Thursday, August 14, 2014

ទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅកម្ពុជានឹងជួយជំរុញកិច្ចសហប្រតិបត្ដិការ ល្អលើវិស័យជាច្រើន

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ តាមរយៈដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូ គណៈកម្មាធិការជនជាតិវៀត ណាមនៅកម្ពុជា និងជួយជំរុញថែមទៀតនូវកិច្ចសហប្រតិបត្ដិការរវាងប្រទេស ទំាងពីរឲ្យ កាន់តែប្រសើរឡើង ពិសេសលើវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម នេះបើ  តាមប្រសាសន៍របស់លោកជំទាវឧប​នាយក​​រដ្ឋ​មន្ត្រី ម៉ែន សំអន រដ្ឋ​មន្ត្រីក្រសួង​ទំនាក់ទំនង​ជា​មួយ​​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច។

ក្នុងឱកាស​ទទួល​ជួបពិភាក្សាការងារជាមួយ​ឯកឧត្តម ហ័ងហ្ស៊ួន លឿង (Hoang Xuan Luong) អនុរដ្ឋមន្រ្ដី និង​ជាអនុប្រធានគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹក​ថ្ងៃ​ទី១៣ ខែសីហា ឆ្នំា​២០​១៤នៅ​ទីស្ដីការក្រសួង​ លោក ជំទាវ ម៉ែន ​សំអន ​បាន​​សម្តែង​នូវការ​សាទរ​ចំពោះ​ចំណងមិត្ដភាព សាមគ្គីភាព និងទំនាក់ ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតំាងពីយូរយាណាស់មកហើយ មិន​តែប៉ុ​ណ្ណោះ តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ របស់គណៈប្រតិភូគណៈកម្មាធិ​ការជនជាតិ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមនៅកម្ពុជានាពេលនេះបាន​បង្ហា​ញឲ្យឃើញ ពីការរឹតចំណងសាមគ្គីភាព មិត្ដភាពដែល មិនអាចកាត់ថ្លៃបាន ។

លោកជំទាវឧបនាយករដ្ឋមន្រ្តីបន្ដថា ដំណើរទស្សនកិច្ចនេះនឹងបង្កើនថែមទៀតនូវ កិច្ចសហប្រតិបត្ដិការ កាន់តែល្អ ពិសេស​​វិស័យ​វប្ប​ធម៌​ ទេសចរណ៍ វិនិយោគទុន កសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម មិនតែ ប៉ុណ្ណោះនឹងបានផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគទុន វៀតណាមជាច្រើនឲ្យមកធ្វើ​ការ​​វិនិ​យោគនៅកម្ពុជា មិនមានការព្រួយបារម្ភអ្វីទំាងអស់ ដោយសារវិស័យនយោបាយរ​វាង​ប្រទេសទំាងពីរមានទំនាក់ទំនងល្អជា មួយគ្នានេះ។

លោកជំទាវបានបញ្ជាក់ទៀតថា កម្ពុជា-វៀតណាមនៅតែរក្សាចំណងសាមគ្គីភាព ដោយប្រ​កាន់ភ្ជាប់នូវបងប្អូន តែមួយប្រជាជនតែមួយ និងសហគមន៍តែមួយ ។ កម្ពុជាបាន​ប្រកាន់​ភ្ជាប់​នូវយុទ្ធសាស្រ្ដ​ការប្រមូលផ្ដុំការកៀរគរ និងការបង្រួបបង្រួមជាតិ ហើយនេះគឺ ជាចំណុចខ្លំាង ដែលរាជរដ្ឋាភិបាលកម្ពុជាមិនអាចបោះបង់ចោលបានទេ​ ។ ដោយមើល ឃើញបែបនេះ​ទើបធ្វើឲ្យ​​ប្រជាជនក៏ដូចអ្នកវិនិយោគទុនវៀតណាម ​តែង​តែ​សហប្រតិបត្តិ​ការជា​មួយ​កម្ពុជាបាន​ល្អលើ​គ្រប់​វិស័យ ហើយនេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ពាណិ​ជ្ជ​កម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌ជាមួយ​គ្នាបានល្អយូរ អង្វែង ។ ការទំ​នាក់​​ទំ​នងជាមួយគ្នាដ៏ល្អនេះហើយ ដែលធ្វើឲ្យសហគមន៍អន្ដរជាតិមាន ទំនុកចិត្ដ និងបាន​មក​បណ្ដាក់ទុនរកស៊ីនៅកម្ពុជាពីមួយ​ថ្ងៃទៅមួយថ្ងៃកាន់​តែច្រើន​ឡើងឥត ឈប់ឈរ។

ឯកឧត្តម ហ័ងហ្ស៊ួន លឿង ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​កម្ពុជា​ដែល​បាន​ និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ ពិសេស​មាន​សុខ​សន្តិភាព ​សណ្ដាប់ធ្នាប់​ល្អ ដែលនេះ​ជា​ការខិតខំប្រឹងប្រែងរបស់ប្រមុខ ដឹកនំាដែលមានភាពឆ្លាតវៃ ​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ជា​នាយករដ្ឋ មន្ត្រី​ទើប​កម្ពុ​ជា​មាន​ការ​រីកចម្រើន​បែបនេះ។ ឯកឧត្តម​បន្ត​ថា​ វៀតណាម ​និង​កម្ពុជា តែងតែ មាន​ទំនាក់ទំនងដ៏ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​ ហើយឯកឧត្តមនឹង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ទុន វៀត​ណាម​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុ​ជាឲ្យកាន់តែច្រើន​​ថែមទៀត​លើគ្រប់​វិស័យ​ ក្នុង​នោះ​មានវិស័យ​កសិកម្ម ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ និង​​ជួយ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជាផងដែរ៕​
ដោយ សួស សំរិត