Tuesday, August 28, 2012

លោក រ៉ុង ឈុន សុំ​តុលាការ ចូល​ជួប​លោក ម៉ម​សូណង់ដូ​

ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​លោក ជីវ កេង ប្រធាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី សុំ​ទៅ​សួរសុខទុក្ខ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ លោក រ៉ុង​ឈុន បាន​លើកឡើង​ថា លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​កំពុង​​ជាប់​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​មណ្ឌល​ពន្ធនាគារ​ព្រៃ​ស​អស់​ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​។ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ​ចំនួន ៧​នាក់ ក្នុង​គោល​បំណង​ទៅសួរសុខទុក្ខ លោក ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ឃុំខ្លួន​បណ្ដោះអាសន្ន ក្នុង​មណ្ឌល​ពន្ធនាគារ​ព្រៃ​ស​។​

​លោក រ៉ុង​ឈុន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាមួយនឹង​លោក ម៉ម សូណង់ដូ កាលពី​ចុង​ឆ្នាំ​២០០៥ ដោយសារ​តែ​ការរិះគន់​ដល់​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​រវាង​កម្ពុ​ជា និង​វៀតណាម បាន​កត់សម្គាល់​ថា ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នឹង​កំណត់​យក​ថ្ងៃអាទិត្យ ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ចេញពី​ទីស្នាក់ការ​របស់​ខ្លួន ឆ្ពោះ​ទៅ​មណ្ឌល​ពន្ធនាគារ​។​

​ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ មិនទាន់​មាន​ការ​ឆ្លើយ​តប​បែបណា ពី​លោក ជីវ កេង ប្រធាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។

​ ក៏​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ចូល​ជួប​លោក ម៉ម សូណង់ដូ តាមរយៈ​ការដាក់​លិខិត​ស្នើ​សុំ ទៅកាន់​ប្រធាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​អគ្គនាយកដ្ឋាន​ក្រសួងមហាផ្ទៃ ដែលជា​អ្នក​គ្រប់គ្រង​ពន្ធនាគារ បាន​បដិសេធ និង​បង្វែ​ការសម្រេច​ទៅកាន់​តុលាការ​៕​