Tuesday, September 11, 2012

សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​ជំនុំ​ជម្រះក្ដី​លោក​ម៉​ម​សូណ​ង់​ដូ​និង​បក្ខពួក​

ដោយ​ ៖ សុខ​ ​ខេមរ
​ភ្នំពេញ​ ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ រហូត​មក​ដល់​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ កំពុង​ជំនុំ​ជម្រះក្ដី​លោក​ ម៉​ម​ សូណ​ង់​ដូ​ ជាមួយនឹង​បក្ខពួក​៨​នាក់​ទៀត​ ដែល​មាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោកស្រី​ ចាំង​ ស៊ី​ណាត​ ,​លោក​ចៅក្រម​ ជា​ សុខ​ហៀ​ង​,​ លោក​ចៅក្រម​ ហោ​ លី​ណា​ ជា​សមាជិក​ និង​តំណាង​អយ្យការ​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ។​
​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ជនសង្ស័យ​៩​នាក់​ ១-​លោក​ម៉​ម​ សូណ​ង់​ដូ​ ប្រធាន​ វិទ្យុ​សំបុត្រ​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​,​ ២-​លោក​ កាន់​ សុវណ្ណ​ អាយុ​៥៤​ឆ្នាំ​,​ ៣-​លោក​ទូច​ សៀម​ អាយុ​៣៣​ឆ្នាំ​,​ ៤-​លោក​ សន​ សឿ​ន​ អាយុ​៣២​ឆ្នាំ​ អ្នក​ទាំង​៤​កំពុង​នៅ​ក្នុង​ពន្ធនាគារ​,​ ៥-​លោក​ ភាន់​ ផល​ អាយុ​៨៤​ឆ្នាំ​,​ ៦-​ លោក​ ហេង​ សឿ​ន​ អាយុ​៣១​ឆ្នាំ​,​ ៧-​លោក​ ម៉ៅ​ វាសនា​ ៣២​ឆ្នាំ​,​ ៨-​លោក​ ខាត់​ សា​វឿ​ន​ អាយុ​ ៥៧​ឆ្នាំ​ និង​៩-​លោក​ ម៉ា​ ឆាង​ អាយុ​៤៧​ឆ្នាំ​ ទាំង​៥​នាក់​កំពុង​នៅ​ក្រៅ​ឃុំ​ ។​
​ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ឱ្យ​ដឹង​ថា​ ចោទប្រកាន់​ពី​បទ​ប្រឆាំង​នឹង​រាជការ​ សាធារណៈ​ មាន​ស្ថាន​ទម្ងន់ទោស​សំឡុត​គំរាម​កុបកម្ម​ ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​ កាន់កាប់​ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​ ប្រើប្រាស់​លិខិត​ ឬ​ឯកសារ​ដែល​ បង្កើត​ឱ្យ​មានការ​ភ័ន្ដ​ច្រឡំ​ និង​ញុះញង់​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ស្របច្បាប់​ ។​
​នៅ​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​នេះ​ មាន​សាក្សី​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​៨១​រូប​ និង​សាក្សី​ ដោះ​បន្ទុក​៥​រូប​ សរុប​សាក្សី​ដាក់បន្ទុក​និង​ដោះ​បន្ទុក​ចំនួន​៨៦​នាក់​ ។​
​នៅ​ក្នុង​សវនាការ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​នោះ​ទេ​ ។​ ដោយឡែក​នៅ​តាម​ផ្លូវ​ជុំវិញ​សាលាដំបូង​រាជ​ ធានី​ភ្នំពេញ​សមត្ថកិច្ច​បាន​រឹត​បន្ដឹង​សន្ដិសុខ​មិន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ទេ​ ហើយ​នៅ​តាម​ច្រក​ផ្លូវ​ឆ្លងកាត់​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​មក​ឈរ​ ត្រៀបត្រា​ ដោយ​មាន​លើក​បដា​ជា​អក្សរ​សុំ​ឱ្យ​ដោះ​លែង​លោក​ ម៉​ម​ សូណ​ង់​ដូ​ រួម​ទាំង​ការ​ស្រែក​ជយឃោស​ផង​ដែរ​ ៕