តមាន​ប្រតិភូរបស់​សហរដ្ឋអាមេរិក​ផង​ដែរ​។
ឧត្តម ​សេនីយ៍​ឯក ​សួន​ សំណាង​ អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋាន​នយោបាយ​​ កិច្ចការបរទេស​ នាយ​ក​ នាយកដ្ឋា​ន​នយោបាយ​ ផែន​ការ​ និង ​ជាប្រធានក្រុមការងារ​សំរប​សំរួល​​សហប្រតិបតិ្តការ​យោធា​(MCCG)បានលើក ​បង្ហាញថា​ការ​បើក​វគ្គផែន​ការ​យុទ្ធសាស្រ្ត​នេះ​ គឺ​ស្ថិតក្នុងគោល​បំណង​បណ្តុះបណ្តាល​នាយទាហ៊ាន​របស់យើង​ដែល​មាន​ការ​ពាក់​ ព័ន្ធ​ក្នុងការ​រៀប​ចំផែនការ​ឲ្យទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ទៀត​ និងជាការ​ជួយ​កែ​លម្អ​ នូវ​សមត្ថភាព​បន្ថែមទៀត​។
ឯកឧត្តម ​ក៏បាន​បញ្ជាក់​ដែរ​ថា ​វគ្គ​បណ្តុះបណ្តាល​ផែនការ​យុទ្ធសាស្ត្រ​លើក​នេះ​ គឺ​ជា​វគ្គដំបូង​ក្នុង​កម្រិត​ថ្នាក់​មូលដ្ឋាន​ ហើយ​វគ្គផែនការ​យុទ្ធសាស្រ្ត​នេះ​ វាមាន​កម្រិត​ថ្នាក់​ឈាន​ឡើង​ជា​លំដាប់​ ដូចនេះ​សិក្ខា​កាម​ដែល​មាន​មុខ​ចូល​រួម​ទទួលយក​នូវការ​រៀន​សូត្រ​ក្នុង​ វគ្គកម្រិត​មូលដ្ឋាន​នេះ ​ត្រូវ​មាន​កាតព្វ​កិច្ច​បន្ត​ចំណេះ​ដឹង​របស់​ខ្លួន​នៅ​ក្នុង​វគ្គ​កម្រិត​ ឈាន​ឡើង​បន្ទាប់​ទៀត​ ដោយ​មិន​អាច​ផ្លាស់​ប្តូរ​សមាសភាព​បន្ត​ការ​សិក្សា​ជំនួស​គ្នា ​បាន​នោះឡើយ​។​ អ្នក​ដែល​បាន​ចូលរៀន​ក្នុង​វគ្គនេះ​ ត្រូវ​បន្ត​រៀន​រហូត​ដល់​កម្រិត​ថ្នាក់​បញ្ចប់​ បើ​មិន​ដូច្នោះ​ទេ​វគ្គសិក្សា​នេះ ពិត​ជា​មិន​បាន​ផ្តល់​ប្រយោជន៍​សំរាប់​ការ​បំរើ​ជាតិ​នោះ​ឡើយ​៕