Thursday, August 14, 2014

សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

តបតាម​កា​រ​អញ្ជើញ​របស់​ឯក​ឧត្តម ង្វៀន​ ស៊ីងហ៊ុង​ (Nguyen ​sinh​ hung)​ប្រធាន​រដ្ឋ​ សភានៃ​សាធារណរដ្ឋ​សង្គម​និ​យមវៀតណាម​ គណៈ​ប្រតិភូ​​ជាន់​ខ្ពស់​​នៃ​រដ្ឋសភា​​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហា​ពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​នឹងអញ្ជើញ​ទៅបំពេញទស្សន កិច្ច​ជា​ផ្លូវការ និងជាមិត្តភាពនៅ សាធារណរដ្ឋសង្គម​និយមវៀតណាមរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៨​ដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះថ្ងៃទី១២ សីហា ឆ្នាំ២០១៤នេះ​បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់នឹង ទទួលជួបសវនាការសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ សាធារណរដ្ឋសង្គមនិយមវៀតណាមមានជាអាទិ៍៖ ជួបសវនាការ និងសម្តែងការគួរសមជា មួយឯកឧត្តម ង្វៀន ភូត្រុង (Nguyen Phu Trong) លេខាធិការបក្ស នៃគណបក្សកុម្មុយ និស្តវៀតណាម ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ជឿង តាន់សាង (Truong Tan Sang ) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសវនាការ និងសម្តែងការ​គួរសមជាមួយលោក ង្វៀន តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គម​និយម​វៀតណាម និងទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ង្វៀន ស៊ីងហ៊ុង (Nguyen sinh Hung) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ។

ក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញទស្សនាទីកន្លែងប្រវត្តិ សាស្ត្រសំខាន់ៗ​នៅ​រដ្ឋធានី​​ហាណូយ នៃសាធារដ្ឋសង្គមនិយមវៀតណាមផងដែរ៕

ដោយ ប៉ាល់ សុង