Tuesday, August 28, 2012

សម្តេច​តេជោ ​ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​ប្រធាន​អង្គ​ការ​កម្ម​សិទ្ធិ​បញ្ញា​ពិ​ភព​លោក​ និង​ប្រ​តិភូ​ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​ចូល​ជួប​សំដែង​ការ​គួរ​សម​ជា​បន្ត​បន្ទាប់

      មុន​នឹង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​ចាប់​ផ្តើម​ ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវ​ការ​ នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ ក្រុង​សៀមរាប​, ព្រឹក​ថ្ងៃទី​២៧​សីហា​នេះ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ឯក​ឧត្តម​  ហ្វាន់​ស៊ី ​ហ្គែរី​ អគ្គ​នាយក​អង្គ​ការ​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក​ ចូល​ជួប​សំដែង​ការ​គួរ​សម​។   ឯក​ឧត្តម​ ហ្វាន់​ស៊ី ​ហ្គែរី​ បាន​សំដែង​នូវ​ការ​អប​អរ​សាទរ​ចំពោះ​ជោគ​ជ័យ​ទាំង​ឡាយ​ដែល ​កម្ពុជា​ទទួល​បាន​ ជា​ពិសេស​លើ​វិស័យ​សេដ្ឋ​កិច្ច​ ។លោក​ក៏​បាន​គោ​រព​ជំរាប​ជូន​សម្តេច​ ថា ​កម្ម​សិទ្ធិ​បញ្ញា​គឺ​ជា​បញ្ហា​ដែល​មាន​ភាព​ទូលំ​ទូលាយ​ ហើយ​គ្មាន​គំរូ​ណា​មួយ​ដែល​ជា ​គំរូ​ត្រឹម​ត្រូវ​នោះទេ​។ដូច្នេះ ​ឯក​ឧត្តម​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ទៀត​ ដើម្បី​ចូល​ទៅ​ក្នុង​កិច្ច​ សន្យា​ ឬ ​អនុ​សញ្ញា​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​កម្ម​សិទ្ធិ​បញ្ញា​នេះ។​


    ជា​ការ​ឆ្លើយ​តប​ សម្តេច​តេ​ជោ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​គាំ​ទ្រ​របស់​អង្គ​ការ​ពិភព​ លោក ​ពាក់​ព័ន្ធ​នឹង​កម្ម​សិទ្ធិ​បញ្ញា​ដោយ​សម្តេច​បាន​បញ្ជាក់​ថា ​កម្ពុជា​បាន​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅលើ​បញ្ហា​កម្ម​សិទ្ធិ​បញ្ញា​ ហើយ​កំពុង​តែធ្វើ​ការ​ងារ​ ដទៃ​ទៀត​ ដើម្បីចូល​នៅ​ក្នុង​រាល់​កិច្ច​ព្រម​ព្រៀង​ និង​អនុ​សញ្ញា​ដទៃ​ទៀត​​ដែល​ពាក់​ព័ន្ធ​នឹង​កម្ម សិទ្ធិ​បញ្ញា​នេះ។​សម្តេច​បាន​បន្ត​ថា ​តាំង​ពី​អាណត្តិ​ទី​២​មក​ គឺ​នៅ​ក្នុង​មុំទី​២​នៃ​យុទ្ធ​សាស្ត្រ ​ត្រី​កោណ​របស់​រាជ​រដ្ឋា​ភិបាល​ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​សមា​ហរ​ណកម្ម​ខ្លួន​ចូល​ទៅក្នុង​ អង្គ​ការ​ពិភព​លោក​ ។​សម្តេច​បាន​ស្នើ​សុំ​ឲ្យ​ឯក​ឧត្តម​ ហ្វាន់​ស៊ី​ហ្គែរី​ បន្ត​ជួយ​ដល់​កម្ពុជា​ ឲ្យ​បាន​ចូល​ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ និង​អនុ​សញ្ញា​ដទៃ​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​កម្ម​សិទ្ធិ ​បញ្ហា​នេះ៕​

