Tuesday, August 28, 2012

កម្ពុជា និង​ម៉ុង​ហ្គោ​លី ចុះហត្ថលេខា​លើកលែង​ទិដ្ឋាការ​លិខិតឆ្លងដែន​ការទូត​

ភ្នំពេញ: ​ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី ប្រទេស​ម៉ុង​ហ្គោ​លី ប្រចាំ​កម្ពុជា លោក Tuvdendorj JANABAZAR បាន​ជួបពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ នៅ​ទីស្ដីការ​ក្រសួងការបរទេស ដោយ​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើកលែង​ទិដ្ឋាការ​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​។​

​បន្ទាប់ពី​បញ្ចប់​ជំនួប​នោះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក Tuvdendorj JANABAZAR បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អំពី​ការទទួល​តែង​តាំងពី​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ចាត់តាំង​ឲ្យ​លោក មក​បំពេញបេសកកម្ម​ការទូត​ប្រចាំ​នៅ​កម្ពុជា​។ នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វត្តមាន​របស់លោក Tuvdendorj JANABAZAR នៅ​កម្ពុជា​នាពេលនេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ឲ្យ​កាន់តែ​រឹងមាំ និង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។​

​លោក កុយ គួ​ង បាន​បន្តថា នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ ក៏បាន​បញ្ជាក់ថា កន្លងមក​បើទោះបី​ជាមាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ នៅមាន​ទំហំ​តិចតួច មិន​ខ្លាំងក្លា​ដូច​ទំនាក់ទំនង​ការទូត​ទេ​។
​នៅក្នុង​ជំនួប​នោះដែរ លោក​កុយ​គួ​ង បាន​បញ្ជាក់ថា ភាគី​ទាំង​បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អញ្ជើញ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ុង​ហ្គោ​លី និង​រដ្ឋមន្ត្រីការបរទេស​ម៉ុង​ហ្គោ​លី មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ពេលវេលា​សមរម្យ​ណាមួយ​។​

​ លោក កុយ គួ​ង បាន​បន្តថា ភាគី​ទាំងពីរ ជំរុញ​ឲ្យ​មានការ​ជួបពិភាក្សា​ញឹក​ញ៉ាប់​រវាង​មន្ត្រី​ការបរទេស នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ ។ ជាមួយគ្នា​នោះ ក៏​ជំរុញ​ឲ្យ​មាន​ជំនួប​ពិភាក្សា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា ជាមួយនឹង​អ្នកវិនិយោគ​ម៉ុង​ហ្គោ​លី និង​ស្នើ​ឲ្យ​អ្នកវិនិយោគ​ម៉ុង​ហ្គោ​លី មក​កម្ពុជា ដើម្បី​សិក្សា​ពី​សក្ដានុពល​កម្ពុជា និង​ជួប​ជាមួយ​ក្រុម​ពាណិជ្ជករ​កម្ពុជា ហើយ​និង​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​កម្ពុជា ទៅ​ម៉ុង​ហ្គោ​លី​សិក្សា​ពី​សក្ដានុពល​វិនិយោគ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ផងដែរ​។​

​លោក កុយ គួ​ង បាន​បន្តទៀតថា លោក Tuvdendorj JANABAZAR បាន​បញ្ជាក់ថា ម៉ុង​ហ្គោ​លី ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា មួយឆ្នាំ​ពីរ​នាក់ ពីព្រោះ​អាហារូបករណ៍​នេះ ម៉ុង​ហ្គោ​លី​ធ្លាប់​បានផ្ដល់​ឲ្យ​និស្សិត​កម្ពុជា តាំងពី​ឆ្នាំ​១៩៨២​មក​។​

​លោក កុយ គួ​ង បាន​បន្ថែមថា នៅក្នុង​ជំនួប​នោះដែរ ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ចុះហត្ថលេខា​លើកលែង​ទិដ្ឋាការ លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ ដែល​ចុះហត្ថលេខា​ដោយ​លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស ជាមួយនឹង​លោក​ឯកអគ្គរដ្ឋទូត Tuvdendorj JANABAZAR នៃ​ប្រទេស​ម៉ុង​ហ្គោ​លី​។​

​លោក កុយ គួ​ង បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ នឹង​ពិចារណា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ធម្មតា សម្រាប់​ជំរុញ​លំហូរ​ភ្ញៀវទេសចរ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​៕​