Tuesday, September 11, 2012

គ.ជ.ប ផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីផ្សព្វផ្សាយអំពី ការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

លោក ឃ្លោក ប៊ុនឌី សមាជិក គ.ជ.ប ដែលជាអ្នកដឹកនាំកិច្ចប្រជុំ បានលើកឡើងថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ កន្លងមកនេះ គ.ជ.ប បានឲ្យលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត បង្កើតជាមជ្ឈមណ្ឌលស្វែងរកឈ្មោះអ្នកបោះឆ្នោត នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត តាមប្រព័ន្ធអ៊ីនធឺណិត www.voterlist.org.kh ដើម្បីផ្ដល់ជូនព័ត៌មានដល់អ្នកបោះឆ្នោត ឲ្យបានងាយស្រួលថែមទៀត សម្រាប់ការរកឈ្មោះ ក្នុងក្របខ័ណ្ឌក្នុងការពង្រីក និងលម្អសេវាសាធារណៈ។

លោក ឃ្លោក ប៊ុនឌី បានបន្តថា គិតចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០១២ ប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត បានចំនួន ១០១.២៤៧ នាក់ ស្មើនឹង ១៦,៣៤ ភាគរយ ដែលតួលេខនេះ បានទទួលពីឃុំ-សង្កាត់ ចំនួន ១.៥៧២ ក្នុងចំណោមឃុំ-សង្កាត់ ចំនួន ១.៦៣៣ នៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា បើប្រៀបធៀបទៅនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១១ នៅក្នុងឆ្នាំ២០១២នេះ គ.ជ.ប បានធ្វើការកែលម្អច្រើន ទាំងនីតិវិធី ទាំងការអនុវត្តន៍ជាក់ស្ដែង។ 

លោកបានឲ្យដឹងថា ចំណុចដែល គ.ជ.ប កែលម្អថ្មី ទី១. ទាក់ទងនឹងការអប់រំសាធារណជន អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទី២. ការបណ្ដុះបណ្ដាលមន្ត្រីបុគ្គលិក និងការអនុវត្តន៍ការងាររបស់មន្ត្រីចុះឈ្មោះបោះឆ្នោត ទី៣. ការបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀនឃុំ-សង្កាត់ និងទី៤. ទាក់ទងនឹងឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារផ្សេងៗ។

លោក ទេព នីថា បានបន្ថែមទៀតថា សម្រាប់និយោជិតធ្វើការតាមបណ្ដារោងចក្រសហគ្រាស ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើសេចក្ដីជូនដំណឹងដល់រោងចក្រ និងសហគ្រាស អនុញ្ញាតឲ្យនិយោជិតឈប់សម្រាកពី ១ថ្ងៃ ទៅ ៣ថ្ងៃ។ លោកបញ្ជាក់ឲ្យដឹងថា ការឈប់សម្រាកតែ ១ថ្ងៃ គឺនៅថ្ងៃទី១២ ខែតុលា ដែលជាថ្ងៃចុងក្រោយ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ការឈប់សម្រាក ២ថ្ងៃ គឺពីថ្ងៃទី១២-១៣ ខែតុលា។ ការឈប់សម្រាក ៣ថ្ងៃ គឺពីថ្ងៃទី១១-១២-១៣ ខែតុលា។ 

គួរបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានរយៈពេល ៤២ថ្ងៃ ចាប់ពីផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ គឺជាការកសាងបញ្ជីបោះឆ្នោតមួយ សម្រាប់បម្រើការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