Thursday, August 14, 2014

តែងតាំងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ

លោក​ រស់ ​ដាវុធ​ អនុ​មន្រ្​តីថ្នាក់​លេខ១០​ជាបេក្ខភាព​មកពី​រាជ​ធានីភ្នំពេញ ​កាល​ពីថ្ងៃ​ទី១២​ ខែសីហា ​ឆ្នាំ២០១៤​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរមុខងារ​ សាធារណៈ​ខេត្ត​ក្រចេះ​ តាម​ប្រកាស​លេខ២ ៣១៥មសប្រក​ ចុះ​ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៤​ដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្រី្តរាជការជុំវិញខេត្តជាច្រើនរូបទៀត។

លោក រស់ ដាវុធ បានសម្តែងនូវការត្រេកអរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក្រចេះ ដែលមានជំនឿទុកចិត្ត និងធ្វើការតែងតាំងរូបលោកឲ្យធ្វើជាប្រធានមន្ទីរ ដែលជាស្ថាប័នថ្នាក់ក្រោមជាតិមួយ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព តាមរយៈការប្រកាន់ខ្ជាប់នូវឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ ដែលជាលក្ខខណ្ឌចាំបាច់មួយធ្វើឲ្យសម្រេចបាននូវគោលបំណង នៃដំណើរការ កែទម្រង់ ពិសេសកំណែទម្រង់សាធារណៈ។

ឯកឧត្តម ពេជ្រ ប៊ុនធិន បានកោតសរសើរចំពោះឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដែលបានឯកភាព គាំទ្រចំពោះដំណើរការនៃការតែងតាំងប្រធានមន្ទីរ និងជួយរកទីតាំងបណ្តោះ អាសន្ន សម្រាប់ដំណើរការនៃមន្ទីរមុខងារសាធារណៈ ពិសេសគឺបានផ្តល់ទីតាំង ដីមួយកន្លែងសម្រាប់សាងសង់មន្ទីរមុខងារសាធារណៈខេត្ត ។ ឯកឧត្តមបាន ជំរុញឲ្យមន្ទីរមុខងារសាធារណៈ ត្រូវចូលរួមពន្យល់ធ្វើឲ្យដំណើរការនៃការរៀបចំតំបន់ចាត់តាំងបុគ្គលិកនេះ ដំណើរការឲ្យមានប្រសិទ្ធភាព រៀបចំដាក់មនុស្សឲ្យ ចំឲ្យត្រូវកន្លែង គឺធ្វើការដាក់មនុស្សឲ្យមានផលប្រយោជន៍ដល់ប្រទេសជាតិ បម្រើការងារដោយស៊ីសង្វាក់ ។

ឯកឧត្តម ពេជ្រ ប៊ុនធិន មានប្រសាសន៍ថា តទៅមុខនេះតាមជំហាន នៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ វិមជ្ឈការ និងសហវិមជ្ឈការ មន្រ្តីមុខងារសាធារណៈគឺជាឧបករណ៍សំខាន់ និងជាសេនាធិការជូនគណៈអភិ បាលខេត្ត ជូនក្រុមប្រឹក្សាខេត្តក្នុងការគ្រប់គ្រងមន្ត្រីរាជការ ។ ឯកឧត្តមបានលើក ឡើងថា មន្រ្តីរាជការចាប់តាំងពីមន្រ្តីធម្មតាៗឡើងទៅត្រូវចូលរួមសហការជាមួយសហការីរបស់មន្រ្តីមុខងារសាធារណៈឲ្យបានល្អប្រសើរ ដូចបាវចនា៣ របស់ក្រសួងមុខងារសាធារណៈ គឺ១-ការពារផលប្រយោជន៍សាធារណៈផល ប្រយោជន៍ប្រទេសជាតិឲ្យបានល្អប្រសើរ ។ ២-ការពារផលប្រយោជន៍ក្រសួង និងការពារផលប្រយោជន៍របស់អង្គភាព មកពីស្ថាប័នទាំងឡាយឲ្យបានល្អ ដោយឆ្លងកាត់ការបម្រើការងាររបស់មន្រ្តីរាជការ និង៣-យកចិត្តទុកដាក់ការ ពារឲ្យបានល្អប្រសើរផលប្រយោជន៍ស្របច្បាប់របស់មន្រ្តីរាជការ ៕

ដោយ ជួន សុជាតិ