Tuesday, September 11, 2012

តុលាការ មិនឃុំខ្លួនអភិបាលស្រុកស្ទោង និងប្រជាពលរដ្ឋម្នាក់ទៀតទេ

ភ្នំពេញ​: ក្នុងករណី​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត ជា​ម្ចាស់​អាង​នៅ​តំបន់​ពីរ ឈ្មោះ ជា ប៊ុន​ហូ​វ បាន​ចូលមក​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ ដើម្បី​មក​បំភ្លឺ ក្នុងនាម​ជា​ជន ត្រូវ​ចោទ រួច​ចៅក្រម បានសម្រេច​មិន​ឃុំខ្លួន​ទេ តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការ​ត្រូតពិនិត្យ​តាមផ្លូវ​តុលាការ​។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក គន ច័ន្ទ​សីហា នាយផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​ស្ទោង បាន​ចូលមក​បំភ្លឺ​ករណី​នេះដែរ រួច​ត្រឡប់​ទៅវិញ​។​
 
​សរុបមក រហូតមកទល់​ពេលនេះ ក្នុង​សំណុំរឿង​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ខេត្តកំពង់ធំ មាន​មនុស្ស​ចំនួន ៧​នាក់ ត្រូវ​តុលាការ​ឃុំខ្លួន និង​មនុស្ស ៤ នាក់​ទៀត ត្រូវ​តុលាការ​សម្រេច​មិន​ឃុំខ្លួន រួច​អនុញ្ញាតឱ្យ​ត្រឡប់​ទៅវិញ​។ 

​ប៉ុន្តែ​នៅមាន​មនុស្ស​ចំនួន​ទៀត ដែល​តុលា​ការចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​សាកសួរ​ករណី​នេះដែរ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២ កម្លាំងចម្រុះ​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដោយ​ពុំមាន​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ គ្រាន់តែ​បាន​ដកហូត​គ្រឿងចក្រ​ប្រភេទ​អ៊ិ​ច​ស្ការ​វ៉ា​ទ័​រ ចំនួន ៤៤ គ្រឿង ទុកជា​វត្ថុតាង​។ បន្ទាប់មក នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ សមត្ថកិច្ច​បាន​បញ្ជូន​របាយការណ៍​សំយោគ មក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​ភ្ជាប់​នូវ​ឯកសារ​ភស្តុតាង​មួយចំនួន ប្រយោជន៍​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​សម្រេច​រក​ជន​ល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ ក្រោយពី​បាន​ពិនិត្យ និង​កោះហៅ​មនុស្ស​ជាប់​ពាក់ព័ន្ធ​មួយចំនួន​មក​សាកសួរ​រួច នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ផ្ទេរ​សំណុំ​រឿងនេះ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

​នៅ​ដំណាក់កាល​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ពិនិត្យ រួច​សម្រេច​ចោទប្រកាន់​មនុស្ស​ចំនួន ២៧​នាក់ អាជ្ញាធរ​ដែនដី អាជ្ញាធរ​ជំនាញ មន្ត្រី​ទទួល​អាណត្តិ​តាមរយៈ​ការបោះឆ្នោត (​មេឃុំ ជំទប់​ឃុំ​) និង​បក្ខពួក រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​នៅ​ដំណាក់កាល​នេះ តុលាការ​បានចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំខ្លួន​មនុស្ស ៦​នាក់ យកមក​សាកសួរ និង​ឃុំខ្លួន កាលពី​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ តែម្តង​។ ក្នុងនោះ​មានឈ្មោះ ជាតិ ស៊ី​វុត្ថា មុខងារ​ជា​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ​, ឈ្មោះ ពា​ញ ពូ​ល មុខងារ​ជា​មេឃុំ​សំព្រោច ស្រុក​ស្ទោង ខេត្តកំពង់ធំ​, ឈ្មោះ ម៉េង ផល្លី​, ឈ្មោះ ថាវ ទុំ​, ឈ្មោះ ធាង ធា និង​ឈ្មោះ យុ គឹម​ឡេង ភេទ​ស្រី​។​

​ចំពោះ​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ចោទប្រកាន់​នេះ ពុំមាន​ប្រភព​ណា​បញ្ជាក់​ឱ្យដឹង​ជា​ផ្លូវការ​នោះទេ គ្រាន់តែ​បង្ហើប​ថា មនុស្ស​ចំនួន ២៧​នាក់ ដែលជា​ម្ចាស់​អាង និង​តំណាង​ក្រុមហ៊ុន​នៅ​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោច និង​ឃុំ​ម្យា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ទំហំ​ប្រមាណ​មួយ​ម៉ឺន​ហិកតា បំពាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​តំបន់​នោះ​ជា​តំបន់ហាមឃាត់ ឬ​ហៅថា តំបន់​បី តាំងពី​ដើមឆ្នាំ​២០១២ មកម្ល៉េះ តាម​រូបភាព​រំកិល​បង្គោលព្រំ​សីមា រវាង​តំបន់​ពីរ​ចូលទៅក្នុង​តំបន់​បី ចាប់ពី​រាប់រយ​ម៉ែត្រ រហូតដល់​កន្លែង​ខ្លះ ដល់​ទៅ​ជាង​មួយ​ពាន់​ម៉ែត្រ​ឯណោះ ហើយ​អាង​ចាស់ៗ ដែល​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ឱ្យ​រំលាយចោល ក្នុង​ឆ្នាំ​២០១០ បានកើត​ឡើងវិញ​ស្ទើរតែ​ទាំងអស់​។ 

​ក្រៅពីនោះ មនុស្ស​ទាំង ២៧​នាក់​នេះ បានធ្វើ​អាងទឹក ដើម្បី​យក​ទឹក​លក់​ទៅឱ្យ​កសិករ សម្រាប់ធ្វើ​ស្រែប្រាំង​ជាច្រើន​កន្លែង​ទៀត ដែលមាន​ទំហំ​រាប់ពាន់​ហិកតា ស្ថិតនៅក្នុង​តំបន់​បី ដែល​ហាមផ្តាច់​មិនឱ្យ​នរណា​ប៉ះពាល់​។ ក្នុងនោះ​ពួកគេ និង​បក្ខពួក បាន​ប្រមូល​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តាមរយៈ​ការលក់​ទឹក និង​លក់​ត្រី​ដែល​នៅក្នុង​អាង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ករណី​ខាងលើនេះ បាន​ត្រូវ​តុលាការ​ចាត់ទុកជា​បទ​ល្មើស មិន​ប្តឹង​បរិហារ​បទឧក្រិដ្ឋ ឬ​ប​ទម​ជ្ឈឹ​ម​ដោយ​អ្នករាជការ​សាធារណៈ បទ បំលាស់​ទី​នៃ​គោល​ព្រំ បទ ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក និង​បទ ផ្តល់​លិខិតបញ្ជាក់​មិន​ពិត និង​ផ្តន្ទាទោស​តាមច្បាប់​ជលផល និង​ច្បាប់​ធនធានទឹក​ផងដែរ​៕