Tuesday, September 11, 2012

អា​ក្រពើ​ដឹកឈើ​គ្រញូង​ឃ្លាន​ស៊ី​បង្អែម​ ម្ចាស់​រត់​ព្រលឹង​ចុង​សក់ ​

កំពង់ធំ ​៖​ គ្រោះថ្នាក់​ចរាចរ​ មួយ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​ស្រយូវ ដោយសារតែ​មាន​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​បាន​ជ្រុល​ស​ចង្កូត​មក​បុក​រះ​ តូប​បង្អែម​ និង​តូប​លក់​ផ្លែឈើ ​ម្ចាស់​តូប ​រត់​ព្រលឹង​ចុង​សក់​ សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​ជីវិត។
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​វេលា​ម៉ោង ១​នាទី នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១២ ​នៅ​ចំនុច​ភូមិ ​ប៉ុក​យ៉ុ​ក​ សង្កាត់​ស្រយូវ​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ ​ មាន​រថយន្ត​មួយគ្រឿង ប្រភេទ រថយន្ត​សេរី​ខ្ពស់ គេ​និយម​ហៅថា អា​ក្រពើ ពណ៌ ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-1200 បាន​បើក​បុក​រះ​នៅ ចំនុច​មុខ​ផ្សារ​ស្រយូវ បណ្តាល​ឲ្យ​តុ​លក់​បង្អែម និង​លក់​ផ្លែឈើ​មុខ​ផ្សារ ត្រូវបាន​ក្រពប់​ដូច​គេ​ជះ​ចោល​ទាំង ស្រុង ហើយ​រថយន្ត​បាន​រអិល​ទាំង​ទទឹង​ទៅ​ទើរ​ក្នុង​រោង​របស់​ផ្សារ សំណាងល្អ​ករណីនេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ តែ​ទោះយ៉ាងណា​ ក៏បាន​ធ្វើ​ឲ្យ​អ្នកលក់​បង្អែម និង​លក់​ផ្លែឈើ របួសធ្ងន់​ម្នាក់ ស្រាល ម្នាក់ ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឃុ​ត លី​មៃ ភេទ ស្រី អាយុ ១៦​ឆ្នាំ ទទួលរង​របួសស្រាល រស់នៅ​ភូមិ ភូមិ​ត្រពាំងវែង សង្កាត់ ស្រយូវ ខេត្តកំពង់ធំ និង​ម្នាក់ ឈ្មោះ​ធិ​ន គឹម​ធី ភេទ ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ កើតហេតុ របួសធ្ងន់ បែកក្បាល និង​បាក់ដៃ។
​ ​ក្រោយពី​កើតហេតុ​ ត្រូវ​បាន​លោក អនុសេនីយ៍ឯក គុំ គឹម​អុន កំលាំង​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងសែន សហការ​ជាមួយ​កំលាំង​ផ្នែក កំលាំង​សង្កាត់​កំពង់ស្វាយ កំលាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​ចុះ​ទៅពិនិត្យ​នៅក្នុង​រថយន្ត ប្រទះឃើញ​មាន​ឈើ​គ្រញូង ជាច្រើន​កំណាត់ ដែលមានមុខ​២៥​ទៅ ៣០ ជាច្រើន​សន្លឹក​បាន​ផ្ទុក​នៅក្នុង​រថយន្ត ចំណែក​តៃកុង​រថយន្ត​ក្រោយពី​កើតហេតុ​បាន ​ចេញពី​រថយន្ត​ហើយ ដាក់​មេ​ប្រូច​បាត់ស្រមោល ។​
​ ​លោក អនុសេនីយ៍ឯក គុំ គឹម​អុន កំលាំង​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងសែន​ បាន​ឲ្យ​ដឹងថា រថយន្ត​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​ ចំណែក​​ឈើ​ដែលមាន​ចំនួន ជិត​២០​ដុំ ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ធំ រក្សាទុក៕

ប៊ុនរដ្ឋា​