Thursday, August 14, 2014

ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជួបពិភាក្សាគ្នាអំពីការអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយតាមរលកធាតុអាកាសផ្នែកវិទ្យុនិងទូរទស្សន៍

ក្នុងសន្និសីទលើកទី១៣ ស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ    ព័ត៌មាន តាមរលកធាតុអាកាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម    ហាស់ សំអាត អគ្គនាយករងក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី១៣នេះ មានគោល  បំណង ដើម្បីពិភាក្សាជាមួយប្រទេសជាសមាជិកក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដរបស់វិទ្យាស្ថានអាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយតាមរលកធាតុអាកាស (AIBD) ការត្រួតពិនិត្យមើលការងារ   សម្រាប់អនុវត្ដន៍នៅក្នុងឆ្នាំ២០១៥ខាងមុខ ដែលត្រូវរៀបចំការបណ្ដុះបណ្ដាល និងកិច្ចប្រជុំកំពូលលើវិស័យ ផ្សព្វផ្សាយព័ត៌មាន ពិសេសកិច្ចប្រជុំក៏នឹងផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍ លើស្ថាប័ន ការបណ្ដុះ បណ្ដាល និងការ ចំណាយថវិកាក្នុងកិច្ចប្រជុំផ្សេងៗទៀត។

ឯកឧត្តម ហាស់ សំអាត ដែលជាសមាជិកលេខាធិការដ្ឋានអាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ តាមរលកធាតុអាកាសបានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយតាម រលកធាតុអាកាសក្នុងតំបន់អាស៊ី-​ ប៉ាស៊ីហ្វិកនេះ ប្រទេសជាសមាជិកទាំងអស់នឹងខិតខំស្វែងរកយុទ្ធសាស្រ្ដធ្វើយ៉ាងណាក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ពិសេសលើការពង្រឹងយន្ដ ការនៃការផ្សព្វផ្សាយផ្នែកវិទ្យុ និងទូរទស្សន៍ឲ្យបានកាន់តែល្អ ប្រសើរ ស្របតាមការរីកមច្រើន ផ្នែកបច្ចេកវិទ្យា​នាពេលបច្ចុប្បន្ននេះ។ ។

ឯកឧត្តមបានលើកឡើងថា AIBD គឺជាស្ថាប័នមួយ ដែលត្រូវបានរៀបចំកិច្ចប្រជុំផ្នែកប្រព័ន្ធផ្សព្វផ្សាយតាម រលកធាតុអាកាសនេះឡើង ចាប់តាំងពី ឆ្នាំ២០០៤មក និងមានប្រទេស ជាសមាជិកចំនួន២៦ប្រទេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងលើកកម្ពស់ការផ្សព្វផ្សាយតាម រលកធាតុអាកាសផ្នែកវិទ្យុនិងទូរទស្សន៍ សម្រាប់ការរៀបចំយន្ដការ និងជំរុញដំណើរការអភិវឌ្ឍប្រព័ន្ធរលក ធាតុអាកាស ត្រូវមានការ គោរពតាមច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សាយឲ្យបានត្រឹមត្រូវតាមបណ្ដា ប្រទេសជាសមាជិកនីមួយៗ ។

សន្និសីទលើកទី១៣ស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយតាមលកធាតុអាកាសសម្រាប់វិទ្យុ និងទូរទស្សន៍នៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៤ ដែលកាលពីកិច្ចប្រជុំលើកទី១២ធ្វើនៅប្រទេសភូមា និងលើកទី១៤គ្រោងនឹង រៀបចំធ្វើនៅក្នុងប្រទេសថៃ៕
ដោយ អ៊ុន រិទ្ធី