Tuesday, September 11, 2012

បញ្ជ្រាប​យេ​ន​ឌ័​រ​ស្ដ្រី​ក្នុង​ផែនការ​ស្ថិតិ​នៅ​ថ្នាក់​សង្កាត់​ខណ្ឌ​១៧២​រូប​

ដោយ​ ៖ សំរិត
​ភ្នំពេញ​​ ៖​ នារី​ជា​ក្រុមប្រឹក្សា​សង្កាត់​ ក្រុមប្រឹក្សា​ខណ្ឌ​ប្រមាណ​១៧២​រូប​មក​ពី​៩៦​សង្កាត់​ និង​៩​ខណ្ឌ ​ក្នុង​រាជធានី​ភ្នំពេញ​បាន​មក​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ ស្ដី​ពី​បញ្ហា​យេ​ន​ឌ័​រ​ យុទ្ធសាស្ដ្រ​ប​ញ្ជ្រ​ប​យេ​ន​ឌ័​រ​ ក្នុង​ផែនការ​ស្ថិតិ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ដ្រី​និង​កុមារ​នៅ​សាលារ​ជ​ធានី​នា​ព្រឹក​ថ្ងៃ​ទី​១១​ កញ្ញា​ ឆ្នាំ​២០១២​ ។​
​លោកស្រី​ ទូច​ សា​រ៉ុ​ម​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​  បើ​និយាយ​ពី​ការ​បញ្ជ្រាប​ យេ​ន​ឌ័​រ​គឺ​យើង​បាន​ចាប់​អនុវត្ដ​តាំងពី​ឆ្នាំ​២០០៣​មក​ម្លះ​ សម្រាប់​រាជធានី​ភ្នំពេញ​ដែល​កាលនោះ​មានឈ្មោះ​ថា​ (​កម្មវិធី​សិលា​)​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​(UNDP)​, (ADB)​ និង​ក្រោយមក​ទៀត​មានការ​ប្ដូរ​ឈ្មោះ​ជា​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​រយៈពេល​១០​ឆ្នាំ​ (២០១០​-២០១៩)​ ។​ ដូច្នេះ​យើង​ធ្វើការ​បញ្ជ្រាប​យេ​ន​ឌ័​រ​អស់​រយៈពេល​ជាង​៩​ឆ្នាំ​មក​ហើយ​ ។​ លោកស្រី​ ទូច​ សា​រ៉ុ​ម​ នៅ​តែ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​បញ្ហា​យេ​ន​ឌ័​រថា​ ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ និង​ឥរិយា​បទ​ថ​របស់​មនុស្ស​ត្រូវការ​ពេល​ វេលា​យូរ​ វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ឬ​អាច​និយាយ​បាន​ថា​ ការ​ប្រើ​កម្លាំង​សរុប​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​នៅ​មូលដ្ឋាន​ ដើម្បី​ឱ្យ​គេ​យល់​ទើប​គេ​ចូលរួម​ ។​
​លោកស្រី​ គឹ​ម​ ស៊ី​ផា​ន់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ ​ក្រសួង​កិច្ចការ​នារី​ បាន​បញ្ជាក់​ថា​ គោលបំណង​កម្មវិធី​បញ្ជ្រាប​យេ​ន​ឌ័​រ​ស្ដ្រី​ទៅ​ក្នុង​ផែនការ​ស្ថិតិ​ គឺ​ចង់​បង្កើន​ និង​លើកកម្ពស់​ស្ដ្រី​ឱ្យ​យល់​ដឹង​ពី​បញ្ហា​យេ​ន​ឌ័​រ​រួមការ​ងារ​អភិវឌ្ឍន៍​សង្គម​ជាតិ​ និង​ការងារ​នយោបាយ​ ការទូត​ ។​ យើង​ចង់​លើកកម្ពស់​ស្ដ្រី​ឱ្យ​យល់​ដឹង​ពី​ការ​អនុវត្ដ​សកម្មភាព​ក្នុង​ផែន​ ការ​ជាតិ​នានា​  និង​ពី​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ដ្រី​ និង​កុមារ​នៅ​ថ្នាក់​រាជធានី​ ត្រូវ​ផ្ដល់​បន្ដ​ទៅ​ថ្នាក់​ខណ្ឌ​ សង្កាត់​ឱ្យ​មាន​ការយ់​ដឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​នារី​ ជា​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ សង្កាត់​ និង​ខណ្ឌ​នេះ​យក​ទៅ​អនុវត្ដ​បន្ដ​នៅ​ថ្នាក់​មូលដ្ឋាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ។​ លោកស្រី​បញ្ជាក់​ទៀត​ថា​ ស្ដ្រី​និង​បុរស​មាន​សិទ្ធិ​ចូលរួម​ និង​ទទួលផល​ស្មើគ្នា​ ។ ​ស្ដ្រី​និង​បុរស​មាន​ភាព​ស្មើគ្នា​ក្នុង​ការ​ទទួល​បាន​ព​ត៌​មាន​ ធនធាន​ និង​សេវាកម្ម​ កម្មវិធី​ដូច​គ្នា​ ។​ ស្ដ្រី​និង​បុរស​មាន​លទ្ធភាព​ស្មើគ្នា​ក្នុង​ការ​ត្រួតពិនិត្យ​លើ​សេចក្ដី​សម្រេចចិត្ដ​ ស​មិ​ទិ្ធ​ផល​របស់​កម្មវិធី​អន្ដរាគមន៍​ ។​ ដោយឡែក​ស្ដ្រី​ចូលរួម​ក្នុង​កម្មវិធី​ផែនការ​វិញ​គឺ​ ស្ដ្រី​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ដោយ​ស្វ័យប្រវត្ដិ​ពី​កម្មវិធី​ទូទៅ​ ។​ កម្មវិធី​ដែល​ទទួល​បាន​រៀបចំ​ឡើង​ ផ្អែក​លើ​តួនាទី​តំណាង​នៃ​យេ​ន​ឌ័​រ​ ។​ ស្ដ្រី​ត្រូវ​តែ​មានកម្ម​វិធី​ដាក់​បន្ថែម​ លើ​តួនាទី​យេ​ន​ឌ័​រ​ ក្រោយ​ពេល​ដែល​ការ​រៀបចំ​គម្រោង​ត្រូវ​បាន​បញ្ចប់​ ៕​