Thursday, August 14, 2014

អាជ្ញាធរអប្សរាបញ្ជាក់ពីឧបទ្ទវហេតុបណ្តាលឱ្យធ្លាក់ព្រះកេសយក្ស នៅខ្លោងទ្វារទន្លេអុំនៃអតីតក្រុងអង្គរធំ

 សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា ចេញផ្សាយថ្ងៃទី១២ សីហាឆ្នាំ​២០១៤​បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៤ វេលាម៉ោង០៨ និង៤០នាទី មាន​ឧបទ្ទវហេតុមួយកើតឡើងនៅក្លោងទ្វារទន្លេអុំ នៃអតីតក្រុង អង្គរធំ បង្កដោយភ្ញៀវទេសចរជនជាតិកូរ៉េម្នាក់ ឈ្មោះ គីម ជុនហុង (Kim Jun Hong) អាយុ២២ឆ្នាំ ជានិស្សិតមកទស្សនា​អង្គរ តាមរយៈព្រះវិហារគ្រិស្ត  សាសនា មួយប្រចាំនៅប្រទេសកម្ពុជា ឈ្មោះ UN Cheon First Church បានឡើងថតរូប ឱបកៀកកនឹង រូបចម្លាក់តួយក្សទាញព្រ័ត្រទី១១ពីក្រោយ ហើយ​បណ្ដាល​ឱ្យ​ព្រះ កេសយក្សនោះធ្លាក់របូតចុះមកក្រោម​ប៉ះជើងខ្លួនឯងនាំឱ្យមានរបួស​ភ្លាមៗ​។

ភ្នាក់ងារសមត្ថកិច្ចរបស់អាជ្ញាធរអប្សរា នគរបាលការពារបេតិកភណ្ឌប្រ ចាំនៅខ្លោងទ្វារ​នោះ បាននាំខ្លួនធ្វើ កំណត់ហេតុនៅទីកន្លែង រួចបញ្ជូនអ្នកពាក់ ព័ន្ធមកកាន់ទីស្នាក់ការ​អា​ជ្ញា​ធរ​អប្សរា ដើម្បីដោះស្រាយតាម នីតិវិធីច្បាប់ ។ រីឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បីព្យាបាល។

ក្រោយពីបានជួបប្រជុំជាមួយតំណាងព្រះវិហារគ្រិស្តសាសនា ឈ្មោះ Chois Suchet និង​មគ្គុទ្ទេសក៍ទេសចរ ឈ្មោះ Lee Yong Chan​ នៃក្រុមហ៊ុន Best Tour របស់កូរ៉េ ដោយ​ពិនិត្យ​​មើល​ស្ថានភាពជាក់ស្ដែងនៃឧបទ្ទវ  ហេតុ តំណាងព្រះវិហារ និងមគ្គុទ្ទេសក៍បានសារភាព​ពីកំហុសដោយសារការធ្វេប្រហែស បណ្ដាលឱ្យភ្ញៀវ ឡើងតោងរូបចម្លាក់ ហើយទទួលខុស​ត្រូវរាល់ទង្វើដែលបាន ប្រព្រឹត្ត និងទទួលខុសត្រូវមើលព្យាបាល អ្នករបួស ព្រមទាំងសន្យាថា នឹងកែលម្អរាល់កំហុសឆ្គង ហើយណែនាំភ្ញៀវរបស់ខ្លួនកុំឱ្យមានរឿងដូច្នេះ កើតឡើង នាពេល​អនាគតទៀត។

ព្រះកេសតួយក្សនេះ ជាព្រះកេសធ្វើពីស៊ីម៉ង់ត៍ ដែលអភិរក្សដ្ឋានអង្គរ នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសល្បៈ បានធ្វើយកមកជំនួសព្រះកេសដើម ដែលបាន នាំយកមក​រក្សា​ទុកក្នុងឃ្លាំងអភិរក្សដ្ឋានអង្គរក្នុងបណ្ដា  ទសវត្សឆ្នាំ១៩៨០។ នៅ ខ្លោងទ្វារទន្លេអុំមាន​ចម្លាក់រូបយក្សចំនួន៥៤ និងទេវតាចំនួន៥៤ដែលសព្វថ្ងៃ អាជ្ញាធរអប្សរាកំពុងធ្វើការអភិរក្ស ជួសជុល ​និងស្ថាបនាព្រះកេសធ្វើពីថ្មភក់យកមកជំនួសព្រះកេសធ្វើពី ស៊ីម៉ង់ត៍បានចំនួន១៥ព្រះកេសយក្ស និង១០ព្រះ កេសទេវតា៕
ដោយ ជឹម ណារី