Tuesday, September 11, 2012

មតិ​មិត្ដ​អ្នក​អាន ៖​ ​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្ទឹង​មាន​ជ័យ​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ផង​

ដោយ​ ៖ នស្សិតឆ្នាំទី៣
​ខ្ញុំបាទ​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ ដែល​បច្ចុប្បន្ន​នេះ​ខ្ញុំ​ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ សូម​គោរព​ចូល​មក​ នាយក​កាសែត​នគរវត្ដ​ស្នើ​សុំ​ជួយ​ចុះ​ផ្សាយ​អត្ថបទ​របស់ខ្ញុំ​ក្រោម​ចំណងជើង​ថា​ “​អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្ទឹង​មាន​ជ័យ​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​ រុ​ស្ស៊ី​ (​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​)​ផង​”​ ដោយ​ក្ដី​អនុគ្រោះ​ ។​
​ជា​រឿយៗ​ខ្ញុំ​តែង​សង្កេត​ឃើញ​កាសែត​នគរវត្ដ​មាន​ចុះ​ផ្សាយ​អំពី​មតិ​លិខិត​មិត្ដ​ អ្នក​អាន​ដែល​ផ្ញើ​ទៅ​ការិយាល័យ​និពន្ធ​កាសែត​នគរវត្ដ​ ។​ ត្រង់​ចំណុច​នេះ​ខ្ញុំ​ចាប់​ អារម្មណ៍​ ពីព្រោះ​ថា​លិខិត​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សរសេរ​រៀបរាប់​ពី​ការ​ពិត​ ដែល​បាន​កើតឡើង​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ។​ ចំណែក​ខ្ញុំ​ក៏​មាន​លិខិត​មួយ​ ចង់​និយាយ​អំពី​ភាព​អនាធិបតេយ្យ​ឬ​ការ​លក់ដូរ​ឥត​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​មិត្ដភាព​ ខ្មែរ​-​សូ​វៀត​នេះ​ដែរ​ ។​
​នៅ​ពេល​ល្ងាច​ចាប់ពី​ម៉ោង​ប្រមាណ​៥​រហូត​ដល់​យប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​ ២៧១​ ខាង​មុខ​មន្ទីរពេទ្យ​ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ្ញុំ​តែងតែ​សង្កេត​ ឃើញ​ក្រុម​អាជីវករ​លក់ដូរ​មួយ​ចំនួន​នៅ​ទីនោះ​បាន​ដាក់​តាំង​លក់ដូរ​ម្ហូបអាហារ​ លយ​លៀន​ចូល​ដល់​ផ្លូវ​លេខ​២៧១​ជា​រៀងរាល់ថ្ងៃ​ ។​ អ្នក​លក់ដូរ​ទាំងនោះ​មិន​ គិតគូរ​អំពី​ការ​កកស្ទះ​ចរាចរ​នា​វេលា​ល្ងាច​នោះ​ទេ​ ពីព្រោះ​ថ្មើរ​ហ្នឹង​នៅ​មុខ​មន្ទីរ​ ពេទ្យ​រុ​ស្ស៊ី​កកស្ទះ​ចរាចរ​ជា​រឿយៗ​អាស្រ័យ​ដោយ​ការ​តាំង​លក់​របស់របរ​ម្ហូបអាហារ​ លយ​ចូល​មក​ផ្លូវ​លេខ​២៧១​ ដែល​ធ្វើ​ឱ្យ​អ្នក​ឈប់​ទិញ​ម្ហូបអាហារ​ និង​របស់របរ​ ទាំងនោះ​ចត​ម៉ូតូ​ រថយន្ដ​កាន់តែ​ហៀរ​ចូល​ស្ទើរតែ​ដល់​ទ្រូងផ្លូវ​ ។​ បញ្ហា​នេះ​ហើយ​ នាំ​ឱ្យ​កកស្ទះ​ចរាចរ​ និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ ។​
​ការ​លក់ដូរ​មិន​បាន​គិតគូរ​អំពី​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​ ហើយ​បែរជា​គិត​ ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពុំ​មែន​ជា​ប្រការ​ល្អ​នោះ​ទេ​ ។​ ចំណោទ​នេះ​ពុំ​មែន​ជា​ការ​ ហាមប្រាម​ដល់​អាជីវក​រទាំង​អម្បាលម៉ាន​នោះ​មិន​ឱ្យ​លក់​នៅ​ទីនោះ​ឡើយ​ ប៉ុន្ដែ​ ការ​លក់ដូរ​រាល់​ទំនិញ​សព្វសារពើ​គួរតែ​លក់ដូរ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ កុំឱ្យ​លយ​លៀន​ចូល​ស្ទើរតែ​ដល់​ទ្រូងផ្លូវ​ទៅ​ហើយ​នោះ​ ។​ ក្រុម​អាជីវករ​អាច​លក់ដូរ​ ដោយ​កុំ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​តាំង​លក់​ម្ហូបអាហារ​ របស់របរ​ដោយ​ភ្លេច​ គិត​អំពី​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ ។​ និយាយ​បែប​នេះ​ពុំ​មែន​ចោទប្រកាន់​មួល​បង្កាច់​ដល់​ក្រុម​អាជីវករ​មួយ​ចំនួន​ទៀត​ដែល​លក់ដូរ​មាន​របៀបរបប​នោះ​ទេ​ ។​
​ការ​លក់ដូរ​មាន​របៀបរៀបរយ​មិន​បង្ក​ឱ្យ​កកស្ទះ​ចរាចរ​វា​ជា​ការ​រួមចំណែក​កាត់​ បន្ថយ​គ្រោះថ្នាក់​ទាំងអស់​គ្នា​ ហើយ​សាមីខ្លួន​ក៏​អាច​លក់ដូរ​ដោយ​សុខ​ស្រួល​ផង​ដែរ​។​ បើ​ទោះបីជា​អាជីវករ​លក់ដូរ​អនាធិបតេយ្យ​ក៏​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ និង​ សមត្ថកិច្ច​សង្កាត់​ស្ទឹង​មាន​ជ័យ​ ឬ​ក៏​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​យកចិត្ដ​ ទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ​ដែរ​ ។​ ដោយ​គេ​បណ្ដែតបណ្ដោយ​ឱ្យ​អាជីវករ​ មួយ​ចំនួន​លក់ដូរ​រញ៉េរញ៉ៃ​ទៅ​វិញ​ ប្រការ​នេះ​អាច​បណ្ដាល​មក​ពី​សមត្ថកិច្ច​បាន​ ទទួល​លាភ​សក្ការ​ពី​ក្រុម​អាជីវករ​ទាំងនេះ​ ទើប​មិន​ចាប់​វិធានការ​រៀបចំ​របៀប​ រៀបរយ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ចរាចរ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ។​
​ខ្ញុំ​សង្ឃឹមថា​ នៅ​ពេល​ដែល​កាសែត​នគរវត្ដ​ចេញផ្សាយ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រៀប​ រាប់​មកនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិតជា​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ឡើង​វិញ​ ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរ​នា​វេលា​ល្ងាច​ និង​កាត់​ បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផង​ដែរ​ ។​
​ជា​ចុងបញ្ចប់​ខ្ញុំ​សូម​ជូនពរ​ដល់​នាយក​កាសែត​នគរវត្ដ​ និង​បុគ្គលិក​ទាំងអស់​ ព្រមទាំង​ប្រជាពលរដ្ឋ​អ្នក​អាន​កាសែត​នគរវត្ដ​ឱ្យ​សមប្រកប​តែ​ពរ​៥​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ ប​ដិ​ភាណៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕​​