Tuesday, September 11, 2012

បើក​សន្និបាត​បូកសរុប​ការងារ ទេសចរណ៍​ឆ្នាំ​២០១១​និង​ឆមាស​ទី​១​ឆ្នាំ​២០១២​និង​ទិសដៅ​អនុវត្ត​បន្ត ឆមាស​ទី​២​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៣

សៀមរាប ​៖ ​តំបន់​ទេសចរណ៍ វប្បធម៌​-​ប្រវត្តិសាស្ត្រ​ សៀមរាប​-​អង្គរ ​នៃ​ដែនដី ​សុវណ្ណ​ភូមិ​ ដែល​សម្បូរ​ទៅ​ដោយ​ ប្រាង្គ​ប្រាសាទ​រាប់​រយ​ពាន់ ​ជា​កេរ្តិ៍មរតក​ ដ៏​មហាសាល​ និង​មានតម្លៃ ​ជាស​កល ដែល​ស្ថាបត្យកម្ម ដូនតា​ខ្មែរ ​និង​ជា​សក្ខីភាព​ នៃ​មោទនភាព ​ចំពោះ​កុលបុត្រ ​កុលធីតា​ខ្មែរ​ គ្រប់​ជំនាន់​ និង​ជា​តំបន់​ទេសចរណ៍​ ប្រកបដោយ​ភាព ​ទាក់ទាញ​បំផុត​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល​ទើប​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ជា​រៀង​រាល់ឆ្នាំ​ទោះបី​បច្ចុប្បន្ន​សកលលោក​ទាំង​មួល​ កំពុង​ប្រឈម​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់​ នៃ​ការវិវត្តន៍​ថ្មីៗ ​ឥត​ឈប់ឈរ ​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន។
 វិស័យ​ទេសចរណ៍​ដែលជា​វិស័យ​មួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជា​អន្តរ​វិស័យ ដែលមាន​ទម្រង់ ប្រទាក់ក្រឡា​គ្នា ទាំង​នៅ​កម្រិត​សកល តំបន់ និង​កម្រិត​ជាតិ ហើយ​ត្រូវបាន​ចាត់ទុកជា​សមាស​ធាតុ មួយ​ដ៏​សំខាន់​ក្នុង​កិច្ច អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម និង​ការពង្រឹង​ទំនាក់ទំនង រវាង​គ្នា និង​គ្នា ពិសេស​ជំរុញ វប្បធម៌ ប្រពៃណី និង​សន្តិភាព​។​
 ពិធី​នេះ​ស្ថិត​ក្រោយ​អធិបតីភាព​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ច័ន្ទ សុផល ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត ស៊ូ ភិ​រិ​ន្ធ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​តំណាង ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ អ្នក​ប្រកប​សេវា​ខាង​វិស័យ​ទេសចរណ៍ ប្រមាណ​ជាង ៣០០​នាក់ គឺ​ប្រជុំ​នៅ សណ្ឋាគារ អង្គរ សេន​ជូ​រី ខេត្តសៀមរាប​។ ហើយ​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍ កម្ពុជា គឺជា "​ទេសចរណ៍​បៃតង​" (មាស​បៃតង​) ជា​វិស័យ​អាទិភាព​មួយ ត្រូវ បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល​។ ចំណូល​នៃ​វិស័យ​ទេសចរណ៍​ត្រូវ បាន​ចា​ត់ប​ញ្ចូល​ភ្លាមៗ ទៅក្នុង​ចរន្ត​សេដ្ឋ កិច្ច​ជាតិ រួមចំណែក​បង្កើត​ការងារ លើកកម្ពស់​ជីវភាព​រស់​នៅ ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ធ្វើ​ឲ្យ​មាន​លំនឹង​ផ្នែក​ជញ្ជីងពាណិជ្ជកម្ម និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​
 ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ នឹង​រួមចំណែក​យ៉ាងសកម្ម​ដល់​កិច្ច​អភិវឌ្ឍ ថែរក្សា ការពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ របស់​ប្រទេសជាតិ។​
 លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប បាន​រាយការណ៍​ថា ជាក់ស្តែង​ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ ២០១២​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូលមក​ទស្សនា ក្នុង​ខេត្តសៀមរាប មាន​ជាង ២​លាន ១​សែន​នាក់ គឺ​កើន ៣១,១៣% បើ​ប្រៀប​ធៀប នឹង​រយ​:​ពេល​ដូចគ្នា​ឆ្នាំ​២០១១ មក​ទស្សនា ប្រាង្គ​ប្រាសាទ វប្បធម៌ ប្រពៃណី​ សិល្ប​: របាំ សិលាចារឹក​ តំបន់​រមណីយដ្ឋាន និង​សម្បត្តិ​ដ៏​មានតម្លៃ​ជា ប្រវត្តិសាស្ត្រ ជាច្រើន​ទៀត ស្រប​នឹង​សុខ​សន្តិភាព នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា​។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ១.០៥៨.៦៥៧​នាក់ កើន ៣៤,៩៤% ធៀប​ទៅ​ឆ្នាំ​២០១១ ក្នុង​រយ​:​ពេល​ដូចគ្នា មាន​ចំនួន ៧៨៤.៥០៩​នាក់​។ លោក​បាន​បន្ត​ថា ​ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ ជាប់​លំដាប់​លេខ​១ គឺ​ជនជាតិ​កូរ៉េ មាន​ចំនួន ១៩៤.១៤៤​នាក់ កើន ១៨,៣៣% វៀតណាម លំដាប់​លេខ​២ មាន​ចំនួន ១២៧.៨៩៤​នាក់ កើន ១២,០៨% ចិន​លំដាប់​លេខ​៣ មាន​ចំនួន ៧៨.៤៣២​នាក់ កើន ៧,៤០% ជប៉ុន​លំដាប់​លេខ​៤ មាន​ចំនួន ៦៤.៦២០​នាក់ កើន ៦,១០%បន្ទាប់មក ថៃ ឡាវ រុស្សី អា​មេ​រិក បារាំង អង់គ្លេស និង​ភ្ញៀវ​មកពី​បណ្តា ប្រទេស​ផ្សេងៗ ជាច្រើន​ទៀត​។​
​ ​ដោយឡែក​នៅ​ខេត្តសៀមរាប​មាន​រមណីយដ្ឋាន​ទេសចរ​ណ៍​១៥​កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​បាន​ក្នុងនោះ​មាន​រមណីយដ្ឋាន​៧​កន្លែង កំពុងដំណើរការ​ដោយ​៣​កន្លែង​គ្រប់គ្រង​ដោយ​ឯកជន​(​មេ​ជ្រៃ​.​ចុង​ឃ្នៀ​ស​.​និង​កំពង់​ភ្លុក​) ២​កន្លែង​គ្រប់គ្រង​ដោយ​សហគម​ន៍​មូលដ្ឋាន​(​កំពង់​ឃ្លាំង និង​ត្រាវ​កុដិ​) ១​កន្លែង​កំពុង​រៀបចំ​ធ្វើ​គឺ​រមណីយដ្ឋាន​ទេសចរ​ណ៍​ខ្នារ​ពោធិ​នៅ​ស្រុក​សូទ្រនិគម។ ក្រៅពីនោះ​ទៀត​ខេត្តសៀមរាប​មាន​តំបន់​ប្រាសាទបុរាណ​ចំនួន​៥១២​កន្លែង (​ទាំង​ក្នុង​និង​ក្រៅ​តំបន់​អង្គរ​) ស្ពាន​បុរាណ​ចំនួន​៥៩​កន្លែង ផ្ទះ​បុរាណ​ចំនួន​៥៨​កន្លែង វត្ត​បុរាណ​ចំនួន​១០៣​កន្លែង​(​ក្នុងចំណោម​វត្ត​២២១​កន្លែង​) ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ណ៍​ទៅ​ទស្សនា​បាន។ បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តសៀមរាប​មាន​សណ្ឋាគារ​សរុប​ចំនួន​១៥២​កន្លែង​ស្មើ​និង​១០៨៥៤​បន្ទប់ អាផាត​មេន​សរុប​មាន​ចំនួន​៨​កន្លែង​ស្មើនិង​១៩៧​យូ​នី​ត សំរាប់​ទទួលភ្ញៀវ​ទេសច​រ​ណ៍​មក​ស្នាក់នៅ​។
​ ​នៅ​ចុងបញ្ចប់​កម្ម​វិធា​នេះដែរ​មាន​ចែកជូន​ប័ណ្ណសរសើរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចូលរួម​អនុវត្ត​​ ក៏ដូចជា​បាន​ចូលរួម​ផ្សព្វផ្សាយ ទីក្រុង​ស្អាត សេវាកម្ម​ល្អ​ផងដែរ៕
 វាសនា​