Thursday, August 14, 2014

អាជ្ញាធរ​អប្សរាត្រៀម​លក្ខណៈទប់ទល់​ទឹកជំនន់ឆ្នាំនេះមិន​ឲ្យប៉ះ​ពាល់ដល់​ប្រាសាទបុរាណ

ខេត្តសៀមរាប ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៤ អាជ្ញាធរ​អប្សរាបាន​ប្រកាស​ថា ខ្លួនបាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ហើយ​សម្រាប់​ទប់ទល់​នឹងទឹកជំនន់​នៅ​ក្នុង​រដូវ​វស្សាឆ្នំា​នេះ ​ដោយមិន​ឲ្យប៉ះ​ពាល់ដល់​ប្រាសាទបុរាណ​នៅ​ក្នុង​តំបន់​អង្គរឡើយ ​បើទោះបី​ជាស្ថាន​ភាព​ទឹក​ឆ្នំានេះ ​ដូច​ឆ្នំា​មុន ឬខ្លំាងជាង​ក៏ដោយ​។

លោក អ៊ឹង សុរិទ្ធី អនុប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ ​នៃ​អគ្គនាយក​ដ្ឋាន​អាជ្ញាធរ​អប្សរាបាន​មាន​ប្រសាសន៍​ប្រាប់អ្នកយកព៌ត័មាន កាលពីថ្ងៃទី១២ខែសី ហា ឆ្នាំ២០១៤នេះ​ថា បន្ទាប់​ពី​ក្រ​សួង​ធន​ធាន​ទឹក និងឧតុ​និយម​ប្រ​គល់​ទ្វារទឹក នៅ​បារាយណ៍ទឹកថ្លាមក​ឲ្យ​អា​ជ្ញាធ​​រ​​អប្សរា​គ្រប់​គ្រង​ទំាង​អស់នោះ​ អាជ្ញាធរ​អប្សរា បាន​ធ្វើ​ការ​ជុស​ជុល​ទ្វារទឹក ​ដែល​ខូច​ដោយ​បំ​ពាក់​សម្ភារ​ថ្មី​ទំនើបៗ ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រ​សើ​រ ​ព្រម​ទំាង​បាន​ស្តារ​នូវ​ប្រ​ព័ន្ធ​ទឹក​បុរាណ​មួយ​ចំនួនឲ្យ​មាន​ដំ ណើរការល្អឡើង​វិញ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់ទល់​នឹងទឹក​នៅ​ក្នុង​រដូវ​វស្សាឆ្នំា​នេះ​មិន​ឲ្យប៉ះ​ពាល់ដល់​ប្រាសាទបុរាណ​នៅ​ក្នុង​តំបន់​អង្គរ​នោះ។

លោក ​អ៊ឹង សុរិទ្ធី បាន​ឱ្យដឹងទៀតថា ក្រៅ​ពី​យុទ្ធ​សាស្រ្ត​រំ​ដោះ​ទឹក​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រាសាទ ​អា​ជ្ញា​ធរ​អប្ស​រា​ក៏បាន​គិត​គូរ​ផង​ដែរ​អំពី​ការ​ស្តុកទឹក​នៅ​ក្នុង​បារាយ​ណ៍​ឲ្យ​បាន​ច្រើន​សម្រាប់​ទុក​ស្រោច​ស្រព​ស្រូវ បន្លែបង្ការ របស់​ប្រ​ជា​ពល រដ្ឋ ​នៅក្នុង​រដូវ​ប្រំាង​ឲ្យបាន​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​ប្រ​ជា​ពលរដ្ឋ​ ។ លោក​រំពឹង​ថា ឆ្នំា​នេះ​ប្រាសាទ​បុរាណ​នៅ​ក្នុង​តំបន់​អង្គរ​ និង​ក្រុង​សៀមរាប​ដែល​ជា​តំបន់​ទេស​ចរ​ណ៍​ដ៏ល្បីល្បាញ​ នឹង​ចៀស​ផុត​ពី​ការ​លិច​លង់​ដោ​យ​ទឹក​ជំនន់​ រី​ឯប្រ​ជា​កសិករ​ក៏​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​បង្ក​បង្កើន​ផល​នៅ​រដូវ​ប្រាំង​ផង​ដែរ​។

ទឹក​ជំនន់​ខ្លាំង​កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន​នៅ​ក្នុង​តំបន់​អង្គរ បណ្តាលឱ្យ​បាក់​ទំនប់​តាកាវក្បែរ​ខ្លោង​ទ្វារ​ខាង​លិច​នៃ​ប្រាសាទ​​​បាយ័ន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀម​រាប​បានបង្ក​ឲ្យ​លំ​នៅ​ដ្ឋាន និងផល​ដំណាំ​របស់​ប្រជា​ពល រដ្ឋនៅក្នុង​តំបន់​នោះ និង​តំបន់​មួយ​ចំនួន​ប៉ែក​ខាង​លិច​ក្រុង​សៀម​រាប​លិចលង់ អស់ជាច្រើនថ្ងៃ​ ដោយបណ្តាល​ឲ្យ​ខូច​ខាតផលដំណាំ ផ្លូវគមនាគមន៍ និងសម្ភារ របស់ប្រជាពលរដ្ឋអស់មួយចំនួនធំ៕
ដោយ ហង្ស សៀក