Thursday, August 14, 2014

ដើមឈើ៤ប្រភេទចំនួន ១៦៥.០០០ដើម បានដាំដុះឡើងវិញតំបន់ក្បាលឆាយ

ព័ត៌មាន​ដែល ​“AKP” ​​ទទួល​បាន​ពីខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រុងព្រះសីហនុ ​ឲ្យដឹងថា ​ដើមឈើគ្រញូង​ ឈើទាល​ ផ្តៀក​ និងគគីរ​ចំនួន១៦៥.០០០ដើម​ត្រូវ​បាន​ដាំដុះ​ឡើងវិញ​លើផ្ទៃដី​១៥០ហិកតា​ នៅ​តំបន់​ការពារ​ទីជម្រាល​ក្បាល​ឆាយ​ ក្នុងខេត្តព្រះសីហនុ ។

លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ បានឱ្យដឹង បន្ថែមថា ការដាំដុះដើម​ឈើទាំងអស់​នេះជា​គម្រោងរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ក្នុង ឆ្នាំ២០១៤ ហើយការដាំដុះនេះមានគោលបំណងបំពេញព្រៃរេចរឹលឡើង វិញ និងការពារប្រភពទឹកសាប ដែលមានក្នុងតំបន់សម្រាប់ការប្រើប្រាស់របស់ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុផងដែរ ព្រោះទីក្រុងព្រះសីហនុ ជាតំបន់ទេស ចរណ៍ដ៏ធំរបស់ប្រទេសកម្ពុជា ដែលមានភ្ញៀវជាតិ និងអន្តរជាតិចេញចូល កម្សាន្តពុំដាច់ មិនថាថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាឡើយ ហើយមនុស្សទាំងអស់ត្រូវ ការទឹកសាប​ចាំបាច់​សម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។

តំបន់ការពារទីជម្រាលក្បាលឆាយមានទំហំ៦ ០២៧ហិកតា ជាតំបន់ព្រៃ សុទ្ឋសាធ ដែលមានដើមឈើស្ទើរគ្រប់ប្រភេទ និងមានសត្វព្រៃដ៏ច្រើនសន្ឋឹក សន្ឋាប់ ប៉ុន្តែដោយសារសង្គ្រាមកន្លងមក និងការបំផ្លាញរបស់មនុស្ស ដែលវាតទី យកដីបានធ្វើឱ្យដើមឈើទាំងឡាយត្រូវកាប់បំផ្លាញខ្ទេចខ្ទីស្ទើរទាំងស្រុង ។

ដោយឃើញពីភាពហិនហោចដូចនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យខណ្ឌ រដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់រៀបចំការដាំដុះឡើងវិញ និងការពារឱ្យបាន ការលូតលាស់របស់ដើមឈើ ដោយធ្វើយ៉ាងណាដាំដុះ និងថែទាំព្រៃក្នុងតំបន់ ក្បាលឆាយឱ្យមាននិរន្តរភាពដូចមុន។
លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា ក្រៅពីតំបន់ក្បាលឆាយ ខណ្ឌរដ្ឋបាលព្រៃឈើបានដាំដុះដើមឈើអាយុកាល វែងទាំង៤ប្រភេទនេះចំនួន២ ២០០ដើមទៀត នៅភូមិអូរចំណារ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ក្នុងថ្ងៃរុក្ខទិវា៩កក្កដា ឆ្នាំ២០១៤កន្លងទៅនេះ ។

ពិសេសទៅ ទៀតកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះដែរ អាជ្ញាធរ មន្ត្រីរាជ ការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងយុវពាណិជ្ជករអន្តរជាតិសាខា ចតុម្មុខក៏បានដាំដុះកូនឈើ៧ប្រភេទចំនួន២ ៧០០ដើមតាមសងខាងផ្លូវចំនួន៧ ក្នុងក្រុង ដើម្បីលម្អ និងពង្រីកសោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសើរថែម ទៀត៕
ដោយ ស្វាយ កេតថាណា