Tuesday, September 11, 2012

កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​លើក​ទី​៣០​ផ្តោត​លើ​ថាមពល​បៃតង​

            របៀបវារៈ​ស្តីពី​ថាមពលបៃតង​ រំពឹង​ថា​ត្រូវ​បាន​លើក​យក​មក​ធ្វើការ​ពិភាក្សា​ ក្នុង ​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​អាស៊ាន​ថាមពល​លើក​ទី​៣០ ​ដែល​ចាប់​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ ថ្ងៃទី​១១​ ដល់​ថ្ងៃទី​១៤ ​ខែកញ្ញា​ ឆ្នាំ​២០១២​នេះ។​លោក វិចទ័រ ហ្សូ​ណា អគ្គនាយករង នាយកដ្ឋាន​ថាមពល នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​ម្សិលមិញ​ថាកិច្ចប្រជុំ​ថ្ងៃ​ដំបូង​នេះ (​កិច្ច ប្រជុំ បច្ចេកទេស ឬ​កិច្ចប្រជុំ​ត្រៀម​) គឺជា ​កិច្ចប្រជុំ​រៀបចំ​ឯកសារ ឬ​របៀបវារៈ ដើម្បី​ដាក់ជូន រដ្ឋ មន្ត្រី​អាស៊ាន ដែល​ត្រូវធ្វើ​ការ​ពិភាក្សាគ្នា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២​នេះ​។

លោក​បន្តថា កិច្ច ប្រជុំ​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​អាស៊ាន​បៃតង ពោលគឺ​ចង់​ផ្សារភ្ជាប់​ថាមពល ដែល គ្មាន ផ្សែង​ទៅលើ​បរិយាកាស បើទោះបី​ដឹងថា ការងារ​នេះ​នឹងមិន​អាចធ្វើ​ទៅបាន​ក៏ដោយ ក៏​នៅតែ ខិត ខំប្រឹងប្រែង​ជម្នះ​។ លោក បញ្ជាក់ថា បើកាលណា​គេ​និយាយ​ពី​ថាមពលបៃតង គឺ​គេ​និយាយ ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ ថាមពលខ្យល់ វា​រី​អគ្គិសនី ជាដើម​។

ប្រភព​បញ្ជាក់ទៀតថា កិច្ចប្រជុំ​នេះ​ក៏​នឹងធ្វើ​ការពិភាក្សា​លើ​ការតភ្ជាប់ ឬ​ការ​បញ្ជូន​បណ្តាញ​ខ្សែ ថាមពល​ទៅកាន់​ប្រទេស​ជា​សមាជិក​ទាំង​១០​ប្រទេស ខណៈ​ប្រទេស​ទាំងអស់​បាន​នឹង​កំពុង ធ្វើ បទប្បញ្ញត្តិ​ស្តង់ដារ និង​ច្បាប់ ដើម្បី​ធ្វើ​ការតភ្ជាប់​ថាមពល​បាន​។ ដូច្នេះ​ការតភ្ជាប់​បណ្តាញ​ខ្សែថាមពល​ទៅកាន់​តំបន់​នេះ វា​នឹងត្រូវ​ចំណាយ​នូវ​ធនធាន​ច្រើន​បំផុត ពោលគឺ​ធនធាន​ថវិកា តែ ម្តង​។​លោក វិចទ័រ ហ្សូ​ណា​បន្តថា ការតភ្ជាប់​បណ្តាញ​ខ្សែ​ថាមពល​នេះ គឺ​ដើម្បី​ងាយស្រួល​ធ្វើ​គ្រប់ គ្រង​នូវ ការប្រើប្រាស់​ថាមពល​។​

 
​យ៉ាងណាក៏ដោយ ​បញ្ហា​សាងសង់​ទំនប់​ថាមពល​វា​រី​អគ្គិសនី​នៅ​សា​យ៉ា​បូរី​មិន​ត្រូវបាន​គេ​លើកយក​ធ្វើការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​។​

 
​តាម ​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃទី​១១ ខែកញ្ញា​នេះ គឺមាន​កិច្ចប្រជុំរដ្ឋម​ន្ត្រី​អាស៊ាន​ថាមពល​បូក បី និង​អាស៊ី​បូព៌ា ដែល​ធ្វើ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។
ថ្ងៃទី​១២ ខែកញ្ញា គឺជា​កិច្ចប្រជុំ​នៃ​វេទិកា ធុរកិច្ច​ថាមពល​អាស៊ាន​(​ការតភ្ជាប់​អាស៊ាន​បៃតង​) ដែល​នឹង​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ក្រោម​ការបើក ​ដោយ​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ថ្ងៃទី​១៣ ខែកញ្ញា គឺជា​កិច្ចសន្ទនា​រវាង​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ទាំង​១០ ជាមួយ និង​សហគ្រិនភាព និង​មន្ត្រី​ប្រតិបត្តិ​(CEO) នៅ ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ និង​ថ្ងៃទី​១៤ គឺជា​កិច្ច សន្ទនា​រវាង​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ជាមួយនិង​មន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន សហរដ្ឋអាមេរិក​( AMEM dialogue with the US-ASEAN Business Council)