Thursday, August 14, 2014

ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន៦៣គ្រួសារ នៅស្រុកកងមាសបានទទួលអំណោយសង្គ្រោះ

ប្រជាពល​រដ្ឋរងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ​ចំនួន​៦៣គ្រួសារ នៅស្រុក​កង មាស ​បាន​ទទួល​អំណោយ​ពីគណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​និងអំណោយ​កាកបាទ​ក្រហមកម្ពុជា​ តាមរយៈឯកឧត្ដម​ លន់ លឹមថៃ​ អភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយខេត្តកំពង់ចាម​ កាលពី ថ្ងៃទី១១​ខែសីហា​ ឆ្នាំ២០១៤។​

លោក មឿន ផា អភិបាលស្រុកកងមាសបានរាយការណ៍ថា ភូមិសាស្ត្រ របស់ស្រុកកងមាស ស្ថិតនៅតាម​បណ្ដោយដងទន្លេមេគង្គបានធ្វើឲ្យស្រុកងាយ រងឥទ្ធិពលពីទឹកជំនន់ ។ ជាក់ស្ដែង​ទឹកជំនន់បាន​ធ្វើឲ្យប៉ះ​ពាល់​ប្រជាពលរដ្ឋ១១ ឃុំស្មើនឹង៣.៦៨៥គ្រួសារ មាន៣.២២៤ខ្នងផ្ទះស្មើនឹងមនុស្ស១៥.៧៨៥នាក់ ប្រ ជាពលរដ្ឋចំនួន៦៣គ្រួសារបានផ្លាស់ទៅកាន់ទីទួលសុវត្ថិភាព លិចផ្លូវកៅស៊ូ ប្រវែង៣៥០ម៉ែត្រ ផ្លូវក្រួស​ក្រហមប្រវែង៧.៤៥១ម៉ែត្រ វត្តចំនួន៣វិហារឥស្លាម ១ សាលារៀន១៩ខ្នងអាគារសាលាឃុំ១កន្លែង ។ ដោយឡែកឃុំសូរគង់ និងឃុំ ពាមជីកង មានប្រជាពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ ធ្វើឲ្យស្រុតផ្ទះ និងបានរុះរើផ្ទះចំនួន៦៣គ្រួសារ។

ឯកឧត្ដម លន់ លឹមថៃ បានបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពី សំណាក់សម្តេច​ប្រមុខរាជ​រដ្ឋាភិបាល​​​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​ចំពោះប្រជាពលរដ្ឋរងគ្រោះទាំង និងសម្ដែងនូវការសោកស្ដាយជាខ្លាំងចំពោះប្រជាពលរដ្ឋ ដែលបាន​រងគ្រោះ ដោយធម្មជាតិ ជាពិសេសប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារ បាក់ច្រាំង ស្រុតផ្ទះ និងបានរើផ្ទះទាំង៦៣គ្រួសារនៅក្នុងឃុំទាំងពីរនេះ។

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅតាម ដងទន្លេតែងតែ​ទទួលរងគ្រោះ​ដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ។ ទឹកជំនន់បានធ្វើ ឲ្យមានការខូចខាតផលដំណាំ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វ ពាហនៈ និងអាយុជីវិតមនុស្ស សត្វទៀតផង ។ ឯកឧត្ដមបានផ្ដាំផ្ញើចំពោះ បងប្អូន​ប្រជា​ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ផ្សេងៗដែល ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស​ប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជនពិការ ចាស់ជរាផងដែរ ហើយទាំងអស់គ្នាក៏ត្រូវចូលរួមចំណែកអនុវត្តន៍ និងគោរព ច្បាប់ចរាចរណ៍ និងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។

អំណោយដែលផ្ដល់ជូនដល់គ្រួសាររងគ្រោះទាំង៦៣គ្រួសារ ក្នុងមួយ គ្រួសារៗទទួលបានអង្ករ៥០​គីឡូ​ក្រាម មី១កេសតូច ត្រីខ១០កំប៉ុង និងឃីត១ កញ្ចប់ ដែលរួមមាន ក្រមា១មុង១និងសារុង១​ស័ង្កសី១៥​សន្លឹក និងថវិកា១៥ម៉ឺន រៀល ៕
ដោយ ឆាយ ម៉ុត