Tuesday, August 28, 2012

រដ្ឋ​មន្រ្តី​សេដ្ឋ​កិច្ច​អាស៊ាន​រិះ​រក​យន្តការ​ធានា​ជោគ​ជ័យ​នៃ​ការ​ធ្វើ ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន

​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បាន​ចាប់​ផ្តើម​កិច្ច​ប្រជុំពេញ​អង្គ ពិភាក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​សីហា ​ឆ្នាំ២០១២ ដើម្បី​ពិនិត្យ​រក​មធ្យោបាយ ធ្វើយ៉ាងណា​ធានា​ដល់​ជោគជ័យនៃ​ការ​ធ្វើ​សមាហរ​ណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​ពង្រឹង​សហ​ប្រតិប​ត្តិការ​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ឯកឧត្តម ​ទេស​រដ្ឋ​មន្រ្តី​ចម ប្រសិទ្ធ ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​និង​ជា​ប្រធាន​អង្គ​ប្រជុំ ​បាន​ប្រកាស​បើក​កិច្ចប្រជុំពេញអង្គ​ផែនការ ​របស់​រដ្ឋ​មន្រ្តី​សេដ្ឋ​កិច្ច​អាស៊ាន ​ជា​ពិសេស​អាស៊ាន​ទាំង​មូល​ គឺ​ចង់​ឲ្យ​ប្រទេស​ជា​សមាជិកបង្កើត​បាន​ជា​តំបន់​មួយ​ដែល​មាន​លំហូរ​ដោយ​សេរី ជា​ពិសេស ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី។


ដើម្បី​សម្រេច​បាន​ផែន ​ការ​នេះ ប្រទេស​អាស៊ាន ត្រូវ​ដោះស្រាយ​ឲ្យ​បាន ឬ​លុប​បំបាត់​នូវ​របាំង​ពន្ធ​គយ និង​របាំង​មិន​មែន​ពន្ធ​គយ។

យន្តការ ​ដែល​បាន​អនុវត្ត​ដើម្បី​សម្រេច​គោល​បំណង នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន គឺ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អនុគ្រោះ​ពន្ធ​គយ​រួម ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នា​ខែ​មករា ឆ្នាំ​១៩៩២ នៅ​ប្រទេស​សិង្ហបុរី។ កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អនុគ្រោះ​ពន្ធ​គយ​រួម​នេះ គ្រប​ដណ្ដប់​លើ​បណ្ដា​មុខ​ទំនិញ​កម្មន្តសាល (Manufactured Goods) ដោយ​រាប់​បញ្ចូល​ទាំង​ទំនិញ​ មូលធន ផលិតផល​កសិកម្ម​កែច្នៃ និង​ទំនិញ​មិន​មែន​កសិកម្ម​ផ្សេង​ទៀត។

ប្រទេស​សមាជិក​អាស៊ាន​ ទាំង​អស់ គ្រោង​នឹង​បញ្ចុះ​របាំង​ពន្ធ​គយ នៃ​ការ​នាំ​ចេញ និង​នាំ​ចូល​ក្នុង​តំបន់​អាស៊ាន ដល់​កម្រិត​សូន្យ នៅ​ឆ្នាំ​២០១៥ ខាង​មុខ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ អាស៊ាន។ ក្រៅ​ពី​បញ្ចុះ​របាំង​ពន្ធ​គយ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ទាម​ទារ​ឲ្យ​ប្រទេស​សមាជិក បញ្ចុះ​នូវ​របាំង​មិន​មែន​ជា​សារពើពន្ធ​ជា​បណ្ដើរៗ​ផង​ដែរ។ មាន​ន័យ​ថា ប្រទេស​ជា​សមាជិក ត្រូវ​លុប​បំបាត់​ឲ្យ​អស់​នូវ​ការ​កម្រិត​បរិមាណ ដូច​ជា​ការ​កំណត់​បរិមាណ​ផលិតផល អាជ្ញាប័ណ្ណ វិធានការ​រដ្ឋបាល និង​ការ​ទាមទារ​នានា។

