Tuesday, August 28, 2012

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ស្វែង​យល់​លើ​ក្រមព្រហ្មទណ្ឌ​​​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​

ដោយ​ ៖ វណ្ណៈ
​ខេត្តកំពង់ចាម ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តកំពង់ចាម​មាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ស្វែង​យល់​លើ​ក្រមព្រហ្មទណ្ឌ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដែល​មាន​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៨-២៩​ ខែសីហា​ ឆ្នាំ​២០១២​ ។​
​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ឱកាស​នោះ​មាន​លោក​ឧត្តមសេនីយ៍ត្រី​ ជា​ ប៊ុ​ន​ថុ​ល​ តំណាង​ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ និង​លោក​វរសេនីយ៍ឯក​ ព្រុំ​ សន្ធរ​ អនុប្រធាន​នាយកដ្ឋាន​ នគរបាល​ព្រហ្មទណ្ឌ​ តំណាង​អោយ​គំរោង​ជំនួយ​ផ្នែក​ព្រហ្មទណ្ឌ​ និង​យុត្តិធម៌​នៅ​កម្ពុជា​ និង​លោក​ លោកស្រី​ ស្នងការ​រង​ មួយ​ចំនួន​ទៀត​ ។​ ចំពោះ​មន្ត្រី​នគរបាល​ទាំងអស់​ដែល​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​ថ្ងៃនេះ​មាន​ចំនួន​៧០​នាក់​ មាន​តាំងពី​ថ្នាក់​ស្នងការ​រង​ រហូត​ដល់​មន្ត្រី​មូលដ្ឋាន​ ជា​ពិសេស​ នាយការិយាល័យ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ និង​កំរិត​ធ្ងន់​ នៃ​ស្នងការ​នគរបាល​ខេត្ត​ និង​អធិការ​ អធិការរង​ទាំង​១៧​ស្រុក​ ក្រុង​ ចំណុះ​អោយ​ស្នងការ​នគរបាល​ខេត្ត​ និង​មាន​នាយ​ប៉ុស្តិ៍​ នាយ​រង​ប៉ុ​សិ៍្ត​ក្នុង​ក្រុង​កំពង់ចាម​ និង​នៅ​ជិតៗ​ក្រុង​ក៏​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ដែរ​ ។​
​លោក​ឧត្តមសេនីយ៍ត្រី​ ឆាយ​ គឹ​មសុ​ន​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១២​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌​ សហការ​ជាមួយ​នគរបាល​សហ​ព​ន្ធ័​ អូស្ត្រាលី​ប្រចាំ​កម្ពុជា​ និង​គំរោង​CCJAP​ បាន​យកចិត្តទុកដាក់​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ស្នង​ ការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ បាន​ចំនួន​៣​លើក​មក​ហើយ​ គឺ​ទី​១-​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ការ​ពារ​កន្លែង​កើតហេតុ​ព្រហ្មទណ្ឌ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ និង​មាន​មន្ត្រី​នគរបាល​ចូលរួម​ចំនួន​២៥​នាក់​ ទី​២-​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ពង្រឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សុវត្ថិភាព​សហគមន៍​មាន​រយៈពេល​២​ថ្ងៃ​ មាន​មន្ត្រី​នគរបាល​ចូលរួម​៤១​នាក់​ និង​ទី​៣-​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ គ្រប់គ្រង​កន្លែង​កើតហេតុ​ព្រហ្មទណ្ឌ​រយៈពេល​៥​ថ្ងៃ​ មាន​មន្ត្រី​នគរបាល​ចូលរួម​ ចំនួន​៣០​នាក់​ ។​ លោ​កង​ឧត្តមសេនីយ៍​ស្នងការ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ជាមួយ​នោះ​ស្នងការដ្ឋាន​នគរបាល​ ខេត្តកំពង់ចាម​ បាន​ទទួល​នូវ​ឧបករណ៍​សម្ភារ​បច្ចេកទេស​បំរើ​ឱ្យ​ការងារ​ជំនាញ​ខាងលើ​នេះ​ពី​នគរបាល​សហព័ន្ធ​អូ​ស្រា្ត​លី​ប្រចាំ​នៅ​កម្ពុជា​ និង​គំរោង​ CCJAP​ មួយ​ចំនួន​ធំ​ផង​ដែរ​ ។​ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា​ នេះ​ជា​លើក​ទី​៤​ហើយ​ ដែល​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​ និង​នាយកដ្ឋាន​នគរបាល​កណ្តាល​យុត្តិធម៌​ ពិសេស​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​គំរោង​ជំនួយ​ផ្នែក​ព្រហ្មទណ្ឌ​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ CCJAP​ បាន​រៀបចំ​ បើក​វគ្គ​បណ្តុះបណ្តាល​ក្រមព្រហ្មទណ្ឌ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ និង​ធាតុ​ផ្សំ​នៃ​បទល្មើស​ឧក្រិដ្ឋ​ទាំង​៣​ ដែល​យើង​ដំណើរការ​បើក​វគ្គ​ពិធី​នា​ថ្ងៃនេះ​ ។​
​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ថ្ងៃនេះ​ជំនួស​មុខ​ឱ្យ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម​ លោក​មាន​សេចក្តី​សោមនស្ស​ និង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ វគ្គប​ណ្តុះ​បណ្តាល​ជំនាញ​ក្រមព្រហ្មទណ្ឌ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ធាតុ​ផ្សំ​នៃ​បទល្មើស​ឧក្រិដ្ឋ​ទាំង​៣​ដែល​នឹង​ ដំណើរការ​នា​ពេល​បន្តិចទៀត​នេះ​ ពិតជា​ធ្វើ​អោយ​មន្ត្រី​នគរបាល​ទាំង​៧០​នាក់​ បង្កើន​បាន​នូវ​ចំណេះដឹង​ថ្មីៗ​ បន្ថែម​មួយ​កំរិត​ទៀត​ ដើម្បី​បំរើ​ការ​ឱ្យ​កិច្ចការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បាន​ច្បាស់លាស់​តាម​នីតិវិធី​ ៕