Tuesday, August 28, 2012

មេធាវី​ត្រៀមខ្លួន​រួចរាល់ ដើម្បី​តតាំង​ក្នុង​រឿង​ក្តី​របស់​លោក​ម៉ម​សូណង់ដូ​

ភ្នំពេញ: លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​របស់​លោក ម៉ម សូណង់ដូ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ថា លោក​បាន​ត្រៀម​ឯកសារ​រួចរាល់​អស់ហើយ ដើម្បី​ឡើង​តតាំង ការពារ​ក្តី​លោក​ម៉ម​សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២​។ លោក ម៉ម​សូណង់ដូ ជាប់ចោទ​ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ​។​

​លោក​មេធាវី សុក សំអឿន បាន​មានប្រសាសន៍ថា ការ​កំណត់​ពេល​សវនាកា​រ​ដ៏​ឆាប់រហ័ស លើ​ករណី​លោក​ម៉ម​សូណង់ដូ នា​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ការល្អ ដោយ​បាន​ឆាប់​ដូច្នេះ​។ លោក​មេធាវី​បាន​ត្រៀម​ខ្លួន​រួច​អស់ហើយ​។​

​លោក​មេធាវី សុក សំអឿន បានបញ្ជាក់​ថា "​រឿងនេះ មិន​មាន​ភស្តុតាង​ចោទប្រកាន់​អី​ទេ ដោយ​គ្រាន់តែ​មាន​មនុស្ស​ឆ្លើយ​ដាក់ ( ឆ្លើយ​ដាក់​លោក​ម៉ម​សូណង់ដូ ) ហើយ​តុលាការ ចេះ​តែ​ចោទ​ដែរ​។ ចំណុច​នេះ ដូចជា ជ្រុល​ហួស ក្នុង​ការចោទប្រកាន់​នោះ វា​ដូចជា​អត់​មាន​ភស្តុតាង​អី​សោះ​។ គ្រាន់​តែ​មនុស្ស​ឆ្លើយ​ដាក់ ហើយ​ឆ្លើយ​ដាក់ ឮ​គេ​ថា ទៅទៀត​"​។​

​ ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​មេធាវី សុក សំអឿន ក៏​បាន​បន្ថែមថា បើសិន​ជា​ចៅក្រម​សម្រេច​ផ្តន្ទាទោស​តាម​បទចោទប្រកាន់ ក្នុង ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ចោទថា ពលរដ្ឋ ដែលជា​តំណាង​របស់​សមាគម​អ្នកប្រជាធិបតេយ្យ បង្កើត​តំបន់​អបគមន៍​នោះ គឺ​លោក​ម៉ម​សូណង់ដូ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​សរុប​ដល់​ទៅ ៣០ ឆ្នាំ​។​

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ត្រូវបាន​ប៉ូលិស ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២  ក្រោម​បទ​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ការ​នៅ​ពី​ក្រោយ​ហេតុការណ៍ ដែល​រដ្ឋាភិបាល បាន​ចោទប្រកាន់​ក្រុម​អ្នក​ភូមិ ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថា បាន​ចាប់​ដី​ខុសច្បាប់ និង​បង្កើត​តំបន់អបគមន៍​។​

​ក៏​ប៉ុន្តែ​លោក​ម៉ម​សូណង់ដូ និង​សាខា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ នៅ​ខេត្ត​ក្រចេះ ឈ្មោះ ប៊ុន​រដ្ឋា ដែល​ជាប់ចោទ និង​បាន​រត់គេចខ្លួន បាន​បដិសេធ​រាល់​ការចោទប្រកាន់​។​

​ លោក ម៉ម សូណង់ដូ ត្រូវ​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុង​ជាយ​ទីក្រុង​ភ្នំពេញ និង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ញឹកញាប់​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក សុក សំអឿន បានបញ្ជាក់​ថា លោក ម៉ម សូណង់ដូ បាន​ធូរស្រាល​វិញ​ហើយ​៕​