Tuesday, September 11, 2012

អង្គការបរិស្ថាន ឃាត់សកម្មភាពរានដីព្រៃ នៅសំឡូត តែតុលាការថា អង្គការ គ្មានសិទ្ធិទេ

បាត់ដំបង:  ដីព្រៃ​ឈើ​របស់​រដ្ឋ នៅ​ចំណុច​អក្សរ​តេ ភូមិ​ព្រៃធំ ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង កំពុង​រង​ការកាប់បំផ្លាញ ផ្កើ​ន​អនុសាសន៍​សម្ដេច ហ៊ុន សែន ដោយ​ក្រុម​អ្នកស្រុក​ជាច្រើន​ក្រុម បាន​ស៊ីឈ្នួល​កាប់ឆ្ការ ឲ្យ​ឈ្មួញ​អ្នកមាន​ប្រាក់ យក​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​។ 

​មន្ត្រី​អង្គការ បាន​ឃាត់ខ្លួន​ក្រុម​អ្នកស្រុក​ស៊ីឈ្នួល​កាប់ឆ្ការ​ដីព្រៃ​នោះ ចំនួន ១១ នាក់ និង​ដកហូត​បាន​សម្ភារៈ​វត្ថុតាង កាំបិត និង​ម៉ាស៊ីន​រណា​ង៉ោង ២​គ្រឿង​។ ប៉ុន្តែ​ព្រះរាជអាជ្ញា អះអាងថា អង្គការ​គ្មាន​សិទ្ធិ​ទៅ​ចាប់ និង​រឹបអូស​របរ​របស់គេ​ទេ​។​

​ហេតុការណ៍​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ទាំង ១១ នាក់​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១២​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ ព្រះរាជអាជ្ញា បានសម្រេច​ដោះលែង​អ្នកស្រុក​ទាំងនោះ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
​    ​
​លោក ស៊ឹម សុជាតិ មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​អភិវឌ្ឍន៍ នៅ​ភូមិ​-​ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១ រសៀល ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១២ កម្លាំងចម្រុះ ក្នុងនោះ​មាន អាវុធហត្ថ​ស្រុក​សំឡូត កម្លាំង​ទាហាន​វរៈ​ការពារ​ព្រំដែន លេខ​៣១០ និង​នាយរង​ប៉ុស្ដិ៍នគរបាល ឃុំ​កំពុង​ល្ពៅ និង​កម្លាំង​អង្គការ​ការពារ​បរិស្ថាន​អភិវឌ្ឍន៍ ប្រចាំ​ស្រុក​សំឡូត បាន​ចុះទៅ​ឃាត់ខ្លួន​អ្នកស្រុក ចំនួន ១១​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ដីព្រៃ​របស់​រដ្ឋ នៅ​ចំណុច​អក្សរ​តេ ក្នុងភូមិ​ព្រៃធំ ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ 

​លោក​បន្ថែមថា ក្នុង​ប្រតិបត្តិការ​នោះ ខាង​កម្លាំងចម្រុះ និង​អង្គការ​ការពារ​បរិស្ថាន​អភិវឌ្ឍន៍ បាន​ដកហូត​បាន​កាំបិត​ខ្វែវ​ចំនួន​៧(​កាំបិត​បាក់​ផ្លែ​មួយ​) ម៉ាស៊ីន​រណា​ង៉ោង (​ម៉ាស៊ីន​ត្រង់សឺន័រ​) ចំនួន ២​គ្រឿង ដង​ឡា​ម​ចំនួន ២​ដើម ច្រវាក់​ចំនួន ២​ខ្សែ (​ច្រវាក​កាត់ឈើ​) យកមក​ប៉ុស្ដិ៍នគរបាល​ឃុំ​កំពុង​ល្ពៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​អធិការដ្ឋាន​នគរបាល ស្រុក​សំឡូត ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ពាក់ព័ន្ធ​ករណីនេះ លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ ថា លោក ស៊ឹម សុជាតិ ជា​មន្ត្រី​អង្គការ​មួយ មិនមែនជា​មន្ត្រីនគរបាល​យុត្តិធម៌​ទេ ហើយ​ទៅ​ចាប់​ដកហូត​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​យកមក ដោយ​គ្មាន​បាន​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច (​ព្រះរាជអាជ្ញា​អម​តុលាការ​)​។ មន្ត្រី​អង្គការ​នោះ បាន​ចោទថា មានការ​កាប់បំផ្លាញ​ព្រៃ​រាប់រយ​ហិកតា ហើយ​ថា សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន ឬ​ជំនាញ បែរជា​មិនដឹង​រឿង​នោះ​ទៅវិញ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដីព្រៃ​របស់​រដ្ឋ ប្រមាណ​ជា ២៥០​ហិកតា នៅ​ចំណុច​ទឹក​ពុល ក្នុងភូមិ​ព្រៃធំ ជាប់​ព្រំប្រទល់​ស្រុក​គាស់ក្រឡ រង​ការកាប់បំផ្លាញ​យក​ដីកា​ន់​កាប់​ធ្វើ​កម្មសិទ្ធិ ដោយ​អ្នកមាន​ប្រាក់​ម្នាក់​ឈ្មោះ នៅ ធាន​។​
 