    
បន្ទាប់​មក​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ក៏​បាន​អនុ​ញ្ញាត​ឲ្យ​បណ្តា ​រដ្ឋ​មន្ត្រី ​សេដ្ឋ​កិច្ច​អាស៊ាន​  ដឹក​នាំ​ដោយ​ឯក​ឧត្តម​ ប៉ាហ៊ីម​ ប៉ាតុ​លីម​ ចាតុ​សេង​ រដ្ឋ​មន្ត្រី ​នៃ​ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជ​កម្ម​ មី​យ៉ាន់​ម៉ា ​ចូល​ជួប​សំដែង​ការ​គួរ​សម​ផង​ដែរ​។
    
ឯក​ឧត្តម​ ចាតុ​សេង​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​តេជោ ​នា​យក​រដ្ឋ​មន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​រដ្ឋ​មន្ត្រី​សេដ្ឋ​ កិច្ច​អាស៊ាន​ បាន​ចូល​ជួប​សំដែង​ការ​គួរ​សម ​និង​បាន​សំដែង​នូវ​ការ​អប​អរ​សាទរ​ចំពោះ​កំណើន​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ និង​សាទរ​ចំពោះ​ជោគ​ ជ័យ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​កិច្ច​ប្រជុំ​នា​រយៈ​ពេល​កន្លង​មក​។ ឯក​ឧត្តម​ បាន​បន្ត​ថា ​អាស៊ាន​ មាន​ភ័ព្វ​សំណាង​ណាស់​ ដែល​មាន​ប្រធាន​ មាន​លទ្ធ​ភាព​ក្នុង​ការ​ដឹក​នាំលើ​វិស័យ ​សេដ្ឋ​កិច្ច​។

    សម្តេច​តេជោ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្ត​មាន​របស់​ប្រតិភូ​ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​ ទាំង​អស់​ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​នៅពេល​នេះ ​សម្តេច​ក៏​បាន​ថ្លែង​អំណរ​គុណ ​ដល់​ឯក​ឧត្តម​ ចម​ ប្រសិទ្ធ​ ដែល​បាន​រៀប​ចំ ​និង​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ ​បាន​យ៉ាង​ល្អប្រ​សើរ។​ សម្តេច​បាន​មាន​ប្រសាស​ន៍ថា​ គប្បី​គឺ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ទៅលើ​ការ​ស្វែង​រក​នូវ​កត្តា ​សំខាន់​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​សេដ្ឋ​កិច្ច​ ហើយ​អាស៊ាន​កន្លង​មក​គឺ​មាន​កំណើន​សេដ្ឋ​កិច្ច​គួរ​ឲ្យ​កត់​សំគាល់​ទោះ​ជា​ មាន​ភាព​ទន់​ខ្សោយ​ផ្នែក​សេដ្ឋ​កិច្ច​នៅ​សហ​រដ្ឋ​អាមេ​រិក​និង​សហគមន៍​ អ៊ឺរ៉ុប យ៉ាង​ណា​ក៏​ដោយ ​។សម្តេច​បាន​មាន​ប្រសាសន៍​ថា ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ចាប់ពី​ពេល​នេះ ​រហូត​ដល់​ឆ្នាំ​២០១៥​ គឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ ហើយ​នៅ​មាន​កិច្ច​ការ​ជា​ច្រើន ​ដែល​នៅ​សេស​សល់ ​ដូច្នេះ​សម្តេច​បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​ ទាំងអស់​គឺ​ធ្វើ​យ៉ាង​ណា​សំរេច​ឲ្យ​បាន​នូវ​គោល​ដៅ ​ឆ្ពោះ​ទៅ​កាន់​សហ​គមន៍​អា​ស៊ាន​នៅ​ឆ្នាំ​២០១៥​ឲ្យ ​បាន​ជោគ​ជ័យ​៕