Tuesday, September 11, 2012

តំណាងគណបក្សនយោបាយ និងភ្នាក់ងារអង្គការជាង ៣.០០០ នាក់ ចូលរួមឃ្លាំមើលការចុះឈ្មោះបោះឆ្នោត

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១២ មាន​តំណាង​គណបក្សនយោបាយ​សរុប​ចំនួន ៣.៣៩៩ នាក់ និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ សរុប​ចំនួន ២៥៩ នាក់ បាន​ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​។​

​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ បាន​បង្ហាញថា គណបក្សនយោបាយ ដែល​បានដាក់​តំណាង​របស់ខ្លួន សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត រួមមាន​៖ 

១. គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​តំណាង​ពេញសិទ្ធិ និង​បម្រុង​ចំនួន ២.៥១៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ២៥៧​នាក់​។​
២. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​តំណាង​ពេញសិទ្ធិ និង​បម្រុង​ចំនួន ៨៦៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ៩៧​នាក់​។​
៣. គណបក្ស​នរោត្តម រណឫទ្ធិ បានដាក់​តំណាង​ពេញសិទ្ធិ និង​បម្រុង​ចំនួន ១០​នាក់​។​
៤. គណបក្ស​សញ្ជាតិ​កម្ពុជា បានដាក់​តំណាង​ពេញសិទ្ធិ និង​បម្រុង​ចំនួន ២​នាក់​។​
៥. គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បានដាក់​តំណាង​ពេញសិទ្ធិ និង​បម្រុង ចំនួន ២​នាក់​។​
​សេចក្ដីប្រកាស​ព័ត៌មាន​បានបង្ហាញ​ទៀតថា អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​មាន​៖
១. អង្គការ​ខុមហ្វ្រែល បានដាក់​តំណាង​ចំនួន ២៤៣​នាក់ ក្នុងនោះ​ស្រី ចំនួន ៤៩​នាក់ និង​ចល័ត ៥​នាក់​។​

​រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​រួមមាន​៖
១. មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត (IFES) បានដាក់​តំណាង​ចំនួន ៤​នាក់ ក្នុងនោះ​ស្រី​ចំនួន ២​នាក់​។​
២. វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) បានដាក់​តំណាង​ចំនួន ១២​នាក់ ក្នុងនោះ​ស្រី​ចំនួន ៨​នាក់​។​
​សូមបញ្ជាក់ថា កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​តំណាង​គណបក្សនយោបាយ គឺ​ចាប់ពី​ថ្ងៃទី​២៣ ខែសីហា រហូតដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១២​។ 
​ចំណែក​កាលបរិច្ឆេទ នៃ​ការដាក់​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ ចាប់ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ និង​កាលបរិច្ឆេទ នៃ​ការដាក់​ពាក្យ សុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ ចាប់ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៣​។​

​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។ គ​.​ជ​.​ប​. បានប្រកាសថា គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត បាន​ចំនួន ១០១.២៤៧ នាក់ ស្មើនឹង ១៦,៣៤ ភាគរយ ដែល​តួលេខ​នេះ បានទទួល​ពី​ឃុំ​-​សង្កាត់ ចំនួន ១.៥៧២ ក្នុងចំណោម​ឃុំ​-​សង្កាត់ ចំនួន ១.៦៣៣ នៅ​ទូទាំងប្រទេស​៕​