Tuesday, August 28, 2012

កម្ពុជា នៅ​តែ​រក្សា​ភាព​អព្យាក្រឹត្យ ដោះស្រាយ​ជម្លោះ​សុ​ទ្រ​ចិន​ខាងត្បូង​

ភ្នំពេញ: ​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ហ្វីលីពីន និង​កម្ពុជា មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ជា​ធម្មតា ប៉ុន្តែ​រហូត​មកដល់ពេលនេះ កម្ពុជា​នៅ​ពុំ​ទាន់​ចាត់​បញ្ជូន​ឯកអគ្គរាជទូត​របស់​ខ្លួន ទៅ​បំពេញ​ការងារ​ទូត​នៅ​ទីក្រុង​ម៉ានីល​ទេ​។ ចំពោះ​ដំណោះ​ស្រាយ​សមុទ្រ​ចិន​ខាងត្បូង គឺ​កម្ពុជា នៅ​តែ​រក្សា​ភាព​អព្យាក្រឹត្យ​។​

​លោក កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា "​ខ្ញុំ​សូមបញ្ជាក់ថា កន្លងមក រហូតដល់​ពេល​នេះ ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ហ្វីលីពីន អត់​មាន​អី​ថា​មិន​ល្អ​ទេ​។ ការដែល​ឯកអគ្គរាជទូត​យើង​ចប់​អាណត្តិ វិលត្រឡប់ ដែល​ក្រសួងការបរទេស កោះហៅ​ឡើង​មក​វិញ ជា​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា សុទ្ធសាធ គឺ​តម្រូវការ​ចំ​បាច់​របស់​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា របស់​ក្រសួងការបរទេស ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ដូច្នេះ​អត់​មាន​ប៉ះពាល់​ទៅ​នឹង​ទំនាក់ទំនង​ណាមួយ រវាង​កម្ពុជា និង​ហ្វីលីពីន​ទេ​។ នេះ​ជា​រឿង​ផ្ទៃក្នុង​ទេ​។ យើង​កោះហៅ​ត្រឡប់មកវិញ ហើយ​យើង​បញ្ជូន​ថ្មី​ទៅ​ជំនួស​។ ដូច្នេះ​អត់​មាន​អ្វី ដែល​ប្រទេស​ទាំង​ពីរ​មាន​បញ្ហា​ផ្លូវ​ទូត ជាមួយ​គ្នា​ទេ យើង​នៅ​មាន​ទំនាក់ទំនង​ល្អ​ជា​ធម្មតា​។ អ្វីៗ​ប្រព្រឹត្តទៅ​ជា​ធម្មតា​"​។​

​ លោក កុយ គួង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ជំហរ​របស់​រដ្ឋាភិបាល​ទាំងពីរ គឺ​កម្ពុជា និង​ហ្វីលីពីន មិនមាន​អ្វី​ប្រែប្រួល​ទេ គឺ​យើង​នៅតែ​គោរព​គ្នា​ទៅវិញទៅមក ជា​ប្រទេស​អាស៊ាន​ដូចគ្នា ក្នុង​គ្រួសារ​តែមួយ​។

​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​មួយចំនួន ដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ ត្រូវបាន​លោក កុយ គួង បាន​មានប្រសាសន៍​បញ្ជាក់​ថា "​កន្លងមក លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា យើង​ប្រកាន់​ជំហរ​ជា​គោលការណ៍ គឺ​ឥត​លំអៀង​ទេ គឺ​ក្នុងនាម​កម្ពុជា ប្រធាន​អាស៊ាន​នេះ សូមបញ្ជាក់​ថា កម្ពុជា​អត់​មាន​ប្រយោជន៍​ណាមួយ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​។ ដូច្នេះ​ហើយ​យើង​ប្រកាន់​ជំហរ​ជាគោល​ការណ៍ ប្រកាន់​ជំហរ​អព្យាក្រឹត្យ ពីព្រោះថា ប្រទេស​មាន​បញ្ហា ក៏​ជា​ប្រទេស​នៅក្នុង​សហគមន៍​យើង​តែមួយ ហើយ​ប្រទេស​ចិន ក៏​ជា​ប្រទេស​ដៃគូ​របស់​អាស៊ាន​ដែរ​។ ដូច្នេះ​ភាគី​ទាំងអស់​សុទ្ធតែ​ជា​មិត្ត​នឹង​គ្នា​”​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែងតាំង​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស ធ្វើ​ជា​ឯកអគ្គរាជទូត​ថ្មី របស់​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន ជំនួស​លោក ហើ​ស សិរី​ធន​។ លោក ហើ​ស សិរី​ធន អតីត​ឯកអគ្គរាជទូត​កម្ពុជា ត្រូវ​ផ្លាស់ប្តូរ​តំណែង​ភ្លាមៗ ក្រោយពី​លោក បាន​សរសេរ​អត្ថបទ​ប្រតិកម្ម​នឹង​ប្រទេស​ហ្វីលីពីន តាមរយៈ​ការចុះផ្សាយ​ក្នុង​កាសែត​ប្រទេស​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ប្រធានបទ​សំខាន់ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ កាលពីដើម​ខែ​កក្កដា នៅ​រាជធានី​ភ្នំពេញ​៕