Thursday, August 14, 2014

ការនាំចេញអង្ករចំនួន១០០ ០០០តោនទៅចិននឹងចាប់ផ្តើម ចន្លោះខែសី​ហាឆ្នាំ២០១៤​ដល់ខែមេសា​ឆ្នាំ២០១៥

ពិធី​ចុះហត្ថ​លេខា​លើអនុស្សរណៈ​យោគយល់គ្នា​​រវាង​ក្រុមហ៊ុន​ហ្គ្រីន​ ត្រេដ ​និង ​COFCO ​(China National​ Cereal,Oils and Foodstuffs Corp.,)​ ដែល​ជា​ក្រុមហ៊ុន​ដ៏ធំ​បំផុត​មួយ​ខាង​ផ្នែក​កែច្នៃ​ម្ហូប​អាហារ​ ផលិតកម្ម​ និង ពាណិជ្ជកម្ម អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពីថ្ងៃទី១១ដល់ទី១៣ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម Goa Hucheng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន។

អត្ថបទសារព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថា អនុស្សរណៈ យោគយល់គ្នានេះពាក់ព័ន្ធនឹងការទិញ និងនាំចេញអង្ករកម្ពុជាចំនួន១០០ ០០០តោន ដែលនឹងចាប់ផ្តើមពីចន្លោះខែសីហា ឆ្នាំ២០១៤ ដល់ខែមេសា ឆ្នាំ ២០១៥ ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ក្រុមហ៊ុន COFCO និងក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាក្រុមហ៊ុនរបស់រដ្ឋ ដែលគ្រប់គ្រងទៅលើ ស្បៀងបម្រុងរបស់ជាតិ តាមរយៈការទិញ និងលក់នៅក្នុងតម្លៃទីផ្សារ។

ទស្សនកិច្ចនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន ដើម្បី ជំរុញការវិនិយោគពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីនីតិវិធី នៃគម្រោងអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមហ៊ុនហ្គ្រីនត្រេដនឹងធ្វើការ យ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីធានាថា លក្ខខណ្ឌដែល មានចែងក្នុងអនុស្សរណៈយោគយល់គ្នា នឹងត្រូវបានអនុវត្តន៍យ៉ាងជោគជ័យ ដើម្បីបង្ហាញដល់អ្នកជំនាញ ដែលទិញអង្ករនៅជុំវិញពិភពលោកថា កម្ពុជា អាចចែកចាយបាននូវអង្ករ ដែលមានគុណភាពស្តង់ដារស្របតាមពេលវេលា កំណត់។

គណៈប្រតិភូកម្ពុជាបានជូនកាដូអនុស្សាវរីយ៍ជាផ្កាម្លិះ ដែលមានតម្លៃ និងម្រេចកំពត ដែលល្បីល្បាញទូទាំងសកលលោករបស់កម្ពុជាទៅថ្នាក់ដឹក នាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមនាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា៕
ដោយ ជ័យ ភូមិពល