Tuesday, September 11, 2012

ថវិកាជាង ២០ លានដុល្លារ សម្រាប់បម្រើការបោះឆ្នោតឆ្នាំ២០១៣

ភ្នំពេញ: ថវិកា​សម្រាប់​បម្រើ​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែលមាន​ទាំង​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង ២០​លាន​ដុល្លារ​។ នេះ​បើតាម​ការលើកឡើង​របស់លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ ក្នុង​កិច្ចប្រជុំ​រវាង គ​.​ជ​.​ប ជាមួយ គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ​ការប្រព្រឹត្តទៅ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​លោក ទេព នីថា បាន​បន្ថែមថា តាម​ចំនួន​ប្រជាពលរដ្ឋ​ប៉ានស្មាន​ដែល​ត្រូវ​បោះឆ្នោត គ​.​ជ​.​ប ត្រូវ​ចំណាយ​ ក្នុង​ម្នាក់​ចំនួន ២,១៤ ​ដុល្លារ ហើយ​បើ​ប្រៀបធៀប​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ និង​ឆ្នាំ​២០១១ ​កន្លងទៅ នៅ​ឆ្នាំនេះ ត្រូវ​ចំណាយ​លើស​ប្រហែល​ជិត ១​លាន​ដុល្លារ​។​

​លោក​អគ្គលេខាធិការ​ បា​ន​លើកឡើងថា “​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​​ឆ្នោត បើ​ប្រៀបធៀប​ការចំណាយ​ជាមួយ​ប្រទេស​ផ្សេងៗ យើង​មានការ​សន្សំ​សំចៃ​​​ខ្លាំងណាស់ ព្រោះថា ដើម្បី​ថែរក្សា​ឈ្មោះ​មួយ ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង ១​ឆ្នាំ ដែល​មិន​មាន​ការបោះឆ្នោត យើង​ចំណាយ​ប្រហែលជា​លុយ​តែ ៦​រយ​រៀល​លុយ​ខ្មែរ​ទេ ហើយ​​​បើ​ឆ្នាំមាន​ការបោះឆ្នោត យើង​ចំណាយ​ប្រហែល ១.៧០០ ទៅ ១.៨០០ ​រៀល​ទេ។ អ៊ីចឹង​​អត់​បាន​កន្លះ​ដុល្លារ ​សម្រាប់​មនុស្ស​ម្នាក់”​។​

​សូមជម្រាបថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល ៤២​ថ្ងៃ ដោយ​ចាប់ពី​ផ្ដើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ គឺជា​ការកសាង​បញ្ជី​បោះឆ្នោត​មួយ​ សម្រាប់​បម្រើការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​