​ចំណែក​ដីព្រៃ​មួយកន្លែង​ទៀត​ប្រមាណ ១២០ ហិកតា (​នៅ​សងខាង​ផ្លូវ​) រង​ការកាប់បំផ្លាញ​ដែលមាន​មេភូមិ​ម្នាក់​ឈ្មោះ ស្ងួន ឌៀប​។ ដីព្រៃ​នៅ​ចំណុច​ឱ​ចំបក់ (​ហៅ វាល​ចំបាំង​) ក្នុងភូមិ​ព្រៃធំ រាប់រយ​ហិកតា កំពុង​ត្រូវ​អ្នកស្រុក​កាប់បំផ្លាញ​យក​ដី​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​។ 

​ដីព្រៃ​នៅ​ចំណុច​វត្ត​ថ្មី​វាល​ចំបាំង ក្នុងភូមិ​ព្រៃធំ ប្រមាណ ១០០​ហិកតា កាប់បំផ្លាញ​ដោយ​ក្រុម​អ្នកស្រុក​ដែរ មកដល់​បច្ចុប្បន្ននេះ ដោយ​គ្មាន​នរណា ទប់ស្កាត់​ទេ​។​
​    ​
​យោងតាម​កំណត់ហេតុ​សាកសួរ​អ្នកស្រុក​ទាំង ១១​នាក់ ក្នុងនោះ ឈ្មោះ សួស ហយ អាយុ ៤២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត បាន​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​ថា ពួកគាត់​ទាំង ១១​នាក់ គឺ​ស៊ីឈ្នួល​កាប់​ដីព្រៃ​នៅ​ចំណុច​អក្សរ​តេ ក្នុងភូមិ​ព្រៃធំ ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ពិតប្រាកដ​មែន ដោយ​ទទួលបញ្ជា​ពី​លោក ហេង គឹម​នី ជា​អ្នក​ជួល​កាប់ឆ្ការ​ក្នុងតម្លៃ មួយថ្ងៃ ១៥.០០០ រៀល ក្នុង​ម្នាក់ៗ​។​
​    ​    ​
​ពាក់ព័ន្ធ​រឿងនេះ​ដែរ លោក លី ជួ​បៀ​ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ភូមិ​ព្រៃធំ ឃុំ​កំពុង​ល្ពៅ​នោះ ដែល​លោក ស៊ឹម សុជាតិ មន្ត្រី​អង្គការ​ការពារ​បរិស្ថាន អះអាងថា មាន​កាប់បំផ្លាញ​ព្រៃរបស់​រដ្ឋ ដោយ​ក្រុម​ឈ្មួញ ឬ​អ្នកស្រុក​នោះ គឺ​លោក​បានទទួល​ព័ត៌មាន​នេះដែរ ប៉ុន្តែ​កម្លាំង​ជំនាញ​មេព្រៃ នឹង​ចុះទៅ​ពិនិត្យមើល​នាពេល​ឆាប់ៗ​នេះ​៕​