Thursday, August 14, 2014

អង្គការសង្គ្រោះជនពិការខ្មែរអំពាវនាវឲ្យជនពិការមកទទួលយកការបណ្តុះបណ្តាល ជំនាញដោយឥតគិតថ្លៃ

ខេត្តសៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ​ អង្គការ​សង្គ្រោះជន​ពិការខ្មែរ ដើម្បី​ការ​ពិតនៅ ខេត្តសៀមរាបបាន​អំពាវនាវឲ្យ​ជនពិការ​ទំាង​អស់​ ដែល​មិនទាន់​មាន​ជំនាញច្បាស់​លាស់​ឱ្យមកទទួល​ យកការ បណ្តុះបណ្តាល​នៅ​ក្នុង​អង្គការដោយឥតគិតថ្លៃ​​ ដើម្បី​ទទួលបាន​ជំនាញ​មួយពិត​ប្រាកដ​អាចយក​ទៅ​ប្រកប​មុខ​របររក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ ជាពិសេសគឺដើម្បីរួម​ចំណែក​កាត់​បន្ថយអត្រាជន​ពិការ​ដើរ​សុំទាន​គេផងដែរ។

ការអំពាវនាវនេះបានធ្វើឡើង ខណៈដែល​មានជន​ពិការ​មួយ​ចំនួន​មិន​ទាន់​មាន​ជំនាញ​ច្បាស់​លាស់​សម្រាប់  ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត ហើយ​ពួក​គេ​តែង​តែ​ដើរ​សុំ​ទាន​​នៅ​តាម​ទី​សា​ធារណៈ ដែលជះឥទ្ធិពលមិនល្អ ដល់សង្គម និងទទួល រងនូវការមាក់ងាយពីសំណាក់ជនមួយចំនួនផងនោះ ទើបអង្គការ​សង្គ្រោះជន​ពិការខ្មែរបានចេញនូវការអំពាវនាវនេះ។

លោក គឹម សុវណ្ណ ប្រធាន​អង្គការ​សង្គ្រោះជន​ពិការខ្មែរដើម្បី​ការ​ពិតនៅ ខេត្តសៀមរាបបានឲ្យដឹងថា នៅ​ក្នុង​អង្គការ​របស់លោក​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ឆ្លាក់​ថ្ម​ ឆ្លាក់​ឈើ កាត់​ដេរ​ និង​តម្បាញ​ ហើយ​​រាល់​ផលិត​ផល​ទំាង​អស់​ដែល​ជន​ពិការ​បាន​ធ្វើ​គឺមណ្ឌលប្រមូលទិញ លក់ផលិតផល​ជន​ពិការអង្គរប៊ិក ឡាក់ ខេត្ត​សៀមរាប ទទួលទិញ​យក​ទំាង​អស់ ​។ លោក គឹម សុវណ្ណ បាន​ឱ្យដឹង ទៀតថា ជន​ពិការ​ដែល​បាន​មក​ទទួល​ការ​បណ្តុះ បណ្តាល​នៅ​ក្នុង​អង្គការ​របស់​លោក ​​​ពេលត្រឡប់​ទៅ​វិញ​ភាគ​ច្រើន​ជីវភាព​របស់​ពួក​គេបានធូរធារជាង​មុន​ ពោល​គឺ​ក្នុង​១ខែ​ពួកគាត់​​អាច​រក​ចំណូល​បាន​ពី​៦០​ដុល្លារ​ទៅ​១៨០​ដុល្លារ៕
ដោយ ហង្ស សៀក