    
សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​ កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​សេដ្ឋ​កិច្ចអា​ស៊ាន​កាល​ពី​ថ្ងៃ​ទី​២៧ខែសីហា​ថា ការ​សម្រេច​បាន​នូវ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត ដើម្បី​ប្រែ​ក្លាយ​អាស៊ាន​ជា​ទីផ្សារ និង​មូលដ្ឋាន​ផលិត​តែ​មួយ មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ និង​សេវាកម្ម ការ​វិនិយោគ​ពលករ​ជំនាញ និង​លំហូរ​មូលធន​កាន់​តែ​សេរី​ជាង​មុនជា​ដើម។

សម្តេច ​បញ្ជាក់​ថា ​អាស៊ានៅ​តែ​ទទួល​បានអធិ​រាជ​ពាណិជ្ជ​កម្ម ​​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​៩៨,៥​ពាន់​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០១១​ ទោះ​ជា​មាន​ការ​ធ្លាក់​ការ​នាំ​ចេញ​ក៏​ដោយ​។ការ​នាំ​ចេញ​របស់​អាស៊ាន​បាន​ កើន​ឡើង​រហូត​១,២៤​លាន ​លាន​ដុល្លា ​ ខណៈ​ដែល​ការ​នាំ​ចូល​មាន​ទំហំ​១,១៥​​លាន ​លាន​ដុល្លា​ ។

នៅ​ ចំពោះ​មុខ​អាស៊ាន ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ទាំង​កម្រិត​សកល ​និង​កម្រិត​តំបន់​ ដូច​ជា​ភាព​ផុយ​ស្រួយ​នៃ​ការ​ងើប​ឡើង​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ ន៍ គួប​ផ្សុំ​នឹង​ការ​អូស​បន្លាយ​នៃ​វិបត្តិ​ប្រាក់​បំណុល​នៅ​ប្រទេស​ប្រើ​ ប្រាស់​ប្រាក់​យូរ៉ូ ​វិបត្តិនយោ​បាយ​ និង​សង្គម​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា ​និង​អាហ្វ្រិក​ខាង​ជើង​ បញ្ហា​តំលៃ​ប្រេង​ បញ្ហា​សន្តិ​សុខ​ និង​ថាមពល ​ការ​ប្រែប្រួល​អាកាស​ធាតុ​ គ្រោះ​មហន្តរាយ​ធម្ម​ជាតិ ​ភេរវ​កម្ម ​និង​ឧក្រឹដ្ឋ​ឆ្លង​ដែន​ ជា​ដើម​។
សម្តេច ​បាន​បញ្ជាក់​ថា ​គំលាត​នៃ​ការ​អភិវឌ្ឍន៍​ ក្នុង​ចំណោម​ប្រទេស​បណ្តារ​សមាជិក​អាស៊ាន​បាន​ថយ​ចុះ​គួរ​អោយ​កត់​សំគាល់​ក៏ ​ដោយ ​ក៏​គំលាត​នេះ ​នៅ​តែ​មាន​ទំហំ​ធំ​នៅ​ឡើយ​ ដែល​ជា​ការ​គំរាម​ដល់​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​ទាំង​មូល​។

គួរបញ្ជាក់ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១០មក ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៦ រួម​មាន​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី បាន​លុប​ពន្ធ​នាំ​ចូល​លើ​ផលិតផល​មាន​ប្រភព​នៅ​ក្នុង​អាស៊ាន អស់​ជាង​៩៩% នៃ​ផលិតផល​ជាប់​ពន្ធ។​ប្រទេស​កម្ពុជា ឡាវ វៀតណាម ភូមា (មីយ៉ាន់ម៉ា) បាន​បន្ថយ​ពន្ធ​គយ​មក​ត្រឹម​០​ទៅ​៥% លើ​ប្រភេទ​ផលិត​ផល​ជាង​៩៨%​ដែល​ជាប់​ពន្ធ៕