Thursday, August 14, 2014

ប្រជាធិបតេយ្យមិនមែនជារបស់នាំចូលពីបរទេសនោះទេ គឺជាការបង្កើតឡើង ក្នុងក្របខ័ណ្ឌរបស់សង្គម

 ប្រជាធិបតេយ្យ គឺការយកប្រជាពលរដ្ឋជាធំ លើកកម្ពស់ការ រស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះប្រជាធិបតេយ្យមិនមែនជា របស់នាំចូល ពីបរទេសនោះទេ គឺជាការបង្កើតឡើងក្នុងក្របខ័ណ្ឌរបស់សង្គម ដោយធ្វើការពង្រឹងនូវចំណេះដឹង និងសេវា ផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋបាន យល់ច្បាស់ និងបានយល់ពីលទ្ធិប្រជាធិបតេយ្យ។
ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានលើកឡើងដូចនេះនៅ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការការអនុវត្តយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៤នៅសណ្ឋាគារ ភ្នំពេញ ។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រជាធិបតេយ្យនៅកម្ពុជា ហើយក៏ជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹង អភិបាលកិច្ចតាម បែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដោយឈរលើគោលការណ៍មូលដ្ឋានរួម មាន ១-ការទទួលបានព័ត៌មាន ២-ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និង៣-ការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋ ក្នុងដំណើរការពិភាក្សាចរចាធ្វើឲ្យមានភាពប្រសើរឡើង ។ គណនេយ្យភាពសង្គម គឺជាមធ្យោបាយទាំងឡាយ ណា ដែល អនុវត្តន៍ដោយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីជួយដល់រាជរដ្ឋាភិបាល ឬអ្នកផ្តល់ សេវាកម្មសាធារណៈ មានគណនេយ្យភាព (ការទទួលខុសត្រូវ ខ្ពស់) តម្លាភាព និងឆ្លើយតបតាមតម្រូវការ របស់សហគមន៍ ដោយមានការ សម្របសម្រួលពីអាជ្ញាធរ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ ព័ន្ធនានា ។
នៅក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ការតាំងចិត្តរបស់រាជរដ្ឋាភិបាលចំពោះ​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ក៏មាន ចែងនៅក្នុងមាត្រា១២នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយបានកំណត់យ៉ាងច្បាស់អំពីការតម្រូវឲ្យរៀបចំរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រង​សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលក្ខណៈភាពជាតំ ណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់ និងការចូលរួម ការឆ្លើយតប និងគណនេយ្យភាព ការលើកម្ពស់គុណភាពជីវិតរបស់​ប្រជា ពលរដ្ឋក្នុងមូលដ្នាន ការលើកស្ទួយសមធម៌ តម្លាភាព និងសុចរិតភាព និងវិធាន ការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការអនុវត្តយុទ្ធសាស្រ្តគណនេយ្យភាព សង្គមនេះ រៀបចំឡើងដោយគម្រោង​អភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហា ផ្ទៃសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានរយៈពេលពីរថ្ងៃ និងមានការចូលរួមពី​​  តំណាងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកទូទាំងប្រទេស៕
ដោយ ហ៊ុន យុទ្ធគុណ