Thursday, August 14, 2014

កម្ពុជាបញ្ជូនកីឡាករកីឡាការិនី៣រូបទៅចូលរួម ប្រកួតកីឡាអូឡាំពិកយុវជននៅប្រទេសចិន

កម្ពុជា​នឹង​ធ្វើការ​បញ្ជូន​កីឡាករ​កីឡាការិនី​ ចំនួន៣​រូបទៅ​ចូលរួម​ការ​ប្រកួត​កីឡាអូ​ឡាំពិក​យុវជន (Youth Olampic Game) លើកទី២ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង​ណានជីង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ពីថ្ងៃទី១៦ខែ​ ដល់ថ្ងៃទី២៨​ ខែសីហាឆ្នាំ២០១៤។​

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២សីហា ឆ្នាំ២០១៤នៅទីស្នាក់ការគណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា​បានមាន​ប្រសាសន៍ថា ការប្រកួតកីឡាអូឡាំពិកសម្រាប់យុវជនលើកទី២នៅទីក្រុងណានជីង ប្រទេសចិននេះ គឺមិនមែនមានតែការប្រកួតយកឈ្នះចាញ់ប៉ុណ្ណោះនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមកតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកផងដែរ។

ឯកឧត្តមបន្តថា ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន៣០ប្រភេទ ត្រូវបានដាក់ឲ្យប្រកួតប្រជែង ដែលមាន​ប្រទេសចំនួន២០៤ជាសមាជិកអូឡាំពិកអន្តរជាតិបានបញ្ជូនអត្តពលិកចំនួន៣.៨០៨នាក់ទៅចូលរួមប្រកួតប្រជែង ។ ក្នុងការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១៦ដល់២៨សីហានេះ ប្រទេសកម្ពុជាបានបញ្ជូនវិញ្ញាសា​៣ប្រភេទទៅចូលរួមក្នុងនោះមានប្រភេទកីឡាអត្តពល កម្ម ចំបាប់ និងកីឡាហែលទឹក ហើយពួកគេនឹង​ចេញដំណើរនៅថ្ងៃទី១៤សីហាខាងមុខនេះ។

កីឡាករ កីឡាការិនីដែលត្រូវចេញទៅនោះរួមមានកីឡាករហែលទឹក ចេង សុផា ដែលមានអាយុ១៥ឆ្នាំ​ប្រកួតក្នុង​វិញ្ញាសា​ហែល៥០ ម៉ែត្ររបៀបសេរី និងកង្កែប សម្រាប់ប្រភេទកីឡាចំបាប់វិញកីឡាការិនី ឌន ស្រីម៉ៅ មានអាយុ១៨ឆ្នាំនឹងប្រកួតក្នុងប្រភេទទម្ងន់៥២គីឡូក្រាមប្រភេទចំបាប់សេរី ។ ចំណែកកីឡាការិនីអត្តពលកម្ម សុខា បញ្ញាវីរិយវត្តី នឹងប្រកួតក្នុងវិញ្ញាសារត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ។
លោក ញ៉ាន សុខវិសាល ដែលជានាយបេសកកម្មដឹកនាំកីឡាករ កីឡាការិនីទៅប្រកួតប្រកួត​ប្រជែងនោះ​បានឲ្យដឹងថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះទោះបីក្រុមកម្ពុជាចាញ់-ឈ្នះក៏ដោយក៏ត្រូវតែនៅទាល់តែ​ព្រឹត្តិការណ៍នេះបញ្ចប់ដែរទើបអាចមកវិញបាន ព្រោះកីឡាករ-កីឡាការិនីត្រូវចូលរួមក្នុង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​នៅទីនោះ ព្រោះវាជាព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនលើកទី២ដែលធ្វើរៀងរាល់៤ឆ្នាំម្ដង៕
ដោយ ជឹម ណារី