Tuesday, August 28, 2012

លោក​ កែប​ ជុតិមា​ ចុះ​ពិនិត្យ​ស្ពាន​អាកាស​ទី​៣​ស្ទឹង​មាន​ជ័យ​មុន​នឹង​បើក​ការដ្ឋាន​ដើមខែ​៩​នេះ​

ដោយ​ ៖ សំរិត 
​ភ្នំពេញ​ ​៖​​ លោក​ កែប​  ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ និង​ម​ន្រី្ដ​ជំនាញ​ អាជ្ញាធរ​ពាក់​ព​ន្ធ័​​ បាន​ចុះ​ពិនិត្យ​ទីតាំង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ដែល​គ្រោង​និង​បើក​ការដ្ឋាន​នា​ដើមខែ​៩​នេះ​ ដោយសារ​នៅ​តំបន់​នេះ​មាន​សភាព​តូច​ចង្អៀត​ និង​មានការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ ដូច្នេះ​តម្រូវ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ​តែ​ធ្វើការ​អភិវឌ្ឍ​ពង្រីក​ផ្លូវ ​ដោយ​ធ្វើ​ស្ពាន​អាកាស​​ចំណាយ​ថវិកា​១៧​លាន​ដុល្លា​អា​មេ​រិ​ក​  ។​
​នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១២​ ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក​មន្ទីរ​បាន​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ OCIC​ (​អ្នក​សាងសង់​) ​និង​តំណាង​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ ព្រមទាំង​ចុះ​ធ្វើការ​វាស់វែង​ពិនិត្យ​ប្រព័ន្ធ​បណ្តាញ​ក្រោម​ដី​ ដូច​ជា​បំពង់​ទឹក​ស្អាត​ រួចរាល់​ហើយ​ដែរ​ ។​ ដោយឡែក​ចំពោះ​សំណង់​ដែល​មាន​ប៉ះពាល់​នឹង​គម្រោង​នេះ​ រួម​មាន​ដូច​ជា​ ផ្លូវ​លេខ​២៧១​ ប៉ះ​ផ្ទះ​៦​ខ្នង​ វេរ៉ង់ដា​៤​ខ្នង​ផ្ទះ​ សំ​យ៉ាប​២៧​ខ្នង​ផ្ទះ​ និង​បង្គោល​ភ្លើង​១៨​ដើម​ និង​បង្គោល​បំភ្លឺ​ផ្លូវ​សាធារណៈ​៥​ដើម​ សំរាប់​ខណ្ឌ​ ចំការមន​។​ប៉ះ​ផ្ទះ​៦៧​ខ្នង​ក្រៅពី​នោះ​ប៉ះ​យ៉ាប​សង់​លយ​មក​លើ​ចិញ្ចើម​ផ្លូវ​ ប៉ះ​បង្គោល​ភ្លើង​២៩​ដើម​ភ្លើង​បំភ្លឺ​សាធារណៈ​ ២២​ដើម​ និង​ដើមឈើ​ ២៥​ដើម​ សំរាប់​ខណ្ឌទួលគោក​។​រីឯ​ក្នុង​ខណ្ឌមានជ័យ​ វិញ​ នឹង​ប៉ះពាល់​ផ្ទះ​៣​ខ្នង​ នៅ​ត្រង់​ស្ពាន​បា​ឡេ​ ចំណែក​ត្រង់​របង​វត្ត​ យើង​អាច​កែសំរួល​បន្តិច​ ដោយ​ពង្រីក​មក​ខាង​សួនច្បារ​វិញ​ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​ប៉ះ​របង​វត្ត​។​
​ក្នុង​ឱកាស​នោះ​ដែរ ​លោក ​កែប​ ជុតិមា​ ​បាន​ណែនាំ​ដោយ​កំណត់​ឲ្យ​ខណ្ឌ​ទាំង​បី​ទទួលខុសត្រូវ​ស្ថិតិ​ប្រជាពលរដ្ឋ​ទាំង​បី​ខណ្ឌ​នេះ ​មិន​ឲ្យ​មានការ​ប្រែប្រួល​ទៀត​ឡើយ​ និង​ធ្វើការ​ស្ទាបស្ទង់​ប្រជាពលរដ្ឋ​ពី​តំរូវការ​នៃ​គោលនយោបាយ​ជា​រួម​ ដែល​អ្នក​ភាគច្រើន​ចង់បាន​ ។​ ចំពោះ​បញ្ហា​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​ មិន​ទាន់​អាច​សំរេច​បាន​ត្រឹម​ថ្ងៃនេះ​ទេ​ត្រូវ​ប្រជុំ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ម្តងទៀត​ដើម្បី​ កំណត់​តំលៃ​ដោះស្រាយ​គោលនយោបាយ​ទៅ​តាម​ប្រភេទ​នៃ​ការ​ប៉ះពាល់​ រួច​ទើប​សុំ​គោលការណ៍​ ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ជាមួយ​គ្នា​នេះ​ លោក​ក៏​ឲ្យ​ទីចាត់ការ​រៀបចំ​ក្រុង​ឡើងជា​តារាង​សិក្សា​ពី​ផល​ប៉ះពាល់​មួយ​ ដើម្បី​កំណត់​ប្រភេទ​និ​ចំណាត់ថ្នាក់​ផល​ប៉ះពាល់​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ដាក់​ឆ្លង​សុំ​គោលការណ៍​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​
​គួរ​បញ្ជាក់​ដែរ​ថា​ មក​ត្រឹម​ថ្ងៃ​ទី​២៧​ សីហា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៥​គ្រួសារ​ហើយ​ ដែល​ស្ម័គ្រចិត្ត​រុះរើ​សំ​យ៉ាប​ផ្ទះ​និង​សំណង់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​ ៕