Thursday, August 14, 2014

រាជរដ្ឋាភិបាលកម្ពុជាបញ្ជូនគ្រឿងចក្រនិងសម្ភារបរិក្ខារ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល

ក្បួនរថយន្ដ​មួយខ្សែ​ផ្ទុក​ទៅ​ដោយ​គ្រឿង​ចក្រ និង​សម្ភារ​បរិក្ខារ​របស់​កងកម្លាំង​វិស្វកម្ម លេខ៩៤៥ ដែលត្រៀម​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជា​ជាតិនាពេល​ខាងមុខនៅ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល បានចេញដំណើរពីវិទ្យាស្ថានបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្ដិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺឆ្ពោះទៅ កាន់កំពង់​ផែអន្ដរជាតិក្រុងព្រះសីហនុ កាលពីសប្តាហ៍មុនដើម្បីរង់ចាំការមកដល់នៃនាវា មួយគ្រឿង ដែលរ៉ាប់រង​ដោយអង្គការសហប្រជាជាតិ ក្នុងការដឹកជញ្ជូនយកគ្រឿងឧបករណ៍ទាំងនោះ។

ឯកឧត្តមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំង​រក្សាសន្ដិភាព​បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានផ្ដល់បទសម្ភាសន៍ ដល់បណ្ដាញ​សារព័ត៌មាន​ជាតិមុន​ការចេញដំណើរនៃក្បួនរថយន្ដកុងវ័រ ដោយបញ្ជាក់ថា នេះគឺជាបេសកកម្ម​លើកទី៩សម្រាប់​កងយោធ​ពល​ខេមរ​ភូមិន្ទ ក្នុងកិច្ចប្រតិបត្ដិការរក្សាសន្ដិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ហើយនេះ​ក៏ជាបេសកកម្ម​លើកទី២ផងដែរ សម្រាប់កងទ័ពមួកខៀវកម្ពុជា នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប៉ុន្ដែធ្វើឡើងនៅតំបន់​ផ្សេងគ្នា ។ 
ឯកឧត្តមមានប្រសាសន៍ថា សម្រាប់បេសកកម្មនាពេលខាងមុខនេះក្រោម ប្រធានបទ​“បេសកកម្ម​ពហុខ្នាត​រួមគ្នា នៃសហប្រជាជាតិ ដើម្បីស្ថិរភាពក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល” កម្ពុជានឹង​ធ្វើការ​​ចាត់បញ្ជូនកងកម្លាំងមួកខៀវវិស្វកម្មក្នុងកងឯកភាព លេខ៩៤៥ចំនួនសរុប២១៦នាក់ ដែលក្នុងនោះ​មានកម្លាំងនារីចំនួន៩រូប និងមន្ដ្រីថ្នាក់ជាតិ ចំនួន៤នាក់ផងដែរ បន្ទាប់ពីគ្រឿងបរិក្ខារសព្វបែបយ៉ាង សម្រាប់​​បម្រើឱ្យដល់បេសកកម្មខាងលើនេះបានទៅដល់គោលដៅនាពេលខាងមុខនេះ។

លោកឧត្ដមសេនីយ៍ត្រី លី វណ្ណារ៉ា ប្រធានជំនាញគ្រប់គ្រងសម្ភារបច្ចេកទេសសំណង់ ទទួលបន្ទុកក្នុង​ការដឹកនាំ​ក្បួន​រថយន្ដកុងវ័រទៅកាន់កំពង់ផែក្រុងព្រះសីហនុ បានប្រាប់ឱ្យដឹង ថា គ្រឿងចក្រ និងសម្ភារ​បរិក្ខារ​សម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមការត្រួតពិនិត្យយ៉ាងល្អិតល្អន់​ពី​សំណាក់​មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិសរុបជារួម មាន គ្រឿងចក្រសម្រាប់ការងារស្ថាបនាផ្លូវ ថ្នល់មានចំនួន២១គ្រឿង រថពាសដែកចំនួន៤គ្រឿង រថយន្ដតូច ធំចំនួន៥៥គ្រឿង រ៉ឺម៉កសណ្ដោង​ចំនួន២៣គ្រឿង ម៉ាស៊ីនអគ្គិសនីចំនួន១៥គ្រឿង ម៉ាស៊ីនផលិតទឹកស្អាតពីរសម្រាប់។

កុងតឺន័រគ្រប់ប្រភេទ(បន្ទប់ទឹក ផ្ទះបាយ បន្ទប់ស្នាក់នៅការិយាល័យ បន្ទប់ទុក ដាក់សម្ភារសម្រាប់ក្លា​ស្សេ)ចំនួន​៤៦កុងតឺន័រ ។ សម្ភារផ្ទះបាយ សម្ភារប្រព័ន្ធទំនាក់ទំនង ដូចជាទូរស័ព្ទ ផ្កាយរណប អាយកូម​សរុប​ជាង៩០គ្រឿង និងសម្ភារការិយាល័យផ្សេងៗ មួយចំនួនទៀត។ ដោយឡែកសម្ភារកម្ទេចគ្រឿងផ្ទុះ ឧបករណ៍កម្ទេចគ្រឿងផ្ទុះ សម្ភារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ម៉ាស៊ីនរាវរកមីនធុនរាក់ ជ្រៅ ម៉ាស៊ីនសម្រាប់បោកគក់ តង់ស្នាក់នៅលំដាប់ស្ដង់ដារ គ្រែដេក តង់ចល័ត សម្ភារមន្ទីរពេទ្យកម្រិត១ សម្ភារ​កីឡា និងអាវុធយុទ្ធភណ្ឌសម្រាប់ការពារចំនួន២៤៥ដើមក៏ត្រូវចាត់បញ្ចូលក្នុងបេសកកម្មខាងលើនេះដែរ៕
ដោយ ទូច វលក្ខណ៍