Tuesday, August 28, 2012

សម្តេច ហ៊ុន សែន ស្នើ​អោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​រួមគ្នា កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​

ខេត្តសៀមរាប: ​សម្តេច ហ៊ុន សែន បាន​ស្នើ​អោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ធ្វើយ៉ាងណា សម្រេច​អោយបាន នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​។ នោះ​គឺ​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ រវាង​ប្រទេស​ទាំង ១០ ជា​សមាជិក​អាស៊ាន​។​

​នៅក្នុង​សុន្ទរកថា បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ នៅ​ខេត្ត​សៀមរាប សម្តេច​ហ៊ុន​សែន បាន​លើកឡើង​ថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​ប្រទេស​សមាជិក​ថ្មី នៅ​អាស៊ាន នៅ​មាន​ភាពផុយស្រួយ​នៅឡើយ​។​

​ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រមុខ​ដឹកនាំ​អាស៊ាន បាន​ជំរុញ​អោយ​រដ្ឋមន្ត្រី​អាស៊ាន ធ្វើ​យ៉ាងណា​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច នៅក្នុង​តំបន់​អាស៊ាន​។​

​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា “​កិច្ចការ​នេះ តម្រូវ​អោយ​យើង​បង្កើត​កិច្ច​ប្រឹងប្រែង​ទ្វេដង​”​។​

​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​អាស៊ាន​នៅ​មាន​ទំហំ​ធំ​នៅ​ឡើយ ទោះបីជា​គម្លាត​នេះ បាន​កាត់បន្ថយ​គួរអោយ​កត់សម្គាល់ក្តី​។​

​សម្តេច​ហ៊ុន​សែន បាន​ស្នើ​អោយ​រដ្ឋមន្ត្រី​អាស៊ាន ប្រែក្លាយ​អាស៊ាន អោយក្លាយ​ទៅ​ជា​ផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួមមួយ​ពិតប្រាកដ​៕